Saturday, November 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះ.../ផ្ទះលក់គ្រឿងជ័រ ខូចខាត២ម៉ឺនដុល្លារ

ភ្លើងឆេះ…/ផ្ទះលក់គ្រឿងជ័រ ខូចខាត២ម៉ឺនដុល្លារ

ខេត្តស្វាយរៀង ៖ ផ្ទះល្វែងជាន់ទី១ ដែលជាផ្ទះលក់គ្រឿងជ័រ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យរងការខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ ដែលគិតជាទឹកប្រាក់ប្រមាណជិត ២ម៉ឺនដុល្លារ និងបង្កឱ្យភ្ញាក់ផ្អើលប្រជា ពលរដ្ឋ សមត្ថកិច្ចបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះល្វែងលក់គ្រឿងជ័រ ១កន្លែង ក្បែរផ្សារអន្តរជាតិក្រុងបាវិត ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះសៀង សុភារី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់គ្រឿងជ័រ ស្ថិតនៅផ្សារអន្តរជាតិក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពដដែល បន្តថា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានករណីអគ្គិភ័យឆេះផ្ទះល្វែងនៅក្នុងផ្សារអន្តរជាតិបាវិត ភ្លាម កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ត្រី គ្រុយ សុខឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះអន្ត រាគមន៍ជួយពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៨រឿង  ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្តស្វាយរៀង ចំនួន៣គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន៤គ្រឿង។

 យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា មូលហេតុដែលនាំឱ្យកើតមានករណីអគ្គិភ័យខាងលើ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី បង្កឱ្យខូចខាតទ្រព្យសម្បត្តិ គិតជាទឹកប្រាក់ ប្រមាណជិត២មឺនដុល្លារ តែមិនបង្កឱ្យឆេះរាលដាលដល់លំនៅឋានក្បែរខាងឡើយ៕

RELATED ARTICLES