ភ្នំពេញ៖បើទោះជាមិនសូវល្បីរន្ទឺដូចមុននារយៈពេលចុងក្រោយនេះក្ដី ប៉ុន្ដែនាងតន់ ច័ន្ទសីម៉ា តួឯករបស់Galaxy នោះនៅតែមិនព្រមទម្លាក់តម្លៃខ្លួនឡើយ ដែលបញ្ហានេះហើយធ្វើឲ្យនាងសឹងតែបាត់បង់ឱកាសទាំងស្រុង ច្រៀងសម្ដែងតាមឆាកតន្រ្ដីប៉ុស្ដិ៍ទូរទស្សន៍ដូចតារាផ្សេងៗទៀតនារយៈពេលជាង៤ឆ្នាំចុងក្រោយនេះ ព្រោះតែអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដី គ្មានលទ្ធភាពជួល។តែនាងសីម៉ា ដែលធ្លាប់ច្រៀងនាពេលរាត្រីនៅហាងវីហ្វ្រេនបានប្រាក់ខែត្រឹមតែ៤៥០ដុល្លារ នោះពេលនេះនាងចេញច្រៀងConcerts ធំៗភាគច្រើនតែការរៀបចំរបស់Galaxy ប៉ុណ្ណោះ ក្រោយអ្នកតំណាងផលិតកម្មធ្លាប់ប្រកាសថានាងស៊ីថ្លៃ១កម្មវិធី៥ពាន់ដុល្លារនោះមក។ការចោលលុយល្អិតពីឆាកតន្រ្ដីតាមស្ថានីយ៍ទូរទស្សន៍រួមទាំងបាត់ឱកាសច្រៀងឲ្យConcerts ផ្សេងៗ ក្រៅពីGalaxy នោះនាំឲ្យនាងសីម៉ា ធ្លាក់ចំណូលមួយច្រកធំ បើប្រៀបធៀបតារាល្បីៗលំដាប់ជូរមុខផ្សេងៗទៀត ខណៈដែល៥ឆ្នាំចុងក្រោយនេះគេឃើញអតីតអ្នកស្មូតលេខ១ ប្រចាំខេត្តតាកែវរូបនេះនៅតែជាតារាស្រីលំដាប់ជូរមុខរបស់Galaxy ដដែល ព្រោះថៅកែអត់ទាន់មានគ្មានផែនការណ៍ ទិញតារាស្រីជើងខ្លាំងរូបណា មកប្រជែងនាងទេ បន្ទាប់ពីមានដំណឹងថាមាស សុខសោភា និងពេជ្រ សោភា សុទ្ធតែច្រានចោលសំណើរទៅរួមទ្រនុំនេះ ដែលមានន័យថាព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងខេម នៅតែគ្មានជម្រើសផ្សេងក្រៅពីបន្ដចាប់ដៃគូនាងបន្ដទៀតឡើយ ។

តន់ ច័ន្ទសីម៉ា ធ្លាក់កូដបន្ដិចនារយៈពេល២ឆ្នាំចុងក្រោយនេះ ព្រោះតែនាងមានភាពចម្រូងចម្រាសជាមួយFan ដោយសារតែនាងចេញមុខការពារថៅកែខ្លាំងពេក រហូតមានអ្នកខ្លះព្រមានធ្វើពហិកា លែងស្ដាប់ចម្រៀងនាងថែមទៀតផង។យ៉ាងណានាងសីម៉ា អាយុ២៦ឆ្នាំ រូបនេះមិនក្វល់ឡើយ ព្រោះថាអាជីពនាងពេលនេះបើប្រៀបធៀបទៅនិងកាលពីមុនចូលGalaxy គឺផ្ទុយគ្នាស្រឡះ ហេតុនេះ ហើយបានជានាងមិនព្រមទម្លាក់តម្លៃខ្លួនបែបនេះរហូតមានអ្នកខ្លះថានាងដូចបិទផ្លូវខ្លួនឯងទៀតផង ។

តន់ ច័ន្ទសីម៉ា ដែលជាតារាក្លាហាន ហ៊ានសារភាពរឿងកែកុនសម្រស់ថាបានធ្វើដល់ទៅ៣កន្លែងគឺធ្វើច្រមុះ ,ចាក់ចង្កា និងពត់ធ្មេញ នោះនៅឆ្នាំ២០២៤ នេះស្រីស្រស់បន្ដលាក់ម្ចាស់ស្នេហ៍តទៅទៀត ព្រោះមិនដែលកៀកកើយសង្សារជាសាធារណៈឡើយ និងតែងថ្ងូរថាអត់សង្សារដូចគេទៀតផង។ប៉ុន្ដែនាងសីម៉ា ដឹងខ្លួនឯងច្បាស់ថាគ្មានអ្នកណាម្នាក់ជឿថានាងអត់ប្រុសស្នេហ៍នោះទេ ។

សូមបញ្ជាក់ថាក្រៅពីតន់ ច័ន្ទសីម៉ា តារាដែលផ្ដើមចេញពីស្មូតមានដូចជាចំរើន សុភ័ក្រ្ដ ,គី សាវីន និងលោកស្រីហ៊ឹម ស៊ីវន តែក្នុងនោះសីម៉ា មានយីអ៊ុនល្អជាងគេដោយសារតែប៉ុន្មានឆ្នាំចុងក្រោយនេះតារាប្រុសល្បីៗលំដាប់ជូរមុខទាំង៣ ព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងខេម ជាដៃគូនាងតែម្នាក់គត់ ដែលធ្វើឲ្យតារាស្រីផ្សេងៗទៀតពិបាកទប់ទល់ ។តែចំពោះដំណឹងថានាងសីម៉ា នឹងក្លាយជាតួឯកក្នុងភាពយន្ដខ្នាតធំរបស់Galaxy ព្រោះថៅកែចង់ឲ្យនាងល្បីថែមទៀតនោះ ពេលនេះនៅតែជាប់គាំងនៅឡើយ ។អ្នកជំនាញសិល្បៈបានព្រមានថានាងសីម៉ា អាចនឹងប្រឈមធ្លាក់កូដវិញប្រសិនបើនាងមានការខ្វែងគំនិតជាមួយអ្នកគាំទ្រ ម្ដងទៀត ព្រោះអ្នកសិល្បៈនៅលើមហាជនជាអ្នកកំណត់ ពីប្រជាប្រិយភាពរបស់ពួកគេ មិនមែនតារាឈរលើទស្សនិកជនឡើយ ។តែតារារួមអាជីពបាននិយាយការពារនាងសីម៉ា ថានាងបានប្រយោជន៍ដោយសារតែថៅកែ ហេតុនេះបើមិនឲ្យនាងការពារអ្នកឧកញ៉ា តើឲ្យទៅការពារអ្នកណាទៅ ?




