Tuesday, November 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជួលឡានគេជិះ ប្រុងស៊ី.../ដាច់ ជា---/ប់ខ្នោះ

ជួលឡានគេជិះ ប្រុងស៊ី…/ដាច់ ជា—/ប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន ក្រោយពីបានជួលរថយន្តគេ១គ្រឿង ជិះចេញពីខេត្តស្វាយរៀង មកដល់ភ្នំពេញ បែរជាបែកគំនិតដោះស្លាកលេខចេញ និងបកឯកសាររថយន្តចោលអស់ ប្រុងស៊ីដាច់ លុះក្រោយពីបាត់ការតាមដានចេញពីប្រព័ន្ធ GPS ដែលបំពាក់ក្នុងរថយន្ត ទើបធ្វើឱ្យម្ចាស់រថយន្ត ដឹងថាមិនស្រួល ក៏ពឹងឱ្យមិត្តភក្តិរបស់ខ្លួនជួយដើររកជនសង្ស័យឃើញ ចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង កាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅត្រង់ចំណុចមុខយានដ្ឋានជួសជុលរថយន្តមួយកន្លែង ជិតសាលាខណ្ឌកំបូល ស្ថិតក្នុងភូមិអូរកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនសង្ស័យខាងលើ បានទៅជួលរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ស៊េរីឆ្នាំ២០០៦ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BA-1090 ពីបុរសម្នាក់ នៅឯក្រុងបាវិត ខេត្តស្វាយរៀង ប៉ុន្តែអត់ដឹងថាជួលក្នុងតម្លៃប៉ុន្មានឡើយ។ ចំណែករម្ចាស់រថយន្ត ក្រោយពីបានជួលរថយន្តឱ្យជនសង្ស័យ គាត់ក៏បានតាមដានតាមប្រព័ន្ធ GPS ដែលបំពាក់ក្នុងរថយន្តនោះរហូតផងដែរ ហើយបានឃើញជននោះជិះរថយន្តរបស់គាត់ ចូលមករាជធានីភ្នំពេញ។

ប្រភពដដែល បន្តថា រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្រាប់តែបាត់ការតាមដានចេញពីប្រព័ន្ធ GPS នៅម្តុំភូមិអូរកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល ដោយពុំដឹងថាជនសង្ស័យដោះប្រព័ន្ធ GPS ចេញ ឬបែបណាទេ។ ខណៈនោះ ដោយមានការសង្ស័យ ម្ចាស់រថយន្តបាន ពឹងមិត្តភក្កិឱ្យជួយតាមដានរកមើលរថយន្តរបស់ខ្លួន នៅម្តុំចំណុចខាងលើ លុះដល់វេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃដដែល មិត្តភក្តិរបស់គាត់ បានរកឃើញរថយន្តនេះ នៅមុខយានដ្ឋានជួសជុលរថយន្តមួយកន្លែង ស្ថិតក្បែរសាលាខណ្ឌកំបូល។ បន្ទាប់មក ក៏បានប្តឹងសមត្ថកិច្ចប៉ុស្តិ៍កំបូល និងខណ្ឌកំបូល ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឯអ្នកផ្សេងទៀត គេចបាត់ រួចបាននាំខ្លួនទៅធ្វើការសាកសួរនៅប៉ុស្តិ៍កំបូល។

តាមប្រភពព័ត៌មាន បានឱ្យដឹងបន្ថែមទៀតថា រថយន្តខាងលើនោះ ត្រូវបានជនសង្ស័យដោះស្លាកលេខចេញ និងបកឯកសារពាក់ព័ន្ធនឹងរថយន្តចោលអស់ហើយ។ បន្ទាប់មក ជនសង្ស័យដែលត្រូវនគរបាលឃាត់ខ្លួននោះ រួមនិងបក្ខពួកម្នាក់ទៀត បានបើកយកទៅកាន់យានដ្ឋានជួសជុលរថយន្តខាងលើ។ បន្ទាប់មក បានប្រាប់ឱ្យជាងជួយជួសជុលគ្រឿងក្រោមរថយន្តឱ្យ ប៉ុន្តែម្ចាស់យានដ្ឋាននោះមិនបានជួសជុលឱ្យឡើយ ព្រោះមានការសង្ស័យថា មិនប្រក្រតី បន្ទាប់ពីបានឃើញរថយន្តនេះត្រូវបានដោះស្លាកលេខចេញ និងបកឯកសារចោលអស់បែបនេះ។

ចំណែកជនសង្ស័យក៏មិនបានចាកចេញពីយានដ្ឋានខាងលើនោះទេ ទើបក្រោយមក ត្រូវបានមិត្តភក្តិម្ចាស់រថយន្ត ប្រទះឃើញ ប្តឹងសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ហើយជនសង្ស័យក៏នៅមានបក្ខពួក ៤នាក់ទៀតផងដែរ ដែលពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនខ្លួនបន្តទៀត។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES