ភ្នំពេញ ៖ ជនសង្ស័យ ចំនួន៣នាក់ ជិះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ របស់ជនជាតិចិនម្នាក់ កំពុងជិះម៉ូតូកង់បី តែមិនបានសម្រេច ត្រូវកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជិះល្បាតប្រទះឃើញ ប្រដេញឃាត់បានម្នាក់ ជាអ្នកបិទគូទ ខណៈបក្ខពួក ២នាក់ទៀត បានរត់គេចបាត់។
ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ២៥៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះមី ពន្លឺ អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលំ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ (ជាអ្នកបិទគូទ)។ រីឯបក្ខពួក២នាក់ទៀត ដែលកំពុងរត់គេចខ្លួន ទី១-ឈ្មោះហ្វីន និងទី២-ឈ្មោះជូ (ជាជនដៃដល់)។
លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានបញ្ជាក់ប្រាប់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋាន បានឱ្យរូបលោកដឹកនាំកម្លាំងជំនាញការិយាល័យប្រដេញម៉ូតូ (នាមសាគរជ័យ) ចេញល្បាតជាប្រចាំ ដើម្បីបង្ការ បង្ក្រាប ទប់ស្កាត់បទល្មើស។ ជាក់ស្តែងនៅវេលាម៉ោងខាងលើ សមត្ថកិច្ចជំនាញ ប្រទះឃើញជនសង្ស័យ ចំនួន៣នាក់ ជិះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់បុរសរងគ្រោះ ជាជនជាតិចិនម្នាក់ កំពុងជិះម៉ូតូកង់បី តែមិនបានសម្រេច។ ភ្លាមនោះ កម្លាំងជំនាញនាយកដ្ឋាន បានធ្វើការប្រដេញឃាត់ខ្លួនបានជនសង្ស័យម្នាក់ រួមទាំងម៉ូតូ ១គ្រឿងផងដែរ។
ជនសង្ស័យខាងលើ ត្រូវបានជំនាញការិយាល័យ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕