ខេត្តបន្ទាយមានជ័យ ៖ រថយន្តយីឌុបដឹកស្រូវ ១គ្រឿង ដោយសារតែផ្ទុកស្រូវធ្ងន់ពេក លើសទម្ងន់ លុះពេលបើកបរឆ្លងកាត់ស្ពានបាឡេ ១កន្លែង បណ្តាលឱ្យបាក់ស្ពាន ខូចខាតទាំងស្រុង និងឱ្យប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្ស ជួបការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅសាលារៀន។
ហេតុការណ៍រថយន្តយីឌុបបើកឆ្លងកាត់ បាក់ស្ពាននេះ បានកើតឡើង កាលពីវេលាម៉ោង ៩និ៣០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា នៅចំណុចភូមិអូរ ឃុំផ្គាំ ស្រុកស្វាយចេក។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ មានរថយន្តយីឌុប ១គ្រឿង ដែលមានផ្ទុកស្រូវ ជាច្រើនតោន បានបើកបរមកដល់ចំណុចលើស្ពានដែកបាឡេ ១កន្លែង ស្ថិតក្នុងភូមិអូរ ឃុំផ្គាំ ស្រុកស្វាយចេក ក៏បានធ្វើឱ្យបាក់ស្ពានតែម្តង។
ក្រោយកើតមានហេតុការណ៍ខាងលើ និងដោយមានការសំណូមពរពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍វរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំដោយលោកវរសេនីយ៍ត្រី ទូច ណាន មេបញ្ជាការ (ស្តីទី) វរសេនាតូចថ្មើរជើងលេខ៥១៤ ចុះជួយចម្លងប្រជាពលរដ្ឋ សិស្សសាលា ដែលធ្វើដំណើរឆ្លងកាត់ចំណុចភូមិអូរ ឃុំផ្គាំ ស្រុកស្វាយចេក ។
តាមប្រភពអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ដោយមានការស្នើសុំពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋផងនោះ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានចាត់តាំងកម្លាំងអន្តរាគមន៍វរសេនាតូចថ្មើជើងលេខ៥១៤ ដឹកនាំដោយលោក វរសេនីយ៍ត្រី ទូច ណាន ចុះជួយសម្រួលនូវការឆ្លងកាត់របស់ ប្រជាពលរដ្ឋភ្លាមៗ ដោយបានដឹកនាំកម្លាំងចុះជួយសម្រួល និងរៀបទូកសម្រាប់ឆ្លងកាត់បណ្ណោះអាសន្ន ជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែងនិងគ្រប់វេលា៕