ខេត្តបន្ទាយមានជ័យ ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កាលពីល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចុះបង្ក្រាបទីតាំងផលិតភេសជ្ជៈស្លឹកក្រាធុម ១កន្លែង ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនមនុស្ស ចំនួន២នាក់ ក្នុងនោះ ម្នាក់ ជាជនជាតិថៃ ព្រមទាំងសម្រេចបិទទីតាំងផលិតខាងលើផងដែរ។
លោកវរសេនីយ៍ទោ កែវ ដូល អធិការរងផ្នែកប្រឆាំងគ្រឿងញៀន ក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីលុបបំបាត់គ្រឿងញៀន កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវហើយកំណត់មុខសញ្ញា និងបង្ក្រាបទីតាំងផលិតភេសជ្ជៈទឹកក្រាធុម ដែលផលិតពីស្លឹកក្រាធុម ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ (ម្នាក់ជនជាតិថៃ) ត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងរឹបអូសសម្ភារៈផលិតនិងចាក់កម្ទេចចោលទឹកក្រាធុម ដែលផលិត ហើយប្រមាណជាង១០០ដប។
លោកអធិការរង បន្តថា ប្រតិបត្តិការបង្ក្រាបទីតាំងផលិតភេសជ្ជៈស្លឹកក្រាធុម ខាងលើនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ក្នុងនោះ មានម្នាក់ជាជនជាតិថៃ ព្រមទាំងដកហូតសម្ភារៈផលិត និងទឹកក្រាធុមដែលផលិតហើយ (ទឹកក្រាធុម ប្រមាណជិត១០ឆ្នាំង និងទឹកក្រាធំច្រកដបសម្រេច ជាង១០០ដប) ត្រូវបានចាក់កម្ទេចចោល។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ (ម្នាក់ជនជាតិថៃ) ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿង ចាត់ការតាមនីតិវិធី និងសុំគោលការណ៍ព្រះរាជអាជ្ញា ដើម្បីបិទទីតាំងផលិត រឹបអូសសម្ភារៈផលិត យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត៕