ភ្នំពេញ ៖ អតីតតារាចម្រៀងស្រីសិចស៊ី អ្នកនាង អ៊ុំ គន្ធា ដែលធ្លាប់ល្បីឈ្មោះបោះសំឡេងពេញផ្ទៃប្រទេស កាលពីអំឡុងទសវត្សឆ្នាំ១៩៩០ បានទទួលមរណភាព កាលពីថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយរោគាពាធ ក្នុងវ័យ៤៥ឆ្នាំ បន្ទាប់ពីបានព្យាយាមរស់ តស៊ូប្រឆាំងនឹងជំងឺប្រចាំកាយ ដែលព្យាបាលមិនជា អស់រយៈពេល២០ ឆ្នាំមក។
តាមប្រភពលោកអ៊ឹម ជីវ៉ា តារាសម្តែង និងជាអ្នកសារព័ត៌មានល្បីឈ្មោះមួយរូប បានឲ្យដឹងនៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា អតីតតារាចម្រៀង អ៊ុំ គន្ធា បានទទួលមរណភាពហើយ ដោយមុនពេលបិទភ្នែកលាចាកលោកទៅ អតីតតារាសិចស៊ីរូបនេះ ចង់ជួបមុខលោក នៅដង្ហើមចុងក្រោយ ព្រោះកន្លងមក គឺមានតែរូបលោក ដែលជួយនាង ហើយនាងថា ចង់អរគុណលោក ។ លោកអ៊ឹម ជីវ៉ា បញ្ជាក់ថា កន្លងទៅ ក៏មានសប្បុរសជនជាច្រើន បានជួយដល់អ្នកនាង អ៊ុំ គន្ធា ជាពិសេសគឺលោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន សព្វថ្ងៃ ជាតំណាងរាស្ត្រ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះហាក្សត្រ បានជួយឧបត្ថម្ភឱ្យកូនរបស់អ៊ុំ គន្ធា បានរៀនសូត្រ និងឧបត្ថម្ភថវិកាប្រចាំខែផងដែរ។
លោកអ៊ឹម ជីវ៉ា បានឲ្យដឹងបន្ថែមថា សពអតីតតារាចម្រៀង អ៊ុំ គន្ធា ត្រូវបានតម្កល់ធ្វើបុណ្យ នៅវត្តពោធិ៍ចិនតុង ស្ថិតផ្លូវសហព័ន្ធរុស្ស៉ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយត្រូវបានបូជានៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកអ៊ឹម ជីវ៉ា បញ្ជាក់ថា មុនពេលទទួលមរណភាព អតីតតារាចម្រៀង អ៊ុំ គន្ធា បានជួបប្រទះនូវការលំបាកខ្វះខាតយ៉ាងខ្លាំង ទាំងស្ថានភាពជីវភាព និងអាការជំងឺប្រចាំកាយនៅក្នុងខ្លួននាង អស់រយៈពេលជិត២០ឆ្នាំមកនេះ។
ជុំវិញមរណភាពរបស់អតីតតារាចម្រៀង អ៊ុំ គន្ធា នេះដែរ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ បានបញ្ជាក់តាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា “រសៀ លនេះ ប្រុងទៅសួរប្អូន តែគេទើបប្រាប់ថា ប្អូនបានលាចាកលោក នៅព្រឹកមិញនេះទៅហើយ។ សូមវិញ្ញាណ ក្ខន្ធប្អូនកម្សត់ បានទៅសោយសុខ និងបើមានជាតិក្រោយ សូមប្អូនមានសំណាងល្អ និងមានអាយុវែងជាងជាតិនេះរាប់សិបដង!…”។
តាមប្រភពអ្នកស្រី អ៊ុំ ស្រីពៅ ប្អូនស្រីបង្កើតរបស់អតីតតារាចម្រៀង អ៊ុំ គន្ធា បានបញ្ជាក់ប្រាប់ថា ក្នុងរយៈពេលប្រមាណ ១០ថ្ងៃចុងក្រោយនេះ បញ្ហាជំងឺសួត របស់អ៊ុំ គន្ធា បានចាប់ផ្តើមធ្វើទុក្ខខ្លាំង រហូតដល់បងស្រីអ្នកស្រី លែងអាចទ្រាំទ្រនឹងជំងឺនេះបាន។
អ្នកស្រី អ៊ុំ ស្រីពៅ បានបន្តថា បងស្រីគាត់ (អ្នកស្រីអ៊ុំ គន្ធា) គឺជាកូនទី៥ ក្នុងចំណោមបងប្អូន ៦នាក់ ហើយកាលពីនៅមានឈ្មោះបោះសំឡេងក្នុងវិថីសិល្បៈ គាត់តែងជួយផ្គត់ផ្គង់គ្រួសារ និងរ៉ាប់រងការសិក្សាររៀនសូត្ររបស់ប្អូនគ្រប់គ្នា។ ក្រោយពេលបងស្រីធ្លាក់ខ្លួនឈឺ និងបែកបាក់គ្រួសារមក បានធ្វើឱ្យប្រជាប្រិយភាពរបស់គាត់ កាន់តែអន់ថយ ជីវភាពក៏ចាប់ផ្តើមធ្លាក់ដុនដាប រហូតធ្វើឱ្យគាត់ត្រូវរស់នៅក្នុងបន្ទប់ជួល ជាមួយកូនប្រុសទាំង២ ព្រមទាំងមានជំងឺប្រចាំកាយថែមទៀត។
ប្អូនស្រីពៅ របស់អតីតតារាចម្រៀង អ៊ុំ គន្ធា បានបន្តថា សពបងស្រី (អ៊ុំ គន្ធា) ត្រូវប្រញាប់បូជាភ្លាមៗ នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវត្តពោធិ៍ចិនតុង ដោយសារតែសាច់ញាតិខ្វះខាតថវិកា ទើបពុំអាចទុកយូរបាន។
គួររំលឹកថា កាលពីនៅមានជីវិត អ្នកនាង អ៊ុំ គន្ធា ធ្លាប់បានបញ្ជាក់ប្រាប់តាមរយៈសារព័ត៌មានថា កន្លងមក នាងមានជីវភាពគ្រាន់បើ មានហូបមានចុកគ្រប់គ្រាន់ ដោយសារតែលោកឱម យ៉ិនទៀង អាណិត ឃើញនាងលំបាកខ្លាំង ក៏នាំឱ្យចូលធ្វើការនៅអង្គភាពប្រឆាំងអំពើពុករលួយ តាំងពីអំឡុងឆ្នាំ២០១៩ ក្នុងឋានៈជាមន្ត្រីជាប់កិច្ច សន្យា តែរយៈពេលចុងក្រោយ ដោយសារជំងឺរួមរឹតកាន់តែខ្លាំង ទើបអ្នកនាងមិនអាចចេញទៅបំពេញការងារបាន ដូច្នេះខាងនាយកដ្ឋានបុគ្គលិក ក៏បានលុបឈ្មោះនាងចោលតែម្តង ទើបធ្វើឱ្យនាងធ្លាក់ក្នុងជីវភាពលំបាក រហូតរកប្រាក់បង់ថ្លៃបន្ទប់ជួលមិនបាន។
អ្នកនាង អ៊ុំ គន្ធា ធ្លាប់បានបញ្ជាក់ថា ក្រោយបាត់បង់ការងារខាងលើនេះ នាងបានព្យាយាមស្វែងរកការងារផ្សេងៗទៀតធ្វើ ដោយមានទាំងការងាររោងចក្រ និងការងារអនាម័យ ប៉ុន្តែការធ្វើការងារទាំងអស់នោះ មិនបានយូរឡើយ ដោយសារតែអ្នកនាងចេះតែឈឺជាប្រចាំ ពិសេសជំងឺដែលព្យាបាលមិនជា ដែលនាងបានតស៊ូប្រ ឆាំងអស់រយៈពេលជិត ២០ឆ្នាំមកហើយ ដោយអ្នកនាងបានព្យាយាមលេបថ្នាំជាប្រចាំដែរ តែស្ថានភាពជំងឺចេះតែវិវត្តន៍ទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ ហើយអាការជំងឺចេះតែធ្វើទុក្ខ ដោយឧស្សាហ៍កើតបូស និងហើមកូនកណ្តុរ ខណៈស្បែកក៏តែងតែឡើងកន្ទួល និងពងបែកជាប្រចាំ។
គួរបញ្ជាក់ថា អតីតតារាចម្រៀ អ៊ុំ គន្ធា មានឪពុកឈ្មោះ អ៊ុំ សុផាត ជាអតីតមន្ត្រីក្រសួងពាណិជ្ជកម្ម (ចូលនិ វត្តន៍) ម្តាយឈ្មោះអ៊ុង ស៊ីនួន អាយុ៧០ឆ្នាំ។ អ្នកនាងជាកូនទី៥ ក្នុងចំណោមបងប្អូន៦នាក់ និងបានរៀនសូត្របានត្រឹមថ្នាក់ទី៥ ក៏ឈប់ រួចចូលច្រៀងក្នុងវង់តន្ត្រីមួយ នៅភោជនីយដ្ឋាន ផ្ការាំទឹករាំ ដែលកាលនោះ អ្នកនាងទើបតែមានអាយុ១៥ឆ្នាំប៉ុណ្ណោះ។ នៅឆ្នាំ១៩៩៦ អ្នកនាងបានដាក់ពាក្យចូលប្រឡងចម្រៀងជាមួយបងស្រីភ្លោះ ហើយបានជាប់ចំណាត់ថ្នាក់លេខ១។ តាំងពីពេលនោះមក អ្នកនាង អ៊ុំ គន្ធា ក្លាយជាតារាចម្រៀងសិចស៊ី ល្បីឈ្មោះ រួចក៏មានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងលោក ផាន សុផាត រហូតក្លាយជាប្តីប្រពន្ធ ដោយមិនបានចូលរោងការ។ ប៉ុន្តែក្រោយពីរួមរស់ជាមួយគ្នា អស់រយៈពេល៨ឆ្នាំ មកដល់ឆ្នាំ២០០៦ ចំណងស្នេហារបស់អ្នកទាំងពីរ ក៏ឈានដល់ផ្លូវបំបែក ដោយបន្សល់ទុកកូន ប្រុស២នាក់ ក្នុងនោះកូនប្រុសទី១-ឈ្មោះផាន សុខពេជ្រ និងកូនប្រុសទី២-ឈ្មោះហាស់ សុវណ្ណ៕