ខេត្តតាកែវ ៖ គ្លីនិកឯកជន ចំនួន១៥ទីតាំង ក្នុងក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានមន្ត្រីជំនាញ មន្ទីរសុខាភិបាលខេត្ត ប្រតិបត្តិស្រុក សហការជាមួយអាជ្ញាធរ សមត្ថកិច្ច ចុះធ្វើការត្រួតពិនិត្យ និងបានរកឃើញថា មានគ្លីនិកឯកជនចំនួន ៦កន្លែង ពុំមានច្បាប់អនុញ្ញាតឡើយ។
យោងតាមប្រភពអាជ្ញាធរ បានឱ្យដឹងថា លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំដល់មន្ទីរសុខា ភិបាល ឱ្យបង្កើតគណៈកម្មាធិការចម្រុះ នៅតាមបណ្តាស្រុក ក្រុងទាំងអស់ ដើម្បីចុះត្រួតពិនិត្យនៅតាមមន្ទីរពេទ្យឯកជន ដែលកំពុងបម្រើ សេវាដល់អ្នកជំងឺ ថាតើមានច្បាប់ប៉ុន្មាន និងអត់ច្បាប់មានប៉ុន្មានកន្លែង។
លោក កង អាណាន់ អភិបាលក្រុងដូនកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីទទួលបានការណែនាំពីលោកអភិបាលខេត្ត លោកបានដឹកនាំមន្ត្រីជំនាញនៃការិយាល័យសុខាភិ បាលស្រុកប្រតិបត្តិ និងមន្ទីរសុខាភិបាលខេត្តតាកែវ កម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ និងកម្លាំងអាវុធ ហត្ថក្រុងដូនកែវ ចៅសង្កាត់ទាំង៣ នៃរដ្ឋបាលក្រុងបានចុះត្រួតពិនិត្យនៅតាមទីតាំងមន្ទីរសម្រាកព្យាបាល និងសម្ភពធំៗ នៅក្នុងក្រុងដូនកែវ។ ដោយក្នុងនោះ បានរកឃើញទីតាំងចំនួន ៦កន្លែង មិនទាន់មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងបានឱ្យម្ចាស់ទីតាំង ធ្វើកិច្ចសន្យាបិទទីតាំងបណ្តោះអាសន្នសិន រង់ចាំមានច្បាប់អនុ ញ្ញាតជាថ្មី ទើបឱ្យដំណើរការឡើងវិញ។
លោកភិបាលក្រុងដូនកែវ បានបញ្ជាក់ថា ទីតាំងផ្តល់សេវាសុខាភិបាលទាំង៦ ដែលមិនទាន់មានច្បាប់អនុញ្ញាតនោះ រួមមាន ទី១-មន្ទីរសម្រាកព្យាបាលនិងសម្ភព ឃ្វីន មានទីតាំងស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ។ ទី២-មន្ទីរសម្រាកព្យាបាលនិងសម្ភព ដូនកែវ មានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់រកាក្រៅ ក្រុងដូនកែវ។ ទី៣-មន្ទីរសម្រាកព្យាបាលនិងសម្ភព ចិន្តារង្សី មានទីតាំងស្ថិតនៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ។ ទី៤-មន្ទីរសម្រាកព្យាបាល ប៉ុល សុខា មានទីតាំងស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ។ ទី៥-មន្ទីរសម្រាកព្យាបាល រិទ្ធ រដ្ឋា មានទីតាំងស្ថិតនៅភូមិព្រហូត សង្កាត់រកាក្រៅ ក្រុងដូនកែវ និងទី៦-មន្ទីរសម្រាកព្យាបាលនិងសម្ភព សាំង ជិនជូ មានទីតាំងស្ថិតនៅភូមិឡូរី សង្កាត់រកាក្រៅ ក្រុងដូនកែវ។
បន្ទាប់ពីរកឃើញគ្លីនិកឯកជនអត់ច្បាប់ ចំនួន៦កន្លែង ក្នុងក្រុងដូនកែវ ខេត្តតាកែវ រួចមកមន្ត្រីជំនាញ ដោយអនុវត្តតាមក្រសួងសុខាភិបាល សម្រេចបិទផ្អាកអាជីវកម្មជាបណ្តោះអាសន្ន រង់ចាំឱ្យម្ចាស់សុំច្បាប់ឱ្យបានត្រឹមត្រូវ។
ប្រជាពលរដ្ឋ បានលើកឡើងថា បន្ទាប់ពីមានគ្លីនិកមួយកន្លែង នៅស្រុកបាទី ចាក់ថ្នាំបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ ដោយសារប្រតិកម្មថ្នាំ រួចមក មន្ទីរសុខាភិបាល បានចុះធ្វើការត្រួតពិនិត្យតាមបណ្តាគ្លីនិក គ្រាន់តែនៅក្រុងដូនកែវ មួយ រកឃើញ ៦កន្លែង ដែលអត់ច្បាប់ ហើយមួយកន្លែងៗ បើកសុទ្ធតែយូរឆ្នាំមកហើយ៕