ភ្នំពេញ ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងស្តីពីករណីឆបោកបុគ្គលិករដ្ឋបាល ឬតំ ណាងសហគ្រាស គ្រឹះស្ថាន ឱ្យប្រើមធ្យោបាយក្លែងក្លាយក្នុងការទូទាត់ថ្លៃសេវាសាធារណៈរបស់ក្រសួង ដែលនាំឱ្យមានការខាតបង់ថវិការបស់និយោជក។
យោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យដឹងថា នាពេលលថ្មីៗនេះ មានជនអនាមិក បានបង្កើតគណនីតេឡេក្រាមក្លែងក្លាយ ឈ្មោះ “សម្រាប់និយោជក” (https://t.me/EmployerrChat) ដោយបានបន្ថែមអក្សរ “រ”មួយទៀត ក្នុងតំណភ្ជាប់ដែលស្រដៀងនឹងឈ្មោះក្រុមតេឡេក្រាមផ្លូវការ “សម្រាប់និយោជក” (https://t.me/EmployerChat) របស់ក្រសួងការងារ ដែលមានសមាជិកចំនួនជាង ២៥០០០នាក់ ជាមធ្យោបាយទាក់ទងជាមួយបុគ្គលិករដ្ឋបាល ឬតំណាងសហ គ្រាស គ្រឹះស្ថាន ដោយជនអនាមិកបានប្រតិដ្ឋព័ត៌មានថា ប្រព័ន្ធបង់ថ្លៃសេវាសាធារណៈរបស់ក្រសួង មានបញ្ហាមិនដំណើរការ និងបង្គាប់ឱ្យបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថានបង់ប្រាក់ទៅកាន់លេខគណ នីធនាគារ ឬ QR Code ផ្ទេរប្រាក់របស់ខ្លួន ដែលនាំឱ្យមានការខាតបង់ថវិការបស់ និយោជក។
ក្នុងន័យនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ជូនថា ក្រសួងមិនមានគោលការណ៍ឱ្យមន្ត្រីផ្សព្វផ្សាយលេខគណនីធនាគារផ្ទាល់ខ្លួន ទៅបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាសគ្រឹះស្ថាននោះទេ ក្រៅពីមធ្យោបាយបង់ប្រាក់តាមប្រព័ន្ធ LACMS (https://lacms.mlvt.gov.kh) ដែលមានការណែនាំស្រាប់ក្នុងប្រព័ន្ធអំពីការទូទាត់ថ្លៃសេវា។
ករណីនេះក្រសួង កំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនប្រព្រឹត្តបទល្មើស។ ក្នុងករណីសង្ស័យ ឬសាកសួរព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ប្រព័ន្ធ Hotline លេខ 1286 ឬ 1297 ឬក្រុមតេឡេក្រាមផ្លូវការ “សម្រាប់និយោជក” (https://t.me/EmployerChat) ឬប្រអប់បណ្តឹងអនាមិករបស់ក្រសួង (https://feedback.mlvt.gov.kh/feedback)។ ក្រសួងការងារ បានណែនាំឱ្យនិយោជក បង្កើនការប្រុងប្រយ័ត្នចំពោះករណីឆបោកនេះ៕