ភ្នំពេញ ៖ ថៅកែសិប្បកម្មផលិតសាឡុង ១កន្លែង បានប្រើឱ្យកម្មករដុតប្រមូលសំរាម នៅក្បែររោងស្តុកសាឡុង និងឈើឆ្អឹងសាឡុង ស្រាប់តែខណៈភ្លើងកំពុងឆេះសំរាមខ្លាំង មានខ្យល់បក់មកខ្លាំងដែរ ជាហេតុធ្វើឱ្យកម្ទេចផ្កាភ្លើងហើរធ្លាក់ចូលទៅក្នុងរោង បង្កឱ្យមានការឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលដល់សមត្ថកិច្ចបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។
ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចទីតាំង សិប្បកម្មផលិតសាឡុង១កន្លែង ស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថថា នៅមុនពេលកើតហេតុ ថៅកែសិប្បកម្មបានប្រើឱ្យកម្មករប្រមូលសំរាមដុតចោល ចំណែកសំរាមដែលត្រូវដុតចោលនោះ មានដូចជាកម្ទេចឈើរួមនឹងកាកសំណល់ផ្សេងៗជា ច្រើនទៀត ហើយការដុតនេះមិនបានប្រមូលយកទៅដុតឱ្យ ឆ្ងាយនោះទេ គឺប្រមូលដុតនៅក្បែររោងរោងស្តុកសាឡុង និងឈើឆ្អឹងសម្រាប់ផលិតសាឡុងនោះតែម្តង។
ប្រភពដដែលបន្តថា លុះពេលភ្លើងកំពុងឆេះសំរាមខ្លាំង ក៏ស្រាប់តែមានខ្យល់បក់មកខ្លាំងដែរ ដែលជាហេតុធ្វើឱ្យកម្ទេចផ្កាភ្លើងហើរ ធ្លាក់ចូលទៅក្នុងរោងនោះ បណ្តាលឱ្យឆាបឆេះសាឡុងនិងឈើឆ្អឹងសម្រាប់ផលិតសាឡុងសន្ធោសន្ធៅយ៉ាងឆាប់រហ័សតែម្តង និងធ្វើឱ្យកើតមាន ការភ្ញាក់ផ្អើល នាំគ្នាតទុយោបាញ់ទឹក និងដងទឹកជះ ព្រមទាំងប្រើបំពង់ពន្លត់អគ្គិភ័យច្រើនបំពង់បាញ់ពន្លត់ញាប់ដៃញាប់ជើងដែរ ប៉ុន្តែភ្លើងមិនបាន រលត់នោះឡើយ ទើបប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់ នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើនឹង៨ម៉ែត្រគូប។
ចំពោះប្រភេទសំណង់ខាងលើនេះ គឺរោងដែកប្រក់ស័ង្កសី ទំហំ ៤ម៉ែត្រ គុណនឹង ៨ម៉ែត្រ ឆេះដុំឈើបន្ទះសម្រា ប់ធ្វើសាឡុង អស់មួយចំនួន ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ គ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការបាញ់ ឱ្យរលត់ទៅវិញ នៅវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃដដែល។ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលឱ្យមកពីការ ដុតសំរាមាល ដាលដល់រោងស្តុកឈើបង្កជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិន បានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសឡើយ៕