ភ្នំពេញ ៖ ល្បែងស៊ីសងខុសច្បាប់ ជល់មាន់ ឆ្នោតឡូតូ តាមអនឡាញ មួយកន្លែង បង្កប់លាក់ខ្លួនក្នុងតារាងបាល់ ត្រូវបានសមត្ថកិច្ចឆ្មក់ចុះបង្ក្រាប ដោយដកហូតយកសម្ភារៈពាក់ព័ន្ធមួយចំនួន ព្រមទាំងហៅម្ចាស់ទីតាំង មកធ្វើកិច្ចសន្យា បញ្ឈប់រាល់ការបើកលេងល្បែងស៊ីសង ដោយខុសច្បាប់។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងបរិវេណតារាងបាល់ RN នៅតាមបណ្តោយផ្លូវ១០៣ ស្ថិតក្នុងក្រុមទី៧ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានជុំវិញសភាពការណ៍ក្នុងមូលដ្ឋានថា មានការបើកលួចលេងល្បែងស៊ីសងខុសច្បាប់ ជល់មាន់ ឆ្នោតឡូតូ តាមអនឡាញ នៅចំណុចខាងលើ កម្លាំងសមត្ថកិច្ច សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទៅបង្ក្រាបភ្លាមៗ។

ជាលទ្ធផល សមត្ថកិច្ចបានធ្វើការដកហូតបានសម្ភារៈមួយចំនួន យកទៅរក្សាទុកនៅប៉ុស្តិ៍ និងបានហៅម្ចាស់ទីតាំង ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពបើកលេងល្បែងស៊ីសងខុសច្បាប់៕