ភ្នំពេញ៖មិនមែនជាការពពោះ ឬពិធីជប់លៀងហៅភ្ញៀវតារារាប់រយនាក់ឲ្យចូលរួមនោះទេ ប៉ុន្ដែនៅថ្ងៃខួប អាពាហ៍ ពិពាហ៍ គម្រប់៧ឆ្នាំ របស់សុគន្ធ និសា និងស្វាមីនាងលោកចៅ សម្បត្តិ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ឆាប់ៗនេះ អតីតតារាចម្រៀងហង្សមាសរូបនេះនឹងចេញបទចម្រៀងនិយាយពីចំណងស្នេហានាងជាមួយអាណិក ជនខ្មែរមកពីរដ្ឋBoston សហរដ្ឋអាមេរិក រូបនេះជាមួយការដឹកដៃស្វាមីនាងថតMV ជាលើកដំបូងផងដែរ ។ នេះជាជំហ៊ានថ្មីរបស់សុគន្ធ និសា ក្នុងអាជីពចម្រៀងដែលពេលនេះនាងអាចផលិតបទចម្រៀងមួយណាដែលនាងចង់ធ្វើដោយខ្លួនឯងបានហើយ ក្រោយពីដើរចេញពីហង្សមាស ។ការនាំស្វាមីចូលថតខារ៉ាអូខេជាមួយខ្លួនរបស់សុគន្ធ និសា នាពេលនេះក៍បង្ហាញឲ្យឃើញថានិសា ដើរតាមផ្លូវដូចមាស សុខសោភា ដែរ ពោលគឺនាំប្ដីថតMV ឬឡង់សេប្ដីឲ្យល្បីដូចរូបនាងដែរ បើទោះជាកន្លងមកនាងកម្រនិងបណ្ដើរលោកសម្បត្តិ ទៅចូលរួមកម្មវិធីអ្នកសិល្បៈដោយបើកចំហ ដូចប្ដីប្រពន្ធតារាផ្សេងៗទៀតក៍ដោយ ។ប៉ុន្ដែពេលនេះនិសា អាចអន្ទងចិត្តស្វាមីឲ្យសម្ដែងMV ជាមួយនាងដើម្បីរក្សារទុកជាឯកសារសម្រាប់ពួកគេសាទរ ថ្ងៃខួបអាពាហ៍ ពិពាហ៍ របស់អ្នកទាំងពីរ។
ទោះជាយ៉ាងណាក្រៅពីទទួលបានការលើកទឹកចិត្ត និងជូនពរថ្ងៃខួបមង្គលការ៧ឆ្នាំនោះអ្នកគាំទ្រសុគន្ធ និសា ភាគច្រើននៅតែចង់ឲ្យនាងសម្រេចបំណងធំគឺការយកកូនទី១ឲ្យបានដូចបំណងប្រាថ្នា ក្រោយនាងតាំងចិត្តថាយកកូនដំបូងតាំងពីឆ្នាំ២០២០ តែ៤ឆ្នាំមកនេះបរាជ័យទាំងស្រុង ។ប្រភពខ្លះថានិសា ពិបាកដោះស្រាយជាមួយក្រុមគ្រួសារទាំងសងខាងដែលចង់ឲ្យនាងយកកូនតាំងពីនាងរៀបការហើយភ្លាមៗម្លេះ តែពេលនេះ៧ឆ្នាំ រកតែកូនង៉ាមួយបីប្រលែងលេងអត់បាន។ បញ្ហានេះគេជឿថាមកពីនិសា ពន្យាពេលយកូនដល់ទៅ៣ឆ្នាំ (២០១៧ -២០២០) ដោយសារតែនាងចង់ផ្ដល់កំណើតកូនទី១លើទឹកដីអាមេរិក ប៉ុន្ដែនៅឆ្នាំ២០២០ នាងប្ដូរចិត្តយកកូននៅខ្មែរវិញស្រាប់តែមិនបានដូចចិត្តឡើយ ។យ៉ាងណាគេជឿថានិសា ដែលទើបតែមានអាយុ៤០ឆ្នាំ នោះនឹងអាចយកកូនតាមក្ដីប្រាថ្នាបាននាពេលដ៍ខ្លីខាងមុខនេះជាមិនខានឡើយ បើទោះជាមាស សុខសោភា ធ្លាប់និយាយថាមនុស្សយើងពេលមានអាយុច្រើន រឿងដែលពិបាកនិងគួរឲ្យព្រួយបារម្ភគឺការយកកូនមិនបានដូចចិត្តនេះក្ដី ។
សុគន្ធ និសា បានរៀបការជាមួយលោកចៅ សម្បត្តិ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ហើយស្វាមីនាងជានាយកប្រតិបត្តិក្រុមហ៊ុនមែនញូឡាយប្រចាំនៅខ្មែរ នោះមករស់នៅតាមនាងតាំងពីមុនរៀបការម្លេះ ។ប៉ុន្ដែជាទម្លាប់និសា និងស្វាមីតែងតែទៅដើរលេងនៅអាមេរិក១ឆ្នាំម្ដង ដែលការទៅលើកក្រោយនៅចុងឆ្នាំ២០២៤ នេះនាងក៍បានរៀបចំឯកសារមួយចំនួនដើម្បីទទួលបានសិទ្ធិរស់នៅអាមេរិក ងាយស្រួលចេញចូលចុះឡើងមកខ្មែរផងដែរ។ប្រភពខ្លះថានិសា អាចនឹងនៅស្ដាយលុយសិល្បៈទើបនាងចេះតែរារែកចិត្តរឿងពពោះកូនទី១ ព្រោះបើពោះធំគឺត្រូវបាត់មុខពីឆាកតន្រ្ដីទាំងមុននឹងក្រោយសម្រាលយ៉ាងហោចណាស់ក៍១ឆ្នាំដែរ ហើយអំឡុងពេលដែលអាជីពសិល្បៈរបស់នាងកំពុងតែប្រឈមស្ងប់ស្ងាត់បែបនេះ ប្រសិនបើនាងលែងបង្ហាញខ្លួនលើឆាក និងចេញបទថ្មីៗដល់ទៅ១ឆ្នាំគឺនាងប្រាកដជាពិបាករក្សាលំនឹងជាមិនខាន ។
សូមបញ្ជាក់ថាទោះជាពេលនេះសុគន្ធ និសា បានចេញពីហង្សមាសមកផលិតបទចម្រៀងដោយខ្លួនឯងក្ដី ប៉ុន្ដែនាងនៅតែបន្ដឡើងច្រៀងនៅឆាកហង្សមាសជាធម្មតា ខុសពីតារាខ្លះដែលបាយបាយ ហង្សមាសហើយលែងចេញមុខនៅឆាកផលិតកម្មនេះតទៅទៀតតែម្ដង។តែគេមិនទាន់ដឹងថាថៅកែហង្សមាសនៅតែរក្សារតំណែងធំទាំង២របស់នាងគឺធ្វើជាគ្រូបង្វឹគThe Voice Kids Cambodia និងជាគណៈកម្មការCambodian Idol នៅរដូវកាលថ្មីទៀត ឬដកនាងចេញដាក់អ្នកថ្មីចូលនោះទេ ខណៈដែលមានដំណឹងថាGalaxy ចាប់អារម្មណ៍ឲ្យនាងទៅចាប់ដៃជាមួយលោកព្រាប សុវត្ថិ ជាលើកទី២ តែនាងហាក់មិនចាប់អារម្មណ៍ឡើយ ព្រោះមិនចង់ប្រជែងជាមួយនាងតន់ ច័ន្ទសីម៉ា ហើយពេលនេះបែជាងាកមកនាំស្វាមីថតMV ជាមួយគ្នាទៅវិញ ៕