Wednesday, November 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមករណីកាប់ដើមទ្រាំងលក់ មន្ត្រីជំនាញបើកការស្រាវជ្រាវ

ករណីកាប់ដើមទ្រាំងលក់ មន្ត្រីជំនាញបើកការស្រាវជ្រាវ

ខេត្តព្រះវិហារ ៖ លោកមាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ទទួលបន្ទុកតំបន់ការពារធម្មជាតិ បានបញ្ជាក់ឱ្យដឹងថា ការប្រមូលផលអនុផលព្រៃឈើក្នុងតំបន់ការពារ ដោយគ្មានលិខិតអនុញ្ញាត គ្មានការអនុញ្ញា តិជាអំពើល្មើសច្បាប់ ជនប្រព្រឹត្តទល្មើសត្រូវតែប្រឈម មុខចំពោះផ្លូវច្បាប់។

លោកមាស ញឹម បានបញ្ជាក់ឱ្យដឹង កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ថា មន្ទីរបរិស្ថានខេត្តព្រះវិហារមិនមានការអនុញ្ញាតច្បាប់ ឱ្យជនណាម្នាក់កាប់ដើមទ្រាំងនោះទេ  ប៉ុន្តែបើសិនជាសមាជិកសហគមន៍កាប់ប្រើ ប្រាស់ជាលក្ខណៈគ្រួសារមិនអីទេ គឺមានការយោគយល់ ប៉ុន្តែបើឈ្មួញកាប់ ឬក៏មានអ្នកកាប់លក់ឱ្យឈ្មួញធ្វើអាជីវកម្ម គឺមិនបានទេ។

លោកមាស ញឹម បន្តថា ប៉ុន្មានថ្ងៃនេះ មានលេចឮព័ត៌មានថា មានករណីកាប់ដើមទ្រាំង នៅស្រុកឆែប និងស្រុកជ័យសែន ប្រមូលលក់ទៅឱ្យឈ្មួញ ដើម្បីនាំចេញទៅប្រទេសវៀតណាម។ ករណីនេះ លោកបានណែនាំឱ្យមន្ត្រីរបស់លោកចុះល្បាតឃ្លាំមើលដែរ ប៉ុន្តែមិនបានជួបប្រទះនោះទេ ហើយនៅថ្ងៃនោះដែរ លោកនៅតែដាក់បទបញ្ជាដល់មន្ត្រីត្រូវឃ្លាំមើលករណីនេះ កុំធ្វេសប្រហែសឱ្យសោះ បើរកឃើញថា សកម្មភាពនេះស្ថិតក្នុងតំបន់ការពារធម្មជាតិ គឺត្រូវអនុវត្តនីតិវិធីចាប់ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសប្រជាសហគមន៍ទាំងអស់ បើសិនជាជួបករណីមានការកាប់បំផ្លាញដើមទ្រាំងធ្វើអាជីវកម្ម ក៏ដូចជាការកាប់បំផ្លាញធនធានធម្មជាតិនៅក្នុងតំបន់ការពារ សូមរាយការណ៍មកលោកជាបន្ទាន់ ដើម្បីមានវិធានការដឹកនាំកម្លាំងចម្រុះបង្ក្រាបឱ្យទាន់ពេលវេលា៕

RELATED ARTICLES