ភ្នំពេញ៖លោកគួច ខេវិន ដែលធ្លាប់ផលិតបទចម្រៀងឲ្យអ្នកនាងអ៊ុំ គន្ធា ច្រៀងអំឡុងទស្សវត្សឆ្នាំ១៩៩០ មានដូចជាបទ«មេមុតក្រមុំ » និងបទ«ទីងៗណុង »ជាដើម ឲ្យផលិតកម្មក្រៅប្រទេសនោះបានប្រតិកម្មចំពោះជនដែលលោកចាត់ទុកថាគ្មានគតិជេរប្រមាថ លើលោកជំទាវហ៊ុន ស៊ីណាត ទាក់ទងរឿងលោកជំទាវ បានទៅចូលរួមបុណ្យសពអ្នកនាងគន្ធា ដែលត្រូវអ្នកលេងបណ្ដាញសង្គមខ្លះថាគួរតែជួយគ្នាកាលនៅមានជីវិត ជាជាងគ្នាស្លាប់ទៅហើយបានស្ដាយស្រណោះ…រួមទាំងពាក្យអសុរសមួយចំនួនទៀតទៅលើលោកជំទាវ។ប៉ុន្ដែលោកគួច ខេវិន យល់ថាជាមោទកភាពនិងកិត្តិយសដោយបានអ្នកម្តាយចិត្តធ៌ម ហ៊ុន ស៊ីណាត លោកអញ្ជើញទៅឧបត្ថម្ភពិធីបុណ្យសពអ្នកនាងអ៊ុំ គន្ធា ប្រកបដោយទឹកចិត្តអាណិតស្រឡាញ់ដ៏មហាប្រពៃដែលជាទម្លាប់ដ៏ខ្ពង់ខ្ពស់របស់លោកគួរឱ្យគោរពនិងកោតសរសើរបំផុត ។លោកថាពាក្យដែលជនខ្វះគតិជេរប្រមាថលើលោកជំទាវហ៊ុន ស៊ីណាត លោកសូមទទួលជំនួស ព្រោះលោកយល់ថាលោកជំទាវស៊ីណាត ជាមនុស្សចិត្តធ័ម ហើយក្រៅពីបួងសួងសូមឲ្យវិញ្ញាណខ័ន្តអ្នកនាងគន្ធា បានទៅដល់ទីឋានសុខគតិភពនោះលោកក៍បានក្រើនរំលឹកផ្តាំផ្ញើដល់ប្អូនៗក្មួយៗសិល្បករ សិល្បកានីជំនាន់ក្រោយៗត្រូវចេះសន្សំទាំងកិត្តិយសនិងទ្រព្យសម្បត្តិដោយថ្លៃថ្នូរសម្រាប់អនាគត ផងដែរ ។
លោកគួច ខេវិន ដែលបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមសិល្បករខ្មែរ បានថ្លែងសារថា«កំ ឡុងឆ្នាំ១៩៩៨ខ្ញុំបានស្គាល់ប្អូនស្រី អ៊ុំ គន្ធាដែលកាលណោះនាងបានមកហ្វឹកហ្វឺនហាត់រាំនៅclub IMA របស់ខ្ញុំហើយនាងក៏ជាតារាចម្រៀងយ៉េៗល្បីល្បាញម្នាក់ចំណោមតារាផ្សេងៗទៀត ហើយបានណែនាំឱ្យនាងច្រៀង សម្តែងថតជាខារ៉ាអូខេរបស់ផលិតកម្មមួយចំនួនលក់ចេញទៅបរទេសនិងក្នុងស្រុក។ នាងមានស្វាមីជាតារា ចម្រៀងដូចគ្នាមានកូន មានផលិតកម្មផ្ទាល់ខ្លួននិងមានផ្ទះធំទ្រនំខ្ពស់រស់នៅសមរម្យ។ ក្រោយមកមានព័ត៌មានថានាងនឹងប្តីបែកបាក់គ្នា ក្លាយជាស្ត្រីមេម៉ាយមានជម្ងឺប្រចាំកាយដែលត្រូវគេមាក់ងាយរ៉ាប់រងចិញ្ចឹមកូនៗដែលឪពុកមិនទទួលស្គាល់។
ជាមនុសគ្រប់រូបគ្មាននរណាម្នាក់ល្អ សុក្រឹតមួយរយភាគរយនោះឡើយ (No body’s perfect)ហើយហេតុ បច្ច័យនិងផលពិតប្រាកដគឺមានតែខ្លួនឯងដែលដឹងច្បាស់ ដូច្នេះមិនគួរសើចយំចំអកចំអន់ចំពោះវាសនានរណាម្នាក់ទេ តែគួររៀនសូត្រពីរឿងរ៉ាវទាំងនោះជាមេរៀនតម្រង់ជីវិត គឺល្អទទួលយក អាក្រក់គេចឱ្យផុត។
ខ្ញុំធ្លាប់បានជួយជាថវិកាសម្រាលទុក្ខលំបាកដល់នាង ដែលប្រកបរបររាវខ្យង បេះត្រកួនលក់ដើម្បីបីបាច់ចិញ្ចឹមកូន ម្តាយនឹងខ្លួនឯងដោយមិនបានទួញសោកលើកដៃសំពះសុំក្តីអាណិត សុំលុយកាក់ពីអ្នកណាឡើយហើយក៏បាត់ដំណឹងឈឹង។ វេលាចុងក្រោយគឺមានតែដំណឹងមរណភាពដ៏កំសត់បំផុតរបស់នាង សូមឱ្យដួងវិញ្ញាណខ័ន្តរបស់ប្អូនស្រីអ៊ុំ គន្ធាបានទៅដល់ទីសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ វិញ្ញណខ័ន្តប្អូនពិតជាមានមោទកភាពនិងកិត្តិយសដោយបានអ្នកម្តាយចិត្តធ៌ម ហ៊ុន ស៊ីណាត លោកអញ្ជើញទៅឧបត្ថម្ភពិធីបុណ្យសពប្រកបដោយទឹកចិត្តអាណិតស្រឡាញ់ដ៏មហាប្រពៃដែលជាទម្លាប់ដ៏ខ្ពង់ខ្ពស់របស់លោកគួរឱ្យគោរពនិងកោតសរសើរបំផុត ក៏ប៉ុន្តែទឹកចិត្តសប្បុរសនិងកាយវិការមេត្តាធ៌មនេះបែរជាត្រូវក្រុមមនុស្សអគតិមួយចំនួនជេរប្រមាថទៅវិញ?។ កូនសូមទទួលយកនូវការជេប្រមាថគ្មានគតិទាំងនោះជំនួសអ្នកម្តាយចិត្តធ៌មហ៊ុន ស៊ីណាត និងសូមគោរពកោតសរសើរចំពោះឧត្តមគិតិ មនសិកាដ៏ខ្ពង់ខ្ពស់របស់អ្នកម្តាយចិត្តធ៌ម ជារៀងរហូត។គោរពជូនពរអ្នកម្តាយចិត្តធ៌មហ៊ុន ស៊ីណាតមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន អាយុយឺនយូរ ពេញលេញដោយសុភមង្គលជានិរន្ត
ឆ្លៀតឱកាសនេះខ្ញុំសូមផ្តាំផ្ញើដល់ប្អូនៗក្មួយៗសិល្បករ សិល្បកានីជំនាន់ក្រោយៗត្រូវចេះសន្សំទាំងកិត្តិយសនិងទ្រព្យសម្បត្តិដែលរកបានប្រកបដោយសិលធ៌ម គុណធ៌ម និងសេចក្ដីថ្លៃថ្នូរសម្រាប់អនាគតរឹងមាំរបស់ខ្លួន»។
គួររំលឹកថាអ្នកនាងអ៊ុំ គន្ធា បានទទួលមរណភាពកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយរោគាពាធ ក្នុងអាយុ៤៥ឆ្នាំ បន្ទាប់ពីព្យាយាមប្រឆាំងជំងឺប្រចាំកាយអស់រយៈពេល២០ឆ្នាំមក ។អ្នកនាងអ៊ុំ គន្ធា មានឪពុកឈ្មោះអ៊ុំ សុផាត (ជាអតីតមន្រ្ដី ក្រសួងពាណិជ្ជកម្ម(ចូលនីវត្តន៍)ម្ដាយឈ្មោះអ៊ុង ស៊ីនួន អាយុ៧០ឆ្នាំ។ អ្នកនាងជាកូនទី៥ ក្នុងចំណោមកូន៦នាក់ បានរៀនត្រឹមថ្នាក់ទី៥ក៍ឈប់ ហើយក៍ចូលច្រៀងក្នុងវង្សតន្រ្ដីមួយនៅភោជនីយដ្ឋានផ្ការាំ ទឹករាំ ដែលកាលនោះនាងមានអាយុទើបតែ១៥ឆ្នាំ ប៉ុណ្ណោះ ។នៅឆ្នាំ១៩៩៦ នាងបានដាក់ពាក្យប្រលងចម្រៀងជាមួយបងស្រីភ្លោះ ជាប់ចំណាត់ថ្នាក់លេខ១ ។តាំងពីពេលនោះមកអ្នកនាងគន្ធ បានល្បីឈ្មោះក្នុងនាមជាតារាចម្រៀងយេយេម្នាក់ និងមានទំនាក់ទំនងជាមួយតារាចម្រៀងផាន សុផាត ជាប្ដីប្រពន្ធ ដោយមិនបានរៀបការ។ប៉ុន្ដែនៅឆ្នាំ២០០៦ ពោលគឺក្រោយរួមរស់ជាមួយគ្នា៨ឆ្នាំ ចំណងស្នេហាពួកគេក៍ដល់ផ្លូវបំបែក បន្សល់កូនប្រុស២នាក់គឺកូនទី១ ឈ្មោះផាន សុខពេជ្រ និងកូនទី២ឈ្មោះហាស់ សុវណ្ណ។សម្រាប់លោកខេវិន លោកសង្កត់ថាជនគ្មានគតិណាដែលជេរលោកជំទាវហ៊ុន ស៊ីណាត រឿងទៅបុណ្យសពអ្នកនាងអ៊ុំ គន្ធា គឺលោកសូមទទួលជំនួសលោកជំទាវចិត្តធ័មម្នាក់នេះ ដែលលោកចង់សំដៅថាវត្តមានរបស់លោកសំទាវស៊ីណាត គឺជាកិត្តិយសមិនអាចកាត់ថ្លៃបានសម្រាប់គ្រួសារសពអ្នកនាងគន្ធា ៕