ភ្នំពេញ ៖ ក្មេងទំនើងប្រុសស្រី ចំនួន២៤នាក់ ដើរលេងដាច់យប់ មិនចូលផ្ទះ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងប្រាប់ឱ្យបំបែកផ្លូវគ្នាត្រឡប់ទៅផ្ទះវិញ។
ការចុះបំបែកហ្វូងក្មេងទំនើងដើរលេងយប់ មិនចូលផ្ទះផ្ទះនេះ បានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ជាប់របងប្រលានយន្តហោះអន្តរជាតិភ្នំពេញ ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលឃាត់ខ្លួននិងឆែកឆេរក្រុមក្មេងស្ទាវទាំងនោះ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះល្បាតនៅក្នុងមូលដ្ឋាន ឃើញក្មេងទំនើងប្រុសស្រី ជាច្រើនក្រុម បានឈរនៅម្តុំរបងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខ្លះកំពុងហូបអី ហើយខ្លះកំពុងអង្គុយលេងនៅលើម៉ូតូ ទើបកម្លាំងសមត្ថកិច្ចមើលទៅរញ៉េរញ៉ៃពេក ក៏បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍មូលដ្ឋាន ជួយអន្តរាគមន៍ ឆែកឆេរលើខ្លួនពួកគេ ខ្លាចមានលាក់អាវុធ កាំបិត និងដាវ ជាដើម។
ប្រភពដដែល បន្តថា បន្ទាប់ពីឃាត់សាកសួរ និងឆែកឆេរ ក្មេងស្ទាវទាំង២៤នាក់ (ស្រី១២នាក់) ដោយខ្លះជិះម៉ូតូនិងខ្លះទៀតជិះម៉ូតូកង់បី ខ្លះមកហូបអីនៅទីតាំងខាងលើ ហើយដោយឆែកមិនមានអ្វីពាក់ព័ន្ធនឹងបទល្មើស ទើបសមត្ថកិច្ចបានធ្វើការអប់រំណែនាំឱ្យពួកគេបំបែកផ្លូវគ្នា ចេញពីកន្លែងខាងលើ ត្រឡប់ទៅផ្ទះវិញរៀងខ្លួន ដើម្បីការពារសុវត្ថិភាព និងខ្លាចកើតមានអំពើហិង្សាណាមួយ៕