ខេត្តកំពង់ស្ពឺ ៖ ព្រះសង្ឃ និងគ្រហស្ថ សរុបចំនួន៧អង្គ-នាក់ បានប្រមូលម្តុំគ្នាផឹកស្រា ក្លែមសាច់ និងចាក់ធុងបាស់លាន់ឮរង្គើព្រៃ ធ្វើឱ្យផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះឃាត់ខ្លួនព្រះសង្ឃទ្រុស្តសីល ៣អង្គ និងបក្ខពួក ៤នាក់ទៀត នាំយកទៅចាត់ការតាម ច្បាប់។
ករណីលោកសង្ឃនាំបក្ខពួកផឹកស៊ី ចាក់ធុងបាស់រង្គើព្រៃនេះ បានកើតឡើង កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចក្នុងព្រៃមួយកន្លែង ក្នុងឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនព្រះសង្ឃ និងគ្រហស្ថទាំង៧អង្គ-នាក់ខាងលើនេះ គឺមានប្រជាពលរដ្ឋ បាន រាយការណ៍មកថា មានក្មេងទំនើង ១ក្រុម នាំគ្នាផឹកស៊ី នៅចំណុចព្រៃពនរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដោយចាក់ធុងបាស់កងរំពង ទៀតផង ក្រោយទទួលបានព័ត៌មាននេះភ្លាម និងដោយមានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកវរ សេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បានដឹកនាំកម្លាំងចុះឡោមព័ទ្ធទីតាំងខាងលើ រហូតឈានដល់ការឃាត់ខ្លួនសង្ឃនិងគ្រហស្ថ សរុប៧អង្គនាក់ ព្រមទាំងដកហូតបានម៉ូតូ ចំនួន៣គ្រឿង។
ចំពោះវត្ថុតាងដែលសមត្ថកិច្ចបានដកហូត រួមមាន ម៉ូតូ ៣គ្រឿង ១-ម៉ាកស៊ុយស៊ូគី និច ពណ៌សលាយខៀវ ពាក់ស្លាកលេខ កណ្តាល 1AD-6713។ ២-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1H.9956 និង៣-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1W-4614។ ទូរស័ព្ទដៃ ចំនួន៧គ្រឿង power bang ៣គ្រឿង កាបូបលុយ២ លុយ៥ម៉ឺនរៀល បារី ២កញ្ចប់ ដែកកេះ៣ បៀ ១ហ៊ូ កម្រាល១ និងធុងទឹកកក១។
សមត្ថកិច្ច បានបញ្ជាក់ថា ក្រុមក្មេងទំនើង និងព្រះសង្ឃដែលប្រព្រឹត្តខុសវិន័យព្រះពុទ្ធសាសនា នាំគ្នាផឹកស្រាក្នុងព្រៃ ដែលត្រូវបាន សមត្ថកិច្ចបង្ក្រាប រួមមាន ទី១-អតីតសង្ឃ ឈ្មោះប៉ាង គឹមឈៀង ១៨ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ។ ទី២-អតីតសង្ឃ ឈ្មោះសយ សុភក្ភ្រា អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ។ និងទី៣-អតីតសង្ឃ ឈ្មោះម៉ុន វិច្ឆ័យ ២៣ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ។ (អតីតសង្ឃទាំង៣ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យធម្មការស្រុកចាត់ការ តាមធម៌វិន័យ)។ ដោយឡែកក្រុមបក្ខពួករបស់ព្រះសង្ឃខាងលើ រួមមាន ទី១-ឈ្មោះហុង សៀវជា ភេទប្រុស អាយុ១៨ឆ្នាំ (កូនសិស្សលោក) ជាសិស្សរៀននៅវិទ្យាល័យប៊ុនរានីហ៊ុនសែន ចាន់ថ្នាល រស់នៅភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ។ ទី២-ឈ្មោះខុន ខុម ភេទប្រុស អាយុ២៥ឆ្នាំ ជាគ្រូបង្រៀនភាសាអង់គ្លេស នៅសាលាឯកជនមួយកន្លែង រស់នៅភូមិស់នៅភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ។ ទី៣-ឈ្មោះហ៊ូ កញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ (កូនសិស្សលោក) ជាសិស្សរៀននៅវិទ្យាល័យប៊ុនរានីហ៊ុនសែន ចាន់ថ្នាល រស់នៅភូមិពោធិ៍ ឃុំព្នាយ ស្រុកសំរោងទង និងទី៤-ឈ្មោះមាស ប៊ុនណា ភេទប្រុស អាយុ១៩ឆ្នាំ ជា CO នៅគ្រឹះស្ថានមួយកន្លែង ក្នុងខេត្តកំពង់ស្ពឺ រស់នៅ ភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ។
ក្រោយឃាត់ខ្លួនព្រះសង្ឃ និងគ្រហស្ថ សរុប៧អង្គ-នាក់រួចមក សមត្ថកិច្ចបានបញ្ជូនទៅកាន់ការិយាល័យធម្មការស្រុកសាមគ្គីមុនីជ័យ ដើម្បីផ្សឹក និងចាត់ការបន្តតាមផ្លូវច្បាប់៕