ភ្នំពេញ ៖ យុវជនជានិស្សិតមួយរូប បានជិះម៉ូតូទៅចូលរួមពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សា លុះចប់កម្មវិធីចេញមកវិញ ស្រាប់តែបាត់ម៉ូតូ មិនដឹងចោរលួចតាំងពីថ្មើរណា ធ្វើឱ្យយុវជនខាងលើ អស់សង្ឃឹមយ៉ាងខ្លាំង ដោយសារជីវភាពទីទ័លក្រ មានតែម៉ូតូ ១គ្រឿងប៉ុណ្ណោះ ជាទ្រព្យជាប់ខ្លួន។ យ៉ាងណាបន្ទាប់ពីទទួលបានព័ត៌ មាននេះ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួយឧបត្ថម្ភម៉ូតូថ្មី ១គ្រឿង ព្រមទាំងថវិកាមួយចំនួន ដល់និស្សិតរងគ្រោះរូបនោះភ្លាមៗផងដែរ។
ករណីបាត់ម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចបរិវេណមុខសាលមហោស្រពកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
យុវជនជានិស្សិតដែលត្រូវចោរលួចម៉ូតូបាត់ ចំថ្ងៃទទួលសញ្ញាបត្រ មានឈ្មោះហេង គឹមហុង អាយុ២៦ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែករូបវិទ្យា ដែលទើបនឹងបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រថ្មោងថ្មី មានស្រុកកំណើតនៅខេត្តរតនគិរី។ ចំណែកម៉ូតូដែលត្រូវចោរលួចយកទៅបាត់នោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ រតនគរី 1C-7045។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចបរិវេណកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានការរៀបចំពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាព សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ លុះក្រោយពេលកម្មវិធីបានបញ្ចប់ ស្រាប់តែមានយុវជនជានិស្សិតជ័យលាភីម្នាក់ ឈ្មោះហេង គឹមហុង បានឆោឡោបាត់ម៉ូតូ ១គ្រឿង ខណៈដែលខ្លួនបានជិះមកចូលរួមពិធីទទួលសញ្ញាបត្រ តែក្រោយទទួលបាន សញ្ញាបត្រ បែរជាបាត់ម៉ូតូ ទើបយុវជនរូបនេះបានសម្តែងនូវអារម្មណ៍ខកចិត្តនិងសោកស្តាយយ៉ាងខ្លាំង ព្រោះតែខ្លួនមានជីវភាពក្រីក្រ មានតែម៉ូតូ ១គ្រឿងនេះ សម្រាប់ជិះទៅរៀនផង និងធ្វើការផង បែរជាត្រូវចោរលួចទៅបាត់។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចជួយឧបត្ថម្ភម៉ូតូថ្មី ១គ្រឿង ព្រមទាំងថវិកាមួយចំនួន ដល់និស្សិតរងគ្រោះ ដើម្បីសម្រួលដល់ការធ្វើដំណើរ។
លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា “ជួបនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ករណីបាត់ម៉ូតូ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានជួបសំណេះសំណាលជាមួយប្អូនប្រុស ហេង គឹមហុង និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមគ្រួសារ ករណីបាត់ម៉ូតូ ចំនួន១គ្រឿង កាលពីម្សិលមិញនេះ។ ប្អូនប្រុស ហេង គឹមហុង មានលំនៅ ខេត្តរតនគិរី បានបាត់ម៉ូតូ ១គ្រឿង ក្នុងឱកាសចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ដើម្បីជួយសម្របសម្រួលដល់ការធ្វើដំណើររបស់ប្អូនប្រុស ខ្ញុំនិងក្រុមគ្រួសារ បានឧបត្ថម្ភម៉ូតូ ចំនួន១គ្រឿង និងថវិកាមួយចំនួន ជូនដល់ប្អូនប្រុស និងក្រុមគ្រួសារផងដែរ…”។
តាមសម្តីយុវជន ហេង គឹមហុង បានរៀបរាប់ប្រាប់ថា ខ្លួនជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំទី៤ ខាងផ្នែករូបវិទ្យា និងទើបបញ្ចប់ការសិក្សា ហើយត្រូវចូលរួមទទួលសញ្ញាបត្រ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលមហោស្រពកោះពេជ្រ ទើបនៅព្រឹកកើតហេតុ ខ្លួនបានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ រតនគរី 1C-7045 សំដៅមកកោះពេជ្រ តែដោយសារផ្លូវស្ទះខ្លាំង រកកន្លែងផ្ញើមិន បាន ណាមួយប្រទះឃើញទីតាំងខាងលើមានម៉ូតូទុកចោលជាច្រើនគ្រឿងផងនោះ ទើបខ្លួនសម្រេចចិត្តទុកម៉ូតូនៅទីនោះ ជាមួយគេឯងដែរទៅ ព្រោះខ្លាចចូលរួមកម្មវិធីមិនទាន់ ហើយពេលនោះខ្លួនបានយកកាបូបដាក់នៅលើម៉ូតូ និងថែមទាំងបានចាក់សោត្រឹមត្រូវទៀតផង មុននឹងចូលទៅក្នុងសាលា ដើម្បីទទួលសញ្ញាបត្រ។ លុះក្រោយចប់កម្មវិធី ចេញមកវិញ ដើរកម៉ូតូ ស្រាប់តែបាត់មិនដឹងថាត្រូវចោរលួចយកទៅតាំងពីពេលណា ចំណែកកាបូបដែលដាក់លើម៉ូតូនោះ ត្រូវបានដាក់នៅលើម៉ូតូផ្សេងក្បែរនោះទៅវិញ។
យុវជន ហេង គឹមហុង បានបន្តថា បន្ទាប់ពីកម្មវិធីទទួលសញ្ញាបត្របានបញ្ចប់ទៅ ខ្លួនបានដើរចេញសំដៅទៅរកម៉ូតូភ្លាម បំណងដឹកម្តាយដែលទើបនឹងធ្វើដំណើរឡើងមកពីខេត្តរតនគិរី ដើម្បីចូលរួមពិធីទទួលសញ្ញាបត្ររបស់ខ្លួននោះ ទៅសួនច្បារវិមានឯករាជ្យ រកកន្លែងថតរូបជុំគ្នាជាមួយមិត្តភក្តិ តែពេលចេញមក បែរជារកម៉ូតូ ធ្វើឱ្យខកខាន និងអស់អារម្មណ៍ លែងមានចិត្តចង់ថតរូបអ្វីទៀតហើយ។
ចំណែកស្ត្រីជាម្តាយរបស់យុវនិស្សិតខាងលើ បានឱ្យដឹងថា គាត់ទើបនឹងឡើងមកពីខេត្តរតនគិរី ដើម្បីមកចូលរួមពិធីទទួលសញ្ញាបត្រ របស់កូនប្រុស ទាំងអារម្មណ៍រំភើបខ្លាំងមែនទែន ព្រោះថ្ងៃនេះ គឺជាថ្ងៃដ៏ល្អសម្រាប់កូនប្រុសគាត់ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ហើយកូនប្រុសប្រាប់ថា ពេលកម្មវិធីចប់ នឹងនាំគាត់ទៅថតរូបនៅវិមានឯករាជ្យ តែភាពរីករាយបានរលាយបាត់ត្រឹមតែមួយប៉ប្រិចភ្នែក ក្រោយពីកូនប្រុសចេញមកពីទទួលសញ្ញាបត្រ បែរជាបាត់ម៉ូតូ ទោះខំដើររកអស់ជិត ១ម៉ោង ក៏នៅតែមិនឃើញ ធ្វើឱ្យគាត់មានអារម្មណ៍សោកសៅ នឹកអាណិតកូនប្រុសខ្លាំងណាស់៕