ភ្នំពេញ៖តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា ត្រូវគូស្នេហ៍របស់នាងលោកលី សេងហួរ បង្ហាញពីយតម្រុយចូលរោងការតាំងពីខែធ្នូ ឆ្នាំ២០២៣ គឺចំពេលដែលស្រីនាថ អះអាងថានាងចង់រៀបការនៅអាយុ៣០ឆ្នាំ ពោលគឺនៅឆ្នាំ២០២៤ តែពេលនេះជិតឆ្លងឆ្នាំសាកលទៅហើយ ស្ងាត់រឿងអ៊ីវ៉ា ចង់ធ្វើជាកូនក្រមុំមែនទែន ដែលមានន័យថាសម្រាប់មង្គលការនៅឆ្នាំ២០២៤ នេះមិនអាចចេញជារូបរាងឡើយ ។
អ្នកយកព័តមានយើងបានទូរស័ព្ទទៅអ៊ីវ៉ា កាលពីរសៀលថ្ងៃទី២២ វិច្ឆិកា តែទូរស័ព្ទតេមិនចូលឡើយ។យ៉ាងណាស្រីនាថ និងលោកសេងហួរ តែងតែបង្ហាញកាយវិការចិត្ត១ ថ្លើម១ ដូចជាការធ្វើស្លាកលេខរថយន្ដដាក់ឈ្មោះពួកគេបញ្ចូលគ្នា រួមទាំងដាក់ទុករកស៊ីរួមគ្នាជាដើម ដែលនេះបញ្ជាក់ថាពួកគេមានទំនុកចិត្ត និងភាពច្បាស់លាស់លើគ្នា១០០ % ។ប៉ុន្ដែតាមប្រភពថាស្រីនាថ មិនឲ្យលោកសេងហួរ ដើរតាមនាងនៅឆាកតន្រ្ដីដែលនាងសម្ដែងជាចំហឡើយ ពោលគឺអាចបើកឡានជូននាងទៅបានតែសម្ងំក្នុងឡានចាំនាង ដែលខុសពីគូស្នេហ៍តារាមួយចំនួនសង្សារគេច្រើនតែយូសម្លៀកបំពាក់ ចាក់ភ្លេង ឬថតរូបឲ្យកំពូលស្នេហាពេលឡើងច្រៀងលើឆាកតន្រ្ដី បើទោះជាអ៊ីវ៉ា ធ្លាប់ដឹកដៃគូស្នេហ៍ថតMV ជាមួយគ្នាក្ដី។។អ្នករៀបចំការប្រគុំតន្រ្ដីម្នាក់បង្ហើបថាអ៊ីវ៉ា ធ្វើបែបនេះព្រោះនាងមិនចង់ឲ្យFan ពិបាកចូលជិតនាងបើសិនជាមានសង្សារធ្វើជាអង្គរក្ស នោះហេតុនេះហើយបានជាស្រីនាថ អាចបង្ហាញនូវភាពស្និតស្នាលជាមួយអ្នកគាំទ្រនាងទៅដល់ឆាកតន្រ្ដីដោយសេរី ។
អ៊ីវ៉ា បានសាងស្នេហ៍សម្ងាត់ជាមួយលោកលី សេងហួរ ថៅកែក្លិបបាល់ទាត់សៀមរាបយូណាយធីត ជាង៨ឆ្នាំមកហើយ និងទើបតែបើកស្នេហ៍ចំហជាងមួយឆ្នាំចុងក្រោយនេះ ខណៈដែលឪពុកម្ដាយលោកសេងហួរ ដែលជាអ្នកជំនួញធំនៅក្រុងសៀមរាប បានហៅនាងថាកូនៗ ទោះជានាងមិនទាន់ក្លាយជាភរិយាលោកសេងហួរ ស្របច្បាប់ក្ដី តែតាមព័តមានថាតារាសាន់ដេរូបនេះបានភ្ជាប់ពាក្យជាមួយលោកសេងហួរ តាំងពីឆ្នាំ២០២៣ ។អ្នកដឹកនាំតារាសាន់ដេម្នាក់បង្ហើបថាអ៊ីវ៉ា ពេញចិត្តថៅកែក្មេងរូបនេះខ្លាំងព្រោះលោកមិនចេះប្រចណ្ឌឬហួងហែងនាងផ្ដែសផ្ដាសនោះទេ បើទោះជាលោកសេងហួរ តែងតែតាមដាននាងគ្រប់សកម្មភាពដូចជាឲ្យនាងរាយការណ៍ទៅលោកពីការចេញច្រៀងសម្ដែងនៅទីណា និងមកដល់ផ្ទះនៅម៉ោងប៉ុន្មានក៍ដោយ។
ក្រៅពីអ៊ីវ៉ា តារាដែលលុបចោលមង្គលការនៅឆ្នាំ២០២៤ មានដូចជាអ្នកនាងយុគ ចិន្ដា ,ប៉ាច គីមមួយ និង ពេជ្រ សោភា ជាដើម ។ការមិនព្រមធ្វើកូនក្រមុំមែនទែនរបស់ស្រីនាថ នៅឆ្នាំរោងនេះអ្នកដែលតុកសិចជាងគេមិន មែនលោកសេងហួរ នោះទេ ប៉ុន្ដែជាលោកវ៉ាវ ព្រោះលោកចង់ឲ្យនាងរៀបការតាំងពីអាយុ២៥ឆ្នាំ ឥឡូវអ៊ីវ៉ា ជិតអាយុ៣១ឆ្នាំហើយនៅតែមិនព្រមការប្ដី ។ទាក់ទងរឿងនេះគេជឿថាស្រីនាថ មានការព្រួយបារម្ភរឿងមានប្ដីទៅ អាជីពចម្រៀងទៅមុខលែង ទើបនាងមិនហ៊ានប្រថុយបំពេញបំណងឪពុកបែបនេះ ។ប៉ុន្ដែចំណងស្នេហាស្រីនាថ និងលោកហួរ គ្មានហានិភ័យនោះទេ ព្រោះចំណងស្នេហាពួកគេមានការគាំទ្រពីក្រុមគ្រួសារទាំងសងខាង ហើយលោកហួរ ចាំតែសម្របខ្លួនតាមនាងប៉ុណ្ណោះ ពោលគឺឲ្យតែនាងព្រមរៀបកានៅពេលណាលោកនឹងបំពេញបំណងនាងភ្លាម ។
សូមបញ្ជាក់ថាអ៊ីវ៉ា បានផាត់ចោលផលិតកម្ម៣ដែលចង់បាននាងគឺហង្សមាស ,ថោន និងGalaxy ហើយពេលនេះនាងនៅតែបន្ដច្រៀងឲ្យសាន់ដេ ដោយគ្មានកុងត្រា ខណៈថៅកែបានផ្ដល់សិទ្ធិពិសេសឲ្យនាងគឺស្រីនាថ អាចច្រៀងតែបទនាងស្រលាញ់ ចំពោះបទដែលនាងមិនចូលចិត្តអាចបដិសេធបាន ។តែអ៊ីវ៉ា ដែលអាចច្រៀងបានជាច្រើនទម្រង់នោះនៅតែជាតួរង ព្រោះរៀមច្បងសុខ ពិសី គ្រងតំណែងតួឯកនៅទ្រនុំនេះជាច្រើនឆ្នាំតទៅទៀត ដោយគ្មានតារារួមទ្រនុំម្នាក់ណាអាចប្រជែងជាមួយនាងបានឡើយ ៕