ភ្នំពេញ៖តារាកូន១នាងទេព បូព្រឹក្ស ហៅស្រីនិច្ច បានក្រើនរំលឹកស្វាមីនាងលោកងួន ចាន់ដេវីត ជាលើកទី២ នោះគឺរឿង«រៀបការ » ដែលការបង្ហាញសញ្ញាធ្វើជាកូនក្រមុំមែនទែន ២លើកជាប់ៗគ្នាពោលគឺតែជាង៣ សប្ដាហ៍ ប៉ុណ្ណោះស្រីនិច្ច សួរនាំប្ដីរឿងរៀបអាពាហ៍ ពិពាហ៍ ដល់បទៅ២លើក ហើយមិនធ្លាប់មានរឿងបែបនេះពីមុនឡើយ ក្រោយពួកគេចាប់ដៃគ្នាជាង៩ឆ្នាំ ។ប៉ុន្ដែស្រីនិច្ច មិនទាន់ទទួលបានចម្លើយនៃការសន្យាជាក់លាក់ណាមួយពីដេវីត ឡើយ បើទោះជានាងប្រឹងរំអុកប្ដីរឿងក្រាបផ្ទឹមនេះស្ទួនៗគ្នាយ៉ាងណាក៍ដោយ ។

ទេព បូព្រឹក្ស រំលឹកប្ដីជាថ្មីម្ដងទៀតនៅថ្ងៃនាងនិងស្វាមីចូលរួមមង្គលការថា«ប៉ា Albert គ្នាសុំសួរឯងពេលណាគេរៀបការអស់ហើយចុះ កាលសុំអូនរៀបការ តែយូពេក ប្រយ័ត្ន អូនសុំវិញណា » ។ដេវីត មិនឆ្លើយតបអ្វីទាំង អស់ ព្រោះលោកធ្លាប់ប្រាប់ទៅស្រីនិច្ច ម្ដងរួចទៅហើយថាចង់បានកូនស្រី តែបូព្រឹក្ស នៅតែមានៈថាចង់រៀប ការមុនយកកូនថែមដដែល ។

ទេព បូព្រឹក្ស -ងួន ចាន់ដេវីត បានបង្កាត់ភ្លើងស្នេហាជាមួយគ្នាកាលពីឆ្នាំ២០១៥ ហើយពេលនេះបានកូនប្រុស១ឈ្មោះទេព បញ្ចាវរាប ហៅAlbert មានអាយុជាង១ឆ្នាំកន្លះ ។ស្រីនិច្ច ធ្លាប់ដឹកដៃដេវីត ទៅថតPre Wedding នៅកោះម៉ាល់ឌីវ កាលពីឆ្នាំ២០០៩ តែបានឆាចោលមង្គលការនៅឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន ។ប្រភពខ្លះថាបូព្រឹក្ស និងដេវីត បានចុះអេតាស៊ីវិលជាមួយគ្នាហើយមុនពួកគេសម្រេចចិត្តយកកូន តែរឿងនេះស្រីនិច្ច ថាមិនអាចនិយាយបានឡើយ ។យ៉ាងណាគេជឿថាស្រីនិច្ច អាចនឹងយកកូនថែមប្រសិនបើដេវីត នៅតែទាមទារចង់បានកូនប្រុស ខណៈដែលពេលនេះគេនៅតែមានភាពស្រពិចស្រពិលមិនដឹងថាស្រីនិច្ច ពេលនេះមានកូន១ ឬ២ នោះទេ ព្រោះក្មេងប្រុសម្នាក់ដែលមានត្រេមុខស្រដៀងនាង មានអាយុជិត១០ឆ្នាំ ដែលដើរតាមជាញឹកញាប់នោះក៍គេសង្ស័យថាជាកូននាងដែរ ព្រោះបូព្រឹក្ស ហៅរូបគេថាជាកូនៗ។

គួរកត់សម្គាល់ថាក្រៅពីទេព បូព្រឹក្ស បច្ចុប្បន្នតារាដែលយកកូនមុនរៀបការមានបរិមាណកាន់តែច្រើនទៅៗ រហូតមានតារាខ្លះថាមង្គលការមិនមែនជារឿងសំខាន់បំផុតឡើយ បើទោះជាខ្លួនជាអ្នកសិល្បៈគួរតែធ្វើជាគំរូល្អឲ្យគេយកតាមក្ដី ។សម្រាប់ស្រីនិច្ច វិញនាងធ្លាប់រងការិះគន់ច្រើនពីអ្នកលេងបណ្ដាញសង្គមអំឡុងពេលពពោះ តែពេលនេះនាងនៅតែបង្ហាញក្ដីសុខព្រមទាំងចង់ធ្វើជាភរិយាដេវីត ពេញមួយជីវិតទៀតផង បើទោះជាមង្គលការរបស់នាងនិងគូស្នេហ៍នៅតែមិនអាចកំណត់ពីពេលវេលាក៍ដោយ ។

សូមបញ្ជាក់ថាទេព បូព្រឹក្ស ដែលល្បីឈ្មោះដោយសារតែវិធីតុបតែងខ្លួនប្លែកៗ និងក្បាច់រាំកាចៗនោះក្រោយមានកូន១នាងពឹងទៅលើប្ដីដើម្បីធ្វើបទភ្លេង និងទំនុកច្រៀងឲ្យ ពោលគឺត្រូវទៅមុខ ឬថយក្រោយនៅលើកណ្ដា ប់ដៃស្វាមីនាងតែម្ដង។អ្វីដែលគួរឲ្យចាប់អារម្មណ៍ស្រីនិច្ច ដើម្បីស្ដារមុខមាត់ឡើងវិញនោះពេលខ្លះនាងតែងខ្លួនម៉ូដអត់សក់ និងច្រៀងរ៉េប ដូចប្ដីនាងដែរ ដែលការចេញមកប្លែកៗបែបនេះគេជឿថាតារាផ្សេងៗទៀតពិបាកធ្វើតាមនាង។តែបើស្រីនិច្ច មានកូន១ហើយនៅតែល្បីដូចកាលនៅក្រមុំដោយសារប្ដីឈរនៅក្រោយខ្នងនោះនាងនឹងក្លាយទៅជាតារាដំបូងគេមិនខានដែលអាចរក្សារតំណែងនេះបាន ព្រោះថាតារាភាគច្រើនឲ្យតែមានប្ដីនិងកូនហើយគឺច្រើនតែនៅទ្រឹង ឬធ្លាក់ចុះ។បញ្ហានេះហើយដែលស្រីនិច្ច អាចនឹងរារែកចិត្តបន្ដិចដែរ រឿងយកកូនទី២ ឬទី៣ ព្រោះនៅពេលដែលគិតតែពីរឿងយកកូនថែមហើយ តើមកច្រៀងបទស្នេហាបែបយុវវ័យទៅរួចទៀតឬអត់ ?


