ភ្នំពេញ៖អតីតពិធីការិនីបាយ័ននាងពេជ្រ សេរីរ័ត្ន បានធ្វើខួបកំណើតគម្រប់អាយុ៤០ឆ្នាំ កាលពីរាត្រីថ្ងៃទី២០ វិច្ឆិកា នៅហាងមួយដែលភ្ញៀវចូលរួមតម្រូវឲ្យស្លៀកពាក់ឈុតខ្មៅទាំងអស់ ខណៈដែលរូបនាងជាសាមីខ្លួនបែជាគ្រងឈុតក្រហមស្ដើង បញ្ចេញសាច់សខ្ចីទៅវិញ ។គេឃើញភ្ញៀវដែលទៅសាទរ អតីតសង្សារលោកគង់ វិសាល រូបនេះនៅថ្ងៃខួបកំណើតនាងមានដូចជាលោកប៉ែន ចំរ៉ុង ,ម៉ែន អេង ,ជា សុវណ្ណារិទ្ធ ,ស៊ឹម សូលិកា ,ទឹម រដ្ឋា ,ទឹម វត្តី រួមទាំងលី ម៉ារីណា និងស្វាមីជាដើម ។

តារារួមអាជីពបានជូនពរឲ្យពេជ្រ សេរីរ័ត្ន នៅតែមានសម្រស់ស្រស់ស្អាត និងខ្លះជូនពរឲ្យនាងឆាប់បានប្ដី បើទោះជាពេលនេះសេរីរ័ត្ន មានកូន២នាក់ទៅហើយក្ដី ។ចំណែកតារាខ្លះបានបង្អាប់សេរីរ័ត្ន ថា«ចាស់ហើយធ្វើខួបទៀត » ដែលធ្វើឲ្យពិធីការិនីជំនាញខាងដោះស្រាយអ្នកមានវិបត្តិស្នេហ៍រូបនេះអៀនហើយគ្មានវាចាថ្លែង។

នៅថ្ងៃខួបកំណើតរបស់ពេជ្រ សេរីរ័ត្ន ឆ្នាំនេះគេឃើញនាងបង្ហាញស្និតស្នេហ៍ជាមួយបុរសម្នាក់ដូចគូស្នេហ៍ ប៉ុន្ដែនាងមិនប្រាប់ថាប្រុសនោះត្រូវជាអ្វីនិងនាងឡើយ បើទោះជាមានអ្នកខ្លះសង្ស័យថាលោកអាចជាមនុស្សពិសេសក្នុងបេះដូងនាងក្ដី ។អ្វីដែលគួរឲ្យកត់សម្គាល់សេរីរ័ត្ន ដែលមានវ័យដល់ទៅ៤០ឆ្នាំទៅហើយនោះនាងនៅតែមានសាច់សខ្ចីម៉ដខៃគួរឲ្យចង់ស្ទាបអង្អែល ហើយតារាកូន២រូបនេះ សប្បាយចិត្តណាស់នៅពេលដែលឭមិត្តភក្ដិសរសើរថាស្អាត មិនខ្ចីចាស់ ដោយនាងវាចាថាពាក្យនោះធ្វើឲ្យនាងមានកំលាំងទាំងមិនបាច់ញាំបាយ ។

គួរកត់សម្គាល់ថាក្រៅពីពេជ្រ សេរីរ័ត្ន តារាដែលមានវ័យជ្រេបន្ដិច តែនៅតែធ្វើខួបកំណើតសឹងជារៀងរាល់ឆ្នាំដូចក្មេងៗនោះមានដូចជាអ្នកនាងលី ម៉ារីណា ,សឿន ផានផាភួង ខណៈដែលឱក សុគន្ធកញ្ញា ,មាស សុខសោភា និងពេជ្រ សោភា ជាដើម ភាគច្រើនគឺFan របស់ពួកគេរៀបចំឲ្យ។សម្រាប់សេរីរ័ត្ន វិញនាងជប់លៀងខួបឆ្នាំនេះ ដើម្បីបានជួបជុំមិត្តភក្ដិចាស់ៗធ្លាប់រួមការងារជាមួយគ្នាពីមុន ព្រោះទោះជាពេលនេះនាងមិនសូវសកម្មការងារសិល្បៈទៀតក្ដី ប៉ុន្ដែសេរីរ័ត្ន នៅតែមានទំនាក់ទំនងល្អជាមួយតារាដែលស្និតនាងដដែល ហើយពួកគេថែមទាំងចង់ឃើញនាងវិលមកកាន់ក្បាលមីក្រូលើឆាកវិញយ៉ាងពេញទំហ៊ឹងទៀតផង។

សូមរំលឹកថាពេជ្រ សេរីរ័ត្ន បានដកឃ្លាពីអាជីពMC ជាច្រើនឆ្នាំក្រោយនាងចែកផ្លូវជាមួយអតីតសង្សារលោក គង់ វិសាល កាលពីឆ្នាំ២០១១ ហើយពេលនេះនាងមានកូន២នាក់(ស្រី១) ទាំងមិនដែលប្រាប់ថាប្រុសណាជាឪពុកកូនៗរបស់នាងឡើយ ។យ៉ាងណាតាមព័តមានថាប្ដីលាក់មុខរបស់សេរីរ័ត្ន គឺជាបុរសវ័យចំណាស់ឈ្មោះ«សុខា » ដែលរកស៊ីនាំចូលវិស័យថាមពលសូឡា ពីបរទេសមកលក់នៅខ្មែរ ដែលប្រុសនោះមានប្រពន្ធនៅអូស្រា្ដលីទៅហើយ ។តែសេរីរ័ត្ន ធ្លាប់និយាយថាឈ្មោះ«សុខា »នោះថាជាក្មួយរបស់នាងទៅវិញ ហើយនាងព្យាយាមលាក់មុខប្ដីតទៅទៀត។សេរីរ័ត្ន ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងមិនកំណត់ពីពេលវេលារៀបការនោះទេ តែនាងទទួលធ្វើMC ដូចមុន ហើយគេបានឃើញនាងចេញមុខតាមកម្មវិធីរបស់ក្រុមហ៊ុនកម្សាន្ដលោកអាឡិច ចាន់ត្រា និងយ៉ែម សំអូន ផងដែរ។

ក្រៅពីពេជ្រ សេរីរ័ត្ន តារាដែលជ្រើសផ្លូវយកកូនមុនរៀបការកាន់តែមានបរិមាណច្រើន នារយៈពេលចុងក្រោ យនេះ ដែលខ្លះបានវិលរកអាជីពចាស់វិញ ប៉ុន្ដែមួយចំនួនទៀតច្រើនតែសម្ងំសោយសុខលើគនរទ្រព្យ លែងក្វល់ពីការងារសិល្បៈទៀតហើយ។ចំពោះសេរីរ័ត្ន វិញក្រោយលាក់ប្ដីបានជាង១០ឆ្នាំ បុរសដែលនាងស្និតស្នាលជាងគេគឺលោកអាឡិច ចាន់ត្រា រហូតមានអ្នកខ្លះរិះគន់នាងថាចង់យកលោកអាឡិច ដែលមានប្រពន្ធកូនហើយនោះមកបាំងប្ដីខ្លួនឯងទៀតផង ៕



