Wednesday, November 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមថៅកែមិនបើកលុយឱ្យ២ខែ កម្មករ៣០០នាក់ ផ្ទុះការត.../វ៉ា

ថៅកែមិនបើកលុយឱ្យ២ខែ កម្មករ៣០០នាក់ ផ្ទុះការត…/វ៉ា

ខេត្តឧត្តរមានជ័យ ៖ កម្មករសំណង់ ជាង៣០០នាក់ ធ្វើការងារឱ្យក្រុមហ៊ុនចិនមួយ បាននាំគ្នាតវ៉ានៅក្បែរមាត់ច្រកទ្វារអន្តរជាតិអូរស្មាច់ ដើម្បីទាមទារឱ្យថៅកែបើកប្រាក់ឈ្នួលឱ្យពួកគេ ក្រោយពីខកខានបើកជិត២ខែ មកហើយ។

 ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចការដ្ឋានសំណង់ក្រុមហ៊ុនចិន មួយកន្លែង ក្បែរមាត់ច្រកទ្វារអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង។

លោកឈឿត ប៉ម់ ជាកម្មករសំណង់របស់ក្រុមហ៊ុនចិន ខាងលើ បានឱ្យដឹងថា ថៅកែបានខកខានបើកប្រាក់ឈ្នួលឱ្យពួកគេ ជិត២ខែហើយ ចាប់តាំងពីអំឡុងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ គិតត្រឹមមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។ លោកថា កម្មករបម្រើការងារនៅក្រុមហ៊ុនចិន ឡុងសឹងអីនធើណាស់សិណល គឺមានគ្នាជាង៣០០នាក់ ដោយទទួលបានប្រាក់ឈ្នួលចន្លោះ ពី១០ទៅជិត២០ដុល្លារ ក្នុង១ថ្ងៃ។

ដោយឡែកកម្មករសំណង់ម្នាក់ទៀត ឈ្មោះខឿន បានឱ្យដឹងថា លោកបានចូលធ្វើការងារនៅក្រុមហ៊ុនចិន នេះជាងមួយខែហើយ ដោយថៅកែមិនទាន់បានបើកប្រាក់ឈ្នួលឱ្យគាត់ទេ។ លោកថា ការបើកប្រាក់ឈ្នួលយឺតយ៉ាវនេះ បានធ្វើឱ្យប៉ះពាល់ដល់ការចំណាយប្រចាំថ្ងៃរបស់ ពួកគាត់យ៉ាងធ្ងន់ធ្ងរ។

ក្រោយពីកម្មករផ្ទុះការតវ៉ាខាងលើ គេឃើញមន្ត្រីមន្ទីរការងារ និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះមកសម្របសម្រួលដោះស្រាយជាមួយកម្មករ និងភាគីក្រុមហ៊ុនភ្លាមៗផងដែរ។

យ៉ាងណា អ្នកម៉ៅការសំណង់ឱ្យក្រុមហ៊ុនចិន នៅច្រកអូរស្មាច់ លោកហង្ស តារា អះអាងដោយបានសន្យាថានឹងបើកឈ្នួលឱ្យកម្មករ ឱ្យអស់ នៅត្រឹមវេលាម៉ោង៣រសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកម៉ូត សុខមេសា អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា តាមផ្លូវច្បាប់គឺថៅកែត្រូវបើកប្រាក់ឈ្នួលឱ្យកម្មករ មួយខែ២ដង ប៉ុន្តែក្រុមហ៊ុនចិននេះ មិនបានអនុវត្តតាម និងកំពុងអនុវត្តដោយខុសច្បាប់ផងដែរ៕

RELATED ARTICLES