Monday, November 25, 2024
Homeព័ត៌មានជាតិបក្សកាន់អំណាចថា ក្រុមចារកម្មបរទេស អាយ៉ងចក្រពត្តិ ជម្លៀសផន ផាន់ណា ទៅអាមេរិក

បក្សកាន់អំណាចថា ក្រុមចារកម្មបរទេស អាយ៉ងចក្រពត្តិ ជម្លៀសផន ផាន់ណា ទៅអាមេរិក

ភ្នំពេញ ៖ ក្រោយពេលលោក ផន ផាន់ណា អតីតសកម្មជនបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន)  ដែលភៀសខ្លួនទៅប្រទេសថៃ ហើយបានរត់គេចទៅដល់សហរដ្ឋអាមេរិក បានចំអកឲ្យសម្ដេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ថាបរាជ័យផែនការតាមសម្លាប់នោះមក អ្នកនាំពាក្យបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានលើកឡើងថា ក្រុមចោរកម្មបរទេស អាយ៉ងចក្រពត្តិ ជាអ្នកលាក់បំពួន និងជម្លៀសលោកផាន់ ផាន់ណា ចេញពីប្រទេសថៃ ទៅអាមេរិក ។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក “យុវជន៧មករា” នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា “ក្រុមឧទ្ទាមក្រៅច្បាប់ ជាអ្នកមានរោគចិត្ត អស់សង្ឃឹមនឹងនយោបាយបំផ្លិចបំផ្លាញគណបក្សប្រជាជនកម្ពុជា ។ ផន ផាន់ណា អាចរត់ចេញទៅប្រទេសទី៣ បាន ដោយសារមានការជួយជ្រោមជ្រែងនិងចាត់ចែងពីក្រុមចារកម្មបរទេស ។ អង្គការដែលយកជួយលាក់បំពួនផន ផាន់ណា និងជម្លៀសផន ផាណា ចេញ មិនមែនជាអង្គការអព្យាក្រឹតទេ គឺជាក្រុមអាយ៉ងរបស់ចក្រពត្តិយ៉ាងពិតប្រាកដ។ តើសកម្មភាពនៅក្រៅប្រទេសរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ដើម្បីជាតិខ្មែរ ឬដើម្បីមហិច្ឆតាអំណាចផ្ទាល់ខ្លួននិងបក្ខពួក? គឺដើម្បីសងសឹកនិងអំណាចតែប៉ុណ្ណោះ ។ ការប្រើពាក្យថាជាតិ របស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ គ្រាន់ជាលេសសម្រាប់ឃោសនាបោកប៉ុណ្ណោះ“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ទោះបីរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ សហការជាមួយគ្នា ក្នុងការតាមចាប់ផន ផាន់ណា មកកម្ពុជា វិញក៏ពិតមែន ក៏ប៉ុន្តែមិនអាចធ្វើអីក្នុងនាមអង្គការសហជាតិបានទេ ហើយអង្គការអាយ៉ងចក្រពត្តិនោះ បានយកនាមអង្គការសហប្រជាជាតិ មកពាំងពីមុខ ដើម្បីបម្រើការងារនេះ ទើបធ្វើឲ្យផន ផាន់ណា បានទៅដល់ប្រទេសទី៣ (សហរដ្ឋអាមេរិក) ហើយមានឱកាសចំអកមកសម្ដេចហ៊ុន សែន ប៉ុន្តែការចំអកនោះ គ្រាន់តែជាវោហារសាស្រ្តនយោបាយប៉ុណ្ណោះ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “អាហ្នឹងរឿងវាមានពិតហើយ បើមិនអ៊ីចឹង ផន ផាន់ណា ម៉េចនឹងទៅរួច? អាហ្នឹងវាសុទ្ធតែលម្អៀងហើយ និយាយរួម យើងពិបាកនឹងនិយាយ តាមពិតវាមានករណីហ្នឹងកើតឡើង ។ យើងដឹងហើយថា អង្គការសិទ្ធិមនុស្ស រាល់ថ្ងៃហ្នឹង វាធ្វើការដើម្បីអី? វាបម្រើចក្រពត្តិហ្នឹងហើយ តាំងពីប្រេដ អាដាម តាំងពីអ្នកណានៅហ្វីលីពីនហ្នឹង យើងដឹងហើយ ។ អ៊ីចឹងយើងវាពិបាកនិយាយបញ្ហាហ្នឹង ។ ក្នុងន័យនេះ បើសួរថា បញ្ហានេះពាក់ព័ន្ធនឹងប្រទេសថៃ ទេ? ខ្ញុំសុំបញ្ជាក់ថា ពួកអង្គការហ្នឹង វាធ្វើនៅឯណាក៏ដូចតែគ្នាដែរ ព្រោះអីជំហររបស់វាលម្អៀង បម្រើឲ្យចក្រពត្តិហ្នឹងឯង ។ អ៊ីចឹងវាទៅបោះទីតាំងនៅកន្លែងណា ក៏ធ្វើការនៅហ្នឹងដដែល ជំហរវានៅដដែល ។ បានន័យថា ទោះបីរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ យើងសហការជាមួយគ្នាក្នុងការតាមចាប់ផន ផាន់ណា ក៏ពិតមែន ក៏ប៉ុន្តែមិនអាចធ្វើអីក្នុងនាមអង្គការសហជាតិបានទេ ហើយពួកហ្នឹង វាយកនាមអង្គការសហប្រជាជាតិ មកពាំងពីមុខ ដើម្បីបម្រើការងារហ្នឹង” ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ចំពោះអ្វីដែលផន ផាន់ណា ពេលបានទៅដល់អាមេរិក ចំអកឲ្យសម្ដេចតេជោ ហ៊ុន សែន ថាបរាជ័យតាមសម្លាប់ខ្លួន ដោយសារតែប្រទេសជិតខាង និងអង្គការសិទ្ធិមនុស្ស តម្កល់ប្រយោជន៍សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ជាធំ ទើបគេរួមគ្នាការពារខ្លួន ហើយថា សម្ដេចហ៊ុន សែន គេគ្រាន់តែស្និទ្ធស្នាលក្នុងនាមមនោសញ្ចេតនាតែប៉ុណ្ណោះនោះ ខ្ញុំមិនមានអីប្រតិកម្មឆ្លើយតបច្រើនទេ គ្រាន់តែបញ្ជាក់ថា គ្មានអីប្លែកទេ កាលណាគេមាននិន្នាការគេទៅខាងណា គេបម្រើនយោបាយខាងហ្នឹងហើយ ។ អ៊ីចឹងទេ ផន ផាន់ណា ហ្នឹង យើងដឹងហើយថា ជាអ្នកប្រឆាំងជាមួយរាជរដ្ឋាភិបាល ។ អ៊ីចឹងហើយ ផន ផាន់ណា ត្រូវអ្នកប្រឆាំងរាជរដ្ឋាភិបាល គេបង្កលក្ខណៈងាយស្រួល ដើម្បីបានចេញទៅក្រៅឲ្យរួចផុតពីការចាត់វិធានការផ្លូវច្បាប់ នាំមកប្រទេសកម្ពុជា អាហ្នឹងវារឿងតែប៉ុណ្ណឹងតើ! និយាយទៅ ការចំអកឲ្យសម្ដេចហ៊ុន សែន ថាបរាជ័យក្នុងការតាមសម្លាប់នេះ អាហ្នឹងវាជាវោហារសាស្រ្តនយោបាយ វាជារឿងធម្មតាទេ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ចំពោះអ្វីដែលខ្ញុំថា ការប្រើពាក្យថាជាតិ របស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី គ្រាន់ជាលេសសម្រាប់ឃោសនាបោកប៉ុណ្ណោះនោះ គឺចង់ឲ្យគ្រប់គ្នាដឹងថា វាគ្មានជាតិអីទេ វាធ្វើសកម្មភាពរាល់ថ្ងៃ ជាតិអី ដើម្បីផលប្រយោជន៍ទេ ផលប្រយោជន៍អី? គឺដើម្បីបោកប្រាស់បងប្អូននៅក្រៅប្រទេស ដើម្បីយកលុយចាយទេ ។ អ៊ីចឹងបើគាត់នៅតែប្រើពាក្យជាតិ នេះតទៅទៀត នឹងនៅបានផលប្រយោជន៍ ក៏ប៉ុន្តែវាកាន់តែតិចៗទៅហើយ ទម្រាំបងប្អូននៅក្រៅនោះយល់ដឹងការពិត អាហ្នឹងក៏វាមានពេលវេលាទៅទៀត ហើយអាពេលវេលាដែលនៅសេសសល់ហ្នឹងហើយ ដែលវាជាផលចំណេញឲ្យទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ។ ជាពិសេស ការបង្កើតពាក្យចលនាជាតិតស៊ូ របស់គាត់នោះ គឺប្រើដើម្បីបានផលប្រយោជន៍របស់គាត់នោះឯង ពោលគឺត្រូវហើយ ពីព្រោះបងប្អូននៅក្រៅស្រុកនោះ យើងគិតនឹកស្រុក នឹកអីអ៊ីចឹងទៅ បើកាលណាយកពាក្យហ្នឹងមកទៅ វាមានបញ្ហាអូសទាញបាន ប៉ុន្តែយ៉ាងណា ការអូសទាញនេះ វាបានខ្លះ តែភាគតិចទេ“ ។

គួររំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០២៤ មានការទម្លាយសំឡេងដែលគេអះអាងថា ជាសំឡេងសម្ដេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យសមត្ថកិច្ចកម្ពុជា សហការជាមួយអាជ្ញាធរថៃ ប្រើប្រាស់ទាំងកម្លាំងសម្ងាត់ និងចំហ ដើម្បីតាមចាប់ខ្លួនលោក ផន ផាន់ណា ដែលជាអ្នកបំផុសចលនាបះបោរផ្សេងៗ បញ្ជូនមកស្រុកខ្មែរ តម្លៃណាក៏ដោយ រស់ឬស្លាប់ មិនអាចឱ្យផន ផាន់ណា ចេញទៅក្រៅបានឡើយ។ ហេតុនេះហើយ ទើបក្រោយរត់គេចខ្លួនបានសម្រេច ជាន់ទឹកដីអាមេរិក ភ្លាម លោក ផន ផាន់ណា បានបង្ហោះសារតាមបណ្តាញសង្គម ហ្វេសប៊ុក ចំអកឲ្យសម្ដេចហ៊ុន សែន ថាបានបរាជ័យផែនការតាមសម្លាប់លោក។

លោក ផន ផាន់ណា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ហ៊ុន សែន បរាជ័យតាមសម្លាប់ខ្ញុំ ដោយសារតែប្រទេសជិតខាង និងអង្គការសិទ្ធិមនុស្ស តម្កល់ប្រយោជន៍សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ជាធំ ទើបគេរួមគ្នាការពារខ្ញុំ ។ ចំណែកហ៊ុន សែន គេគ្រាន់តែស្និទ្ធស្នាលក្នុងនាមមនោសញ្ចេតនាតែប៉ុណ្ណោះ ។ សូមអរគុណពុកម៉ែ ពូមីង ដែលបារម្ភពីសុវត្ថិភាពខ្ញុំ ឥឡូវខ្ញុំដល់ទឹកដីសហរដ្ឋអាមេរិក ដោយសុវត្ថិភាពហើយ“ ។

បន្ថែមលើសំណេរតាមបណ្តាញសង្គម ខាងលើនេះ លោក ផន ផាន់ណា បានបញ្ជាក់ប្រាប់ “នគរធំ” កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ក្នុងការរស់នៅលើទឹកដីសហរដ្ឋអាមេរិក ដែលជាប្រទេសទី៣ លោកនឹងបន្តការតស៊ូមតិ និងធ្វើអ្វីដើម្បីប្រជាធិបតេយ្យ ស្មារតីជាតិតទៅទៀត ក្នុងនាមសកម្មជនប្រឆាំង ។

លោក ផន ផាន់ណា បានមានប្រសាសន៍ថា “បាទ! ខ្ញុំនឹងបន្តបេសកកម្មដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គោរពសិទ្ធិមនុស្ស តាមទម្រង់ផ្សេងៗដូចជា ចូលរួមផ្សព្វផ្សាយព័ត៌មានពិតក្នុងសង្គមខ្មែរ តាមបណ្តាញសង្គម ចងក្រងយុវជនខ្មែរគ្រប់បណ្តាប្រទេសទាំងអស់ចូលរួមជាបណ្តាញ ក្នុងការធ្វើសកម្មភាពនយោបាយជាមួយបណ្តាញយុវជនកម្ពុជាសកល ពង្រឹងនិងពង្រីកកម្លាំងអ្នកប្រធិបតេយ្យនៅក្រៅប្រទេស ឲ្យមានសន្ទុះកាន់តែខ្លាំង និងនិរន្តរភាព ជាពិសេសបន្តសិក្សាបន្ថែមទៀត“ ៕ កុលបុត្រ

RELATED ARTICLES