ភ្នំពេញ៖បើទោះជាគ្មានឱកាសច្រៀងជាដៃគូជាមួយតារាប្រុសលំដាប់ជូរមុខរបស់Galaxy ដូចនាងតន់ ច័ន្ទសីម៉ា មែន តែសម្រាប់ខួប២ឆ្នាំនៃការឈរជើងនៅផលិតកម្មនេះនាងហ៊ិន លីដា បានធ្វើឲ្យនាងសីម៉ា ស្រឡាំងកាំងមិនតិចទេ ព្រោះនាងបានតុបតែងខ្លួនប្លែកហើយលេងម៉ូដសក់ស កាច ជាមួយបទថ្មីរបស់ខ្លួន«អូសវ៉ាលី » ដែលនាំឲ្យមានការReaction ពីក្រុមMMO ផងដែរ។ការចេញមុខជាថ្មីរបស់ស្រីស្រអែមស្រស់រូបនេះជាថ្មី អាចបន្សាបបានខ្លះៗចំពោះពាក្យលើកឡើងថានាងត្រូវបានគេផ្អឹបចោល ឬបានត្រឹមធ្វើជាតួរងរបស់សីម៉ា ព្រោះពេលនេះគេអាចមើលឃើញថាលីដា មានសម្ថភាពមិនចាញ់មិត្តរួមក្រុមនោះទេ គ្រាន់តែគេមិនទាន់លើកឲ្យធ្វើជាតួឯកប៉ុណ្ណោះ ។យ៉ាងណានាងលីដា នៅតែគ្មានសញ្ញាភ្លើងខៀវពីថៅកែថានាងនឹងត្រូវបានគេផ្ដល់សិទ្ធិឲ្យចាប់ដៃជាមួយតារាប្រុសព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ នៅពេលណាឡើយ ខណៈដែលនាងធ្លាប់សម្ដែងជាមួយលោកខេម ដែរ ដោយព្រមទាំងច្រៀងCover ពីលោកខេម បទ«ឆារ៉ា កំលោះបង » ទៀតផង ។


អ្នកលេងបណ្ដាញសង្គមចង់ឲ្យថៅកែGalaxy លើកនាងហ៊ិន លីដា ដូចជានាងតន់ ច័ន្ទសីម៉ា ដែរ ដើម្បីកុំឲ្យតារាប្រុសល្បីៗរបស់ផលិតកម្មនេះគ្មានជម្រើសផ្សេងក្រៅពីចាប់ដៃនាងសីម៉ា តែម្នាក់គត់ ប៉ុន្ដែថៅកែផលិតកម្ម ហាក់មិនចង់ប្រថុយឡើយ ទើបធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់លីដា នៅមានកម្រិត ។ទោះជាយ៉ាងណាកន្លងមកលោកខេម ធ្លាប់បង្ហើបថារឿងច្រៀងដៃគូជាមួយតារាណានោះលោកមិនប្រកាន់ទេ ព្រោះតែលោកយល់ថាបើច្រៀងតែជាមួយអ្នកល្បីស្រាប់ ម៉េចអាចធ្វើឲ្យអ្នកល្បីល្មមៗគ្នាមានឱកាសដែរទៅ …។


អ្នកជំនាញសិល្បៈលើកឡើងថានាងហ៊ិន លីដា មានសម្ថភាពមិនចាញ់នាងតន់ ច័ន្ទសីម៉ា នោះទេ ហេតុនេះបើថៅកែលើកនាងដែរ ប្រាកដជាសីម៉ា អាចនឹងចុះខ្សោយ ប៉ុន្ដែបញ្ហាធំត្រង់ថាក្រៅពីខេម តារាឧកញ៉ាព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ព្រមច្រៀងដៃគូជាមួយនាងលីដា ឬអត់ដែលនោះជាបញ្ហាចោទ ព្រោះតារាល្បីៗខ្លះប្រកាន់ដៃគូ។


ហ៊ិន លីដា អតីតបេក្ខភាពCambodian Idol រដូវកាលទី២ បានបរាជ័យលើកពានដោយសារតែមិនអាចយកឈ្នះនាងឈិន ម៉ានិច្ច នៅវគ្គផ្ដាច់ព្រ័ត្រ ហើយនាងគេចពីហង្សមាសមកផ្ញើរខ្លួននៅGalaxy ដែលត្រូវពិបាកប្រជែងជាមួយនាងតន់ ច័ន្ទសីម៉ា ធ្លាប់ច្រៀងជាមួយនាងនៅហាងវីហ្រ្វេនដូចគ្នាកាលមិនទាន់មានផលិតកម្ម ច្រៀង។ម្ដាយរបស់លីដា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាកូនស្រីគាត់គ្រោងទៅរៀននៅប្រទេសអូស្រា្ដលី ប៉ុន្ដែពេលនេះលីដា បែជាប្ដូរចិត្តលែងចង់ទៅរស់នៅក្រៅស្រុកហើយប្រឹងប្រជែងទីផ្សារចម្រៀងជាថ្មីម្ដងទៀត ដែលការឈរជើងនៅGalaxy ២ឆ្នាំនេះនាងលេចធ្លោមធ្យមប៉ុណ្ណោះ ។ស្រីស្រអែមស្រស់មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងធ្លាប់ប្រាប់ថានាងមានម្ចាស់ចិត្តហើយ តែមិនបង្ហាញថាប្រុសស្នេហានាងជាអ្នកណានោះទេ ។យ៉ាងណាក្រោយកែសម្បុរពីខ្មៅស្រអែម មកជាសាច់សភ្លឺថ្លានេះនាងលីនដា ដែលអាចច្រៀងបានជាច្រើនទម្រង់រូបនេះបានចេញConcerts ជាញឹកញាប់នៅរដូវក្ដៅនេះ តែនាងមិនហ៊ានទាតម្លៃខ្លួនកប់ពពកដូចនាងតន់ ច័ន្ទសីម៉ា ឡើយ ។


Fan ចាំមើលថានាងហ៊ិន លីដា ចេញវាយលុកតែមួយប្រាវក៍ស្ងាត់បាត់មុខទៅវិញឬក៍អាចធ្វើឲ្យនាងតន់ ច័ន្ទសីម៉ា រង្គោះរង្គើរតំណែងរហូតប្រឈមហានិភ័យនៅចុងឆ្នាំ២០២៤ នេះ?