ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ ជាមេខ្យល់នាំពលរដ្ឋលួចឆ្លងដែនដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចជំនាញចុះស្រាវជ្រាវឃាត់ខ្លួន ខណៈដែលជនសង្ស័យនេះ បម្រុងនាំពលរដ្ឋខ្មែរ ឆ្លងដែនចូលទៅកាន់ប្រទេសថៃ ដោយខុសច្បាប់។
ការឃាត់ខ្លួនជនសង្ស័យជាមេខ្យល់នេះ បានធ្វើឡើង កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ស្ថិតនៅក្រុមទី០៤ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះទឹម សុខរ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិ ភ្នំដី (គីឡូ១៣) ស្ថិតនៅក្រុមទី០៤ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងជំនាញនគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានចុះបង្ក្រាបទប់ស្កាត់ករណីការនាំចេញដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែន (បម្រុងចូលទៅក្នុងប្រទេសថៃ) ១ករណី ប្រព្រឹត្តឡើងដោយជនសង្ស័យម្នាក់ ឈ្មោះទឹម សុខរ៉ាន់។
ប្រភពដដែល បន្តថា មុនកើតហេតុ ជនសង្ស័យឈ្មោះទឹម សុខរ៉ាន់ បានធ្វើសកម្មភាពទាក់ទងនាំពលករ ចំនួន២នាក់ ទី១-ឈ្មោះ ឈាន ឈឿយ ភេទប្រុស អាយុ៤៤ឆ្នាំ និងទី២-ឈ្មោះឈាន ឈិង ភេទប្រុស អាយុ៣៤ឆ្នាំ អ្នកទាំងពីរមានលំនៅក្នុងភូមិទ្រាស ឃុំគោកកថិន ស្រុកថ្មពួក នាំឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសថៃ តាមច្រករបៀង ជាប់ភូមិសាស្ត្រភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយយកប្រាក់ថ្លៃជូន ក្នុងម្នាក់ ២៥០បាត សរុប២នាក់ តម្លៃ៥០០បាត។ លុះមកដល់ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈដែលជនសង្ស័យជាមេខ្យល់បម្រុងនាំជនរង គ្រោះទាំង២នាក់ ដើម្បីឆ្លងដែន ក៏ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនតែម្តង។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានទទួលជនសង្ស័យជាមេខ្យល់ ចំនួន១នាក់ និងពលករចំនួន ២នាក់ ពីកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន។
ចំពោះពលករទាំង២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបានសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុប្រចាំថ្ងៃ និងធ្វើកិច្ចសន្យាពន្យល់ណែនាំ រួចអនុញ្ញាតឱ្យត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ។ ដោយឡែកជនសង្ស័យជាមេខ្យល់ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យ ជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕