កំពត៖លោកគួច ខេវិន បានបង្ហាញអារម្មណ៍ក្ដុកក្ដួលអាណិតក្មេងប្រុសភ្លោះ៣នាក់ ដែលរស់នៅអត់ឪពុកម្ដាយរយៈពេល៦ឆ្នាំ មកហើយ និងសព្វថ្ងៃផ្ញើរខ្លួនជាមួយយាយតារបស់ពួកគេ ហើយលោកថានឹងជួយកុមារទាំង៣ ទៅតាមលទ្ធភាព ព្រោះលោកបានយល់យ៉ាងច្បាស់ពីជីវិតរបស់ពួកគេដោយសារតែលោកធ្លាប់បានហែលឆ្លងកាត់សម័យភ្លើងសង្រ្គាមលោកចាកចោលស្រុកទៅជ្រកកោនលើដីគេ បាត់បង់ភាពកក់ក្ដៅពីក្រុមគ្រួសារ ទើបលោកយល់ថារសជាតិជីវិតក្មេងកំព្រាយ៉ាងណា។



អតីតអគ្គនាយករងទូរទស្សន៍CTN ,SEA TV និងETV រូបនេះថ្លែងសារទាំងរំជួលចិត្តក្រោយពេលលោកបានជួបក្មេងកំព្រាភ្លោះទាំង៣នាក់ ថា«“ក្រោមមេឃតែមួយវាសនាខុសគ្នា” កូនអ្នកមានស៊ីរើស កូនអ្នកក្ររើសស៊ី អ្នកមានលែងខ្លាចក្រព្រោះគេមានកប់ពពក អ្នកក្រ ក្រហួសក៏លែងខ្លាចក្រ ព្រោះកប់អាចន៍ជន្លេន។ ទោះជាយ៉ាងណាកើតមកជាមនុស្សកុំរស់ផ្តេកផ្តួលលើវាសនា តែត្រូវមានឆន្ទៈខ្ពស់រស់ដើម្បីសេចក្តីសង្ឃឹម តាំងចិត្តតស៊ូយកចំណេះវិជ្ជាកែប្រែវាសនារបស់ខ្លួនតទៅអនាគត។ ខ្ញុំបានជួបហើយកូនភ្លោះប្រុស៣នាក់នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត ដែលត្រូវឪពុក ម្តាយបោះបង់ចោលឱ្យនៅកំព្រាឯកាតាំងតែពីពួកគេកើតបាន៣ខែ ហើយត្រូវបានជីដូនជីតាបីបាច់ថែរក្សាយ៉ាងលំបាកលំបិន។ ក្នុងនាមជាខ្មែរដូចគ្នាយើងគួរគប្បីចែករំលែកនូវធនធានទៅតាមលទ្ធភាពនិងផ្តល់សេចក្តីអាណិតស្រឡាញ់ចំពោះក្មេងកំព្រា ក្រខ្សត់អត់ឪពុកម្តាយថែរក្សាឱ្យទទួលបាននូវភាពកក់ក្តៅក្នុងជីវិតជាជាងបង្អួតសម្ញែងសម្បត្តិទ្រព្យធន លុយឡាន វីឡារ ឱ្យគេកោតស្ញប់ស្ញែង។ សម្រាប់រូបខ្ញុំដែលភៀសខ្លួនដោយសារសង្គ្រាមចាកចោលស្រុកទៅជ្រកកោនលើដីគេ ធ្លាប់ស្គាល់នូវជីវិតកំព្រាឯកាបាត់បង់ភាពកក់ក្តៅតើមានរសជាតិដូចម៉្តេចនោះ? ខ្ញុំបានជួយកុមារកូនភ្លោះទាំងបីទៅតាមលទ្ធភាពជាលើកទី១ ហើយសន្យាជួយបន្តៗទៅតាមស្ថានភាពតទៅមុខទៀត។ សង្ឃឹមថានឹងមានសប្បុរសជននានាជួយឧបត្ថម្ភដល់កុមារដែលកំព្រារងាឯកាទាំង៣នាក់ ដើម្បីកុសលផលបុណ្យអនាគតជាតិ » ។


លោកគួច ខេវិន សង្ឃឹមថានឹងមានសប្បុរសជនផ្សេងៗទៀតមានចិត្តអាណិតនិងជួយដល់លក្មេងកំព្រាភ្លោះទាំង៣ឲ្យមានពន្លឺជីវិតទៅមុខ ជាជាងការបង្អួតលុយ ឡាន និងវីឡារ ព្រោះវប្បធ័មនៃការចែករំលែកនោះហើយធ្វើឲ្យយើងរស់នៅក្នុងសង្គមមួយមានស្នាមញញឹមទាំងអស់គ្នា។


គួរបញ្ជាក់ថាក្មេងកំព្រាភ្លោះទាំង៣នាក់ដែលលោកគួច ខេវិន បានទៅជួបផ្ទាល់នោះរស់នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត ដែលកូនទី១៖ឈ្មោះជា ,កូនទី២៖ឈ្មោះហេង និងកូនទី៣៖ឈ្មោះលាភ ពួកគេមានអាយុ៦ឆ្នាំរៀនថ្នាក់ទី១ និងសព្វថ្ងៃរស់នៅផ្ញើរខ្លួនជាមួយលោកយាយនិងតា របស់ពួកគេ ។ប្រភពបានឲ្យដឹងថាក្មេងប្រុសភ្លោះទាំង៣នាក់ ត្រូវម្ដាយរត់ចោលតាំងពីពួកគេកើតបានអាយុ៣ខែម្លេះ ខណៈដែលឪពុកគេវិញពេលនេះកំពុងជាប់ពន្ធនាគារ ៕





