Thursday, November 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចោរលួចគា.../ស់ក្លឹបកម្សាន្ត ជា.../ប់ខ្នោះ៤

 ចោរលួចគា…/ស់ក្លឹបកម្សាន្ត ជា…/ប់ខ្នោះ៤

ភ្នំពេញ ៖ ក្លឹបកម្សាន្ត ១កន្លែង ដែលត្រូវបានតុលាការបិទសៀល ឃ្លុំបេ ស្ថិតនៅចំណុចដីឡូត៍មួយកន្លែង ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ត្រូវបានជនសង្ស័យ ១ក្រុម នាំគ្នាធ្វើសកម្មភាពគាស់លួចយកទ្រព្យសម្បត្តិ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ សរុបចំនួន៤នាក់ នាំយកមកចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបក្រុមចោរគាស់ក្លឹបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចទីតាំងក្លឹប “ប៉ាវលីជីង” ដែលត្រូវតុលាការបិទសៀលឃ្លុំបេ ស្ថិតនៅចំណុចដីឡូត៍លេខ៧៤ ផ្លូវលេខ៥៩៨ ក្រុមទី២១ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ជនសង្ស័យទាំង៤នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសេង ហួរ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ផ្ទះជួល ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ទី២-ឈ្មោះលន វលក្ខណ៍ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ទី៣-ឈ្មោះគុំ សុជាតិ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ និងទី៤-ឈ្មោះរ៉ាន់ រ៉ាឌីន ហៅត្រេន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩៧ ផ្លូវរថភ្លើង ក្រុមទី២៦ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ទីតាំងក្លឹប “ប៉ាវលីជីង” ដែលត្រូវតុលាការបិទសៀលឃ្លុំបេ ស្ថិតនៅចំណុចដីឡូត៍លេខ៧៤ ផ្លូវលេខ៥៩៨ ក្រុមទី២១ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានក្រុមចោរមួយក្រុម មានគ្នាចំនួន៤នាក់ បានធ្វើសកម្មភាពគាស់លួចយកទ្រព្យសម្បត្តិ ប៉ុន្តែត្រូវបានកម្លាំងជំនាញចុះស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់ យកមកសាកសួរ និងបានបង្ហាញមុខជាសាធារណៈ មុននឹងបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ បានឱ្យដឹងទៀតថា ជាក់ស្តែងកាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះសេង ហួរ ភេទប្រុស ពីបទលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយ (គាស់ក្លឹបខាងលើ) ស្ថិតក្នុងដីឡូត៍លេខ៧៤ ផ្លូវលេខ៥៩៨ ក្រុមទី២១ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបក្ខពួក ៣នាក់ទៀត នៅចំណុចផ្លូវរថភ្លើង ក្រុមទី២៦ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

លោកអធិការ បន្តថា ចំពោះវត្ថុតាងចាប់យកពាក់ព័ន្ធនឹងបទល្មើសខាងលើ រួមមាន ១-ក្បាលម៉ាស៊ីនត្រជាក់ ចំនួន១។ ២-ខ្សែភ្លើង មួយចំនួន។ ៣-Desktop ចំនួន១។ ៤-កន្ត្រៃសម្រាប់កាត់ដែក ចំនួន១។ ៥- FM ម៉ៃក្រូហ្វូនធំ ម៉ាក SHVRE ចំនួន១៣គ្រឿង។ ៦-FM ម៉ៃក្រូហ្វូនតូច ម៉ាក THUNDERSTONE ពណ៌ស ចំនួន២៤គ្រឿង។ ៧-ដុំប៊្លូធូស ពណ៌ខ្មៅ ចំនួន១២គ្រឿង។ ៨-ធុងបាស់ម៉ាក JBL ចំនួន ៨គ្រឿង។  ៩-ដែកថ្នាំអំពៅ សម្រាប់គាស់ ចំនួន១ (ចាប់យកពីឈ្មោះ សេង ហួរ)។ ១០-ស្រា ១ដប ម៉ាក DALMORE មានប្រអប់ពណ៌ខៀវ។ ១១-ដាវកែច្នៃ ១ដើម។ ១២-កាំបិតប៉័ងតោ រូបនាគ មានស្រោមពណ៌សូកូឡា ១។ ១៣-កន្ត្រៃសម្រាប់កាត់ដែក ១។ ១៤-ឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀន ១។ ១៥-កង់តួប្រុសពណ៌ខ្មៅ ១គ្រឿង (ចាប់យកពីឈ្មោះរ៉ាន់ រ៉ាឌីន ហៅត្រេន)។ ១៦-កង់តួប្រុស១ (ចាប់យកពីឈ្មោះលន វលក្ខណ៍)។ ១៧-ស្រាដបម៉ាក BLACK LABEL ១កេស (ចាប់យកពីឈ្មោះ គុំ សុជាតិ)។

គួរបញ្ជាក់ថា ក្រោយប្រតិបត្តិការចប់ កន្លែងកើតហេតុ កម្លាំងជំនាញពិនិត្យឃើញរួមមាន ស្នាមគាស់បន្ទប់បិទសៀលបិទឃ្លុំបេ  ស្នាមគាស់ទូឌីសង់ទ័រភ្លើងក្នុងក្លឹប ស្នាមគាស់កាត់ខ្សែភ្លើង និងតាមបន្ទប់បម្រើសេវាខារ៉ាអូខេ មានស្នាមរើកកាយខូចខាតស្ទើរទាំងស្រុង។

ដោយឡែក ទីតាំងខាងលើ ដោយមានកិច្ចសម្របសម្រួលពីលោកស៊ិន រក្សា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យក្រុមប្រតិបត្តិការចម្រុះសម្រេចបិទសៀលឃ្លុំបេឡើងវិញ។

ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES