Friday, November 22, 2024
Homeតារាខ្មែរតារាសម្ដែងណាវ៉ាត់ត្រា ៖តក់ស្លុតខ្លាំង ម្ដាយអាយុ៦៥ឆ្នាំ មានជំងឺ១០មុខ សង្រ្គោះបន្ទាន់

តារាសម្ដែងណាវ៉ាត់ត្រា ៖តក់ស្លុតខ្លាំង ម្ដាយអាយុ៦៥ឆ្នាំ មានជំងឺ១០មុខ សង្រ្គោះបន្ទាន់

បាត់ដំបង៖លោកណាវ៉ាត់ត្រា បានបង្ហាញអារម្មណ៍រន្ធត់ តក់ស្លុតខ្លាំង ព្រោះតែម្ដាយជាទីស្រលាញ់របស់លោកធ្លាក់ខ្លួនឈឺធ្ងន់ដោយសារតែជំងឺរបេង ,សួត ទឹកនោមផ្អែម …ពោលគឺជំងឺជិត១០មុខ ដែលធ្វើឲ្យលោកស្រីញេប ឡេង អាយុ៦៥ឆ្នាំ មានសុខភាពភាពទ្រុតទ្រោមខ្លាំង ព្រោះញាំអាហារ មិនបានឡើយ រហូតដល់កោសក់ទៀតផង ។ប៉ុន្ដែលោកណាវ៉ាត់ត្រា ថាក្រោយប្ដូរពីពេទ្យរដ្ឋមកពេទ្យឯកជនវេជ្ជ​បណ្ឌិតម៉ក់ សាធេប ដែលមានជំនាញរបេង និងសួត នោះធ្វើឲ្យស្ថានភាពសុខភាពម្ដាយលោកប្រសើរជាងមុនដល់ទៅ៧០% ដោយសារតែពេទ្យ​បញ្ចូល និងបាញ់អាហារតាមទុយោទើបម្ដាយមានកំលាំងបន្ដិចវិញ ។

 លោកណាវ៉ាត់ត្រា ថាលោកបានអរគុណដល់ថៅកែរបស់លោកGoal Palace KTV ដែលមានការយោគយល់អនុញ្ញាត្តិឲ្យលោកទៅមើលថែម្ដាយបានមួយរយៈ ធ្វើឲ្យម្ដាយមានកំលាំងចិត្តពេលឃើញលោកទៅដល់ ។ប៉ុន្ដែពេលនេះលោកបានមកធ្វើការវិញហើយ ខណៈដែល​ម្ដាយលោកមានបងប្អូនលោកជាអ្នកមើលថែជំនួសលោក។លោកបានឲ្យដឹងថាម្ដាយលោកធ្លាក់ខ្លួនឈឺ៣ខែមកហើយ ដោយសារតែផ្គួបផ្សំនិងជំងឺបាក់ទឹកចិត្តផងដែរ ទើបធ្វើឲ្យម្ដាយឆាប់ធ្លាក់ចូលស្ថានភាពធ្ងន់ធ្ងរ​បែបនេះ ។លោកថាក្នុងនាមជាកូនសែនខ្លោចចិត្តពេលឃើញម្ដាយស្ថិតក្នុងសភាពគេងលើគ្រែពេទ្យ ព្រោះម្ដាយលោកតស៊ូចិញ្ចឹមកូនៗតែម្នាក់ឯង ដើរតួជាម្ដាយផងឪពុកផងតាំងពីលោកនៅតូចម្លេះ ។

 សូមរំលឹកថាតារាសម្ដែងចាន់ស៊ី ស៊ីណាវ៉ាត់ត្រា មានប្រវត្តិកម្សត់កំព្រាឪពុកតាំងតែពីតូចម្លេះ ហើយលោកធ្លាប់ទួលនំលក់តាមបេនឡានទៀតផង តែបានតស៊ូរៀនរហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកធនាគារ  និងបម្រើការនៅធនាគារអេស៊ីលីដា ក្នុងតួនាទីជាជំនួយការបម្រើអតិថិជន នៅឆ្នាំ២០១២ និងឆ្នាំ២០១៤ លោកជាភ្នាក់ងារឥណ ទានរបស់ធនាគារខាងលើ ។ប៉ុតែលោកណាវ៉ាត់ត្រា ដែលលេចមុខតាមMV បទចម្រៀងជាច្រើនបទនៅថោន និងរឿងអប់រំ រួមទាំងស្ពតមួយចំនួននោះ ពេលនេះលោកធ្វើជាមេការខារ៉ាអូខេ Goal Palace KTV ហើយនៅតែបន្ដអាជីពសិល្បៈដដែល ។

 លោកណាវ៉ាត់ត្រា ថាដោយសារតែពេលនេះសេដ្ឋកិច្ចមិនល្អ លោកមិនប្រកាន់ខ្លួនថាធ្វើការនេះមិនល្អ ធ្វើនោះមិនល្អទេ សំខាន់ឲ្យតែការងារសុច្ចរិត ស្របច្បាប់ ព្រោះពេលនេះលោកត្រូវប្រឹងរកលុយសម្រាប់ផ្គត់ផ្គងគ្រួសារផង និងព្យាបាលជំងឺម្ដាយផង ។លោកថាជាកូនៗគ្មានអ្វីសប្បាយចិត្តជាងឃើញអ្នកមានគុណមានសុខភាពល្អឡើងវិញ អាយុយឺនយូ ជាម្លប់សម្រាប់កូនៗនោះឡើយ ។

 លោកណាវ៉ាត់ត្រា ថ្លែងសារថា«ម៉ែជាអ្នកមានគុណដ៏ធំណាស់សម្រាប់កូន ម៉ែឈឺ​យូរហើយ ម៉ែលំបាកណាស់ បើកូនអាចឈឺជំនួសបានកូននឹងទទួលយកទាំងអស់។ ម៉ែលំបាកពេកហើយ ម៉ែឈឺចុកចាប់កូនស្ទើររីងរៃ ពីមួយថ្ងៃទៅមួយថ្ងៃសង្ឃឹមថាទេវ​តានិង​ប្រទានពរជ័យដល់គ្រួសារយើង ពិសេសគឺម៉ែឆាប់ ជាសះស្បើយឆាប់ៗនេះណាម៉ែ ហើយ​ម៉ែជាស្រ្តីដ៏ខ្លាំងក្លាសំរាប់កូនដើរតួជាម្តាយផងជាឪពុកផងរយះពេល៣៥ឆ្នាំដែរកូនបានកើតមកកូនរង់ចាំម៉ែសើចសប្បាយវិញដូចមុនៗ ។ រាល់ថ្ងៃនេះម៉ែគឺជាបេះដូងនៃកូន ទោះដល់ទីណា កូននៅតែនឹកម៉ែ ម៉ែគឺជាស្ត្រីដ៏រឹកមាំ សម្រាប់កូនៗ ទាំងអស់គ្នា កូននឹងសន្យាថាចាប់ពី​ពេល​នេះ​ទៅកូនប្រឹងគ្រប់យ៉ាងដើម្បីម៉ែ» ៕

RELATED ARTICLES