ខេត្តកំពង់ចាម ៖ លោកសេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងអនុប្រធានក្រុមការងារ ចល័តចម្រុះ សមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវជាតិ លេខ៦ ត្រង់គីឡូម៉ែត្រលេខ 46+300 ស្រុកបាធាយ ខេត្តកំពង់ចាម។
នៅក្នុងប្រតិបត្តិការខាងលើ ដែលបានធ្វើឡើងនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារបានត្រួតពិនិត្យយានយន្ត ចំនួន៣គ្រឿង មានបំពាក់ឡូហ្គោ TH, TS បានផ្ទុកទម្ងន់សរុបចន្លោះពី៦២តោន ដល់៨៧តោន លើសទម្ងន់កម្រិតកំណត់ចន្លោះពី ១៧តោន ដល់៤២តោន គិតជាភាគរយគឺលើសចន្លោះពី ៣៧ភាគរយ ដល់ ៩៣ ភាគរយ ដែលច្បាប់អនុញ្ញាត ត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល ១ឆ្នាំ ទាំង៣គ្រឿង ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្តីជូនដំណឹង លេខ០៤៩ សជណ សក.គតលទ ស្តីពីការពង្រឹង វិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និង អ្នកបើកបររថយន្ត ធុនធ្ងន់ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ សូមចូលរួមបញ្ឈប់ការប្រើប្រាស់ឡូហ្គោផ្សេងៗ បិទជាប់ឡាន និងកុំដឹកជញ្ជូនទំនិញលើសទម្ងន់ កម្រិតកំណត់ ដែលឈានទៅដល់ការឃាត់រថយន្តទុកចំនួន១ឆ្នាំ ដែលនាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃ និងសូមបញ្ជាក់ថារាល់ការអន្តរាគមន៍ទាំងអស់ គឺពុំមានប្រសិទ្ធភាព និងត្រូវបានបញ្ចប់។
ការចូលរួមគោរពច្បាប់ ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់របស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ដើម្បីការពារផ្លូវថ្នល់យើងខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិត អ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ។ក្រសួង នឹងបន្តយុទ្ធនាការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅទូទាំងប្រទេសដូចភ្លៀង រលឹម ដើម្បីទប់ស្កាត់និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែង៕