ខេត្តកណ្តាល ៖ បុរសវ័យចំណាស់ម្នាក់ ជាមេភូមិ បានជិះម៉ូតូ ១គ្រឿង ដឹកចៅតូច អាយុ៣ឆ្នាំ ចុះទៅពិនិត្យមើលការឈូសឆាយផ្លូវលំក្នុងភូមិ ស្រាប់តែត្រូវអ្នកបើកបរគ្រឿងចក្រ (អាប៊ុល) បើកថយក្រោយដោយមិនប្រយ័ត្ន ជ្រុលកិន បណ្តាលឱ្យតាមេភូមិ បានស្លាប់ ចំណែកចៅតូចរងរបួស រីឯអ្នកបើកគ្រឿងចក្រ បានចុះរត់គេចខ្លួនបាត់ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្លូវលំ ១ខ្សែ ស្ថិតក្នុងភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល។
លោកវរសេនីយ៍ទោ នៅ សាខន អធិការរងទទួលផែនចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះ មានចំនួន២នាក់ ទី១-ឈ្មោះរឿង រិន ភេទប្រុស អាយុ៧៨ឆ្នាំ ជាមេភូមិត្បូងដំរី មានលំនៅ ភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល (ស្លាប់នៅនឹងកន្លែង) និងទី២-ឈ្មោះភិន លីគ័ង ភេទប្រុស អាយុ៣ឆ្នាំ ត្រូវជាចៅ (រងរបួសស្រាល)។ ចំណែកអ្នកបើកបរគ្រឿងចក្រ មានឈ្មោះរ៉េ ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ (ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់)។
លោកអធិការរង បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះរឿន រិន ជាមេភូមិត្បូងដំរី បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GD-9465 ដឹកចៅប្រុសរបស់ខ្លួន ឈ្មោះភិន លីគ័ង អាយុ៣ឆ្នាំ ចុះទៅពិនិត្យមើលគ្រឿងចក្រ (អាប៊ុល) ដែលកំពុងឈូសឆាយដីផ្លូវលំក្នុងភូមិ ដោយធ្វើដំណើរក្នុងទិសដៅពីកើត ទៅលិច លុះទៅដល់ បានឈប់ម៉ូតូ មើលសកម្មភាពឈូសឆាយផ្លូវ ចៃដន្យអ្នកបើកគ្រឿងចក្រ (អាប៊ុល) ម៉ាក Komisu D31 P17 ពណ៌លឿង គ្មានស្លាកលេខ បានបើកថយក្រោយ ក្នុងទិសដៅពីលិច ទៅកើត ដោយខ្វះការប្រុងប្រយ័ត្ន មិនបានពិនិត្យមើលខាងក្រោយ បានជ្រុលបុកនិងកិនជនរង គ្រោះជាមេភូមិ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង ចំណែកចៅប្រុសតូច រងរបួសស្រាល ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ រីឯអ្នកបើកបរគ្រឿងចក្រ ក្រោយពីដឹងថាបានកិនមនុស្សស្លាប់ ក៏ប្រញាប់ចុះរត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលភ្លាមៗតែម្តង។
ក្រោយកើតហេតុ កម្លាំងជំនាញចរាចរណ៍ស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលកំពង់ចម្លង បានចុះពិនិត្យនិងវាស់វែងទីតាំងកើតហេតុ រួចអូសយកម៉ូតូ និងគ្រឿងចក្រខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល រង់ចាំដោះស្រាយតាមនីតិវិធី។
តាមការសន្និដ្ឋានថា មូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់ខាងលើ បណ្តាលមកពីអ្នកបើកបរគ្រឿងច្រក ខ្វះការប្រុងប្រយ័ត្ន មិនបានពិនិត្យមើលក្រោយ មុននឹងថយក្រោយ។ ចំណែកជនរងគ្រោះជាអ្នកបើកបរម៉ូតូ បើកបរឈប់ដោយខ្វះការប្រុងប្រយ័ត្នផងដែរ។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕