Wednesday, December 11, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចៅអធិការមិននៅវត្ត ចោរលួ.../ចព្រះ៥អង្គ

ចៅអធិការមិននៅវត្ត ចោរលួ…/ចព្រះ៥អង្គ

ខេត្តស្ទឹងត្រែង ៖ ព្រះពុទ្ធរូប ចំនួន៥អង្គ ត្រូវបានជនមិនស្គាល់មុខលួចយកចេញពីវត្តទួលរលួស ហៅវត្តផាបាំង ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បាត់អស់ ខណៈដែលព្រះចៅអធិការវត្ត មិននៅវត្ត រវល់និមន្តចេញទៅភ្នំពេញ។

ព្រះតេជគុណ ចៅអធិការវត្តទួលរលួស ហៅវត្តផាបាំង មានថេរដីកាថា ព្រះអង្គទើបបានដឹងអំពីករណីចោរលួចព្រះពុទ្ធរូបទាំង ៥ព្រះអង្គនេះ កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រួចក៏ប្រញាប់រាយការណ៍ និងដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មកែវ ភ្លាមៗតែម្តង។

ក្រោយទទួលបានពាក្យបណ្តឹងពីព្រះចៅអធិការវត្ត លោកវរសេនីយ៍ឯក ជីម អេន អធិការនគរបាលស្រុកសៀមប៉ាង បានបញ្ជាក់ថា សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតស្រាវជ្រាវ ។

លោកអធិការ បន្តថា តាមព្រះចៅអធិការវត្ត បានថេរដីកាប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះអង្គបាននិមន្តចូលថ្វាយបង្គំព្រះនៅក្នុងព្រះវិហារ និងបានឃើញព្រះពុទ្ធរូបទាំង ៥ព្រះអង្គ មិនទាន់បាត់នៅ ឡើយ ប៉ុន្តែក្រោយពេលព្រះអង្គបាននិមន្តទៅរាជធានីភ្នំពេញ ហើយត្រឡប់មកដល់វត្តវិញ នៅថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២៤ ព្រះអង្គ បានចូលទៅព្រះវិហារ ថ្វាយបង្គំព្រះម្តងទៀត ទើបដឹងថាបាត់ព្រះពុទ្ធរូប ចំនួន៥អង្គ។ ព្រះចៅអធិការ បានមានថេរដីការប្រាប់សមត្ថកិច្ចថា ព្រះវិហារ កន្លែងរក្សាព្រះពុទ្ធរូបដែលបាត់ ទាំង៥ព្រះអង្គ ពុំបានចាក់សោនោះទេ ដោយសារតែក្នុងវត្ត មានព្រះសង្ឃគង់នៅ ចំនួន១៦អង្គ នៅចាំវត្ត។

លោកអធិការ បញ្ជាក់ថា ជុំវិញករណីនេះ  កម្លាំងជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាល កំពុងស្រាវជ្រាវ ស៊ើប អង្កេត និងស្វែងរកអ្នកពាក់ព័ន្ធ ដើម្បីចាត់ការតាមនីតិវិធី ។

ដោយឡែក លោកស្រី ញោច សារឿន ប្រធានមន្ទីរវប្បធ៌មនិងវិចិត្រសិល្បៈខេត្ត  បានឱ្យដឹងថា លោកស្រីមិន បានដឹងថា ព្រះពុទ្ធរូបដែលបាត់ទៅ ជាវត្ថុបុរាណ ឬផលិតឡើងពីវត្ថុធាតុអ្វីឱ្យពិតប្រាកដឡើយ តែលោកស្រីយល់ថា ព្រះពុទ្ធរូបនេះ អាចជារបស់មានតម្លៃ ទើបបានជា ក្រុមចោរ លួចយកទៅ។ លោកស្រីឱ្យដឹងទៀតថា ព្រះពុទ្ធរូប ទាំង០៥ព្រះអង្គនេះ ព្រះសង្ឃមិនទាន់បានឱ្យមន្ត្រីជំនាញចុះបញ្ជី តាមនីតិវិធីនៅឡើយ ហេតុដូច្នេះចំពោះការស្វែងរកព្រះពុទ្ធរូបទាំង៥ព្រះអង្គ យកមកវិញ អាចនឹងជួបបញ្ហាពិបាកក្នុងការស្រាវជ្រាវ។

គួរបញ្ជាក់ថា ក្នុងខេត្តស្ទឹងត្រែង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កើតមានករណីបាត់ព្រះពុទ្ធរូប ចំនួន៣លើកមកហើយ ដោយលើកទី១-កើតឡើងនៅក្នុងវត្តលើ  លើកទី២-កើតឡើងចំពោះវត្តហាងខូសួន  ក្នុងក្រុងស្ទឹងត្រែង ហើយលើកទី៣-កើតឡើងនៅវត្តទួលរលួស ហៅវត្តផាបាំង ក្នុងស្រុកសៀមប៉ាង នេះតែម្តង៕

RELATED ARTICLES