Wednesday, December 11, 2024
Homeព័ត៌មានជាតិបង្ហាញសញ្ញាផ្ការីក សម រង្ស៊ី ចង់ធ្វើបដិវត្តន៍ពណ៌ ដូចបង់ក្លាដែស

បង្ហាញសញ្ញាផ្ការីក សម រង្ស៊ី ចង់ធ្វើបដិវត្តន៍ពណ៌ ដូចបង់ក្លាដែស

ភ្នំពេញ ៖ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បង្ហាញសញ្ញាផ្ការីក ដែលជាសញ្ញាចង់ធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរាជារដ្ឋាភិបាល ទម្លាក់នាយករដ្ឋមន្ត្រី ដូចនៅប្រទេសបង់ក្លាដែស ។ មេចលនាជាតិតស៊ូ រូបនេះ បានប្រកាសជាចំហថា នឹងធ្វើតាមបង់ក្លាដែស ដើម្បីបញ្ចប់របបគ្រួសារត្រកូលហ៊ុន នៅកម្ពុជា ។

លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “មធ្យោបាយតែមួយគត់ ដើម្បីសង្គ្រោះកម្ពុជា គឺបញ្ចប់របបគ្រួសារត្រកូល ហ៊ុន ។ បង់ក្លាដែស“ ។

លោកសម រង្ស៊ី បានបង្ហោះក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នូវរូបផ្ការីក ជាច្រើនប្រភេទ ភ្ជាប់ជាមួយសំណេរថា “ផ្ការីក“  ដែលជាសញ្ញានៃបដិវត្តន៍ពណ៌។

លោកសម រង្ស៊ី បានសរសេរបន្ថែមនៅក្នុងខម្មិនថា “រួមគ្នាជាធ្លុងមួយ “កុំយកបក្សជាធំ ត្រូវយកជាតិជាធំ” ហើយត្រូវតែងើបឈរក្រោកឡើងតស៊ូទាំងអស់គ្នា ដើម្បី “បុព្ធហេតុជាតិយើង”។ មិនថាបងប្អូនគាំទ្រគណបក្សប្រជាជន គណបក្សសង្គ្រោះជាតិ ឬគណបក្សហ៊្វុនស៊ិនប៉ិចទេ សូមដោះអាវបក្សចេញ ពាក់អាវជាតិជំនួសវិញ” ។

លោកសម រង្ស៊ី បានសរសេរបន្ថែម នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ថា “ជនផ្តាច់ការភូមា មីន អោងឡាំង ដែលត្រូវជាប្អូនធម៌ជនផ្តាច់ការហ៊ុន សែន  ត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចេញដីកាចាប់ខ្លួនហើយ។ ពីរនាក់នេះ នឹងលង់ទឹក បាត់បង់អំណាចក្នុងពេលជាមួយគ្នា នៅពេលដែលប្រជារាស្ត្រខ្មែរ និងប្រជារាស្ត្រភូមា ដណ្តើមបានលទ្ធិប្រជាធិបតេយ្យ ទន្ទឹមគ្នា»។

លោកសម រង្ស៊ី បានសរសេរបន្ថែមថា “រដ្ឋាភិបាលយោធា នៃប្រទេសភូមា ដឹកនាំដោយ មីន អោងឡាំង មិនតំណាងឲ្យប្រជារាស្ត្រភូមាទេ ពីព្រោះបានប្លន់អំណាចពីប្រជារាស្ត្រ តាមរយៈរដ្ឋប្រហារយោធា ថ្ងៃ០១ កុម្ភៈ ឆ្នាំ២០២១។ រដ្ឋាភិបាលទីក្រុងភ្នំពេញ សព្វថ្ងៃដឹកនាំដោយហ៊ុន សែន ក៏មិនតំណាងឲ្យប្រជារាស្ត្រខ្មែរដែរ ពីព្រោះបានប្លន់អំណាចពីប្រជារាស្ត្រ តាមរយៈការបោះឆ្នោតក្លែងក្លាយជាបន្តបន្ទាប់ ជាពិសេស ការបោះឆ្នោតលេងសើច ថ្ងៃ២៩ កក្កដា ឆ្នាំ២០១៨។ ផ្ការីក“ ។

លោកសម រង្ស៊ី បានសរសេរបន្ថែមថា “ប្អូនធម៌នៅភូមា មីន អោងឡាំង ត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចេញដីកាចាប់ខ្លួនហើយ នៅឡើយតែបងធម៌នៅកម្ពុជា“ ។

ទោះបីយ៉ាងណា ជុំវិញការបង្ហាញសញ្ញាប្រកាសចង់ធ្វើបដិវត្តន៍ផ្ការីក របស់លោកសម រង្ស៊ី ខាងលើនេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ការចង់ធ្វើបដិវត្តន៍ផ្ការីក ឬបដិវត្តន៍ពណ៌ ដូចនៅបង់ក្លាដែស ឬប្រទេសនានាក្នុងពិភពលោក គ្រាន់តែជាការដេកស្រមៃ ឬការមានមហិច្ឆតាធំរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី នេះតែប៉ុណ្ណោះ ព្រោះបដិវត្តន៍ណ៌ ឬបដិវត្តន៍ផ្ការីក មិនអាចកើតមាននៅកម្ពុជា បានជាដាច់ខាត គឺបើកើតមានឡើង ត្រូវតែបង្រ្កាប ។ ដូច្នេះសកម្មជនក្នុងស្រុក បើមិនចង់រងគ្រោះ មិនចង់ប្រឈមតាមផ្លូវច្បាប់ សូមកុំជឿតាមញុះញង់ពីខាងក្រៅរបស់ទណ្ឌិតសម រង្ស៊ី និងបក្ខពួកឲ្យសោះ ព្រោះដូចរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលការណ៍ហើយ គឺងើបមួយ វ៉ៃមួយ មិនឲ្យឡើងបះបោរប្រឆាំងនឹងការដឹកនាំដោយស្របច្បាប់បានទេ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “ការប្រកាសប្រកាសរបស់ទណ្ឌិតក្បត់ជាតិនេះ វាគ្រាន់តែជាការបោកបញ្ឆោតប្រជាពលរដ្ឋនៅក្នុងប្រទេសទេ ពីព្រោះគាត់គ្មានលទ្ធភាពដើម្បីចូលមកក្នុងប្រទេស ដើម្បីដឹកនាំទេ ហើយរឿងមហិច្ឆតាដែលថាធ្វើបដិវត្តន៍ពណ៌ហ្នឹង អាហ្នឹងជាការបង្ហាញឲ្យឃើញជាមហិច្ឆតាចង់បានអំណាចរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម ក៏ប៉ុន្តែលទ្ធភាពគាត់ ធ្វើមិនបានទេ ហើយកុំយកសភាពការណ៍កម្ពុជា ទៅប្រៀបធៀបជាមួយប្រទេសដទៃ ដូចជាបង់ក្លាដែស អីជាដើម ព្រោះបង់ក្លាដែស គឺថាដើម្បីធ្វើបដិវត្តន៍ពណ៌បានជោគជ័យ វាមានតែផ្ទុះពីផ្ទៃក្នុងនៅក្នុងប្រទេស ចុះបើមេដឹកនាំនៅប្រទេសបារាំង នៅអាមេរិក អ៊ីចឹងទេ ទៅធ្វើបដិវត្តន៍ពណ៌ម៉េច? អ៊ីចឹងទេ ការឃោសនារបស់ទណ្ឌិតសម រង្ស៊ី ដែលយកជាតិ មកធ្វើនាំមុខនេះ វាគ្រាន់តែជាការបោកប្រាស់ឲ្យសកម្មជនរបស់ខ្លួនមកជាប់គុកជំនួសខ្លួន ដើម្បីអំណាចតែប៉ុណ្ណោះ ក៏ប៉ុន្តែមិនអាចសម្រេចលទ្ធផលទេ ពីព្រោះគោលការណ៍របស់រាជរដ្ឋាភិបាល ងើបមួយ វ៉ៃមួយ អាហ្នឹងវាអ៊ីចឹង អត់មានឲ្យបដិវត្តន៍ពណ៌ រងើកភ្លើងតូចរបស់បដិវត្តន៍ពណ៌ហ្នឹង អាចឆេះជាអគ្គិភ័យ ជាបដិវត្តន៍ពណ៌បានទេ ។ និយាយទៅ ការដែលទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម សម រង្ស៊ី បង្ហាញសញ្ញាផ្ការីក ជាការចង់ធ្វើបដិវត្តន៍ផ្ការីក ឬបដិវត្តន៍ពណ៌របស់គាត់ ដូចនៅបង់ក្លាដែសហើយ ប៉ុន្តែអាហ្នឹងគ្រាន់តែជាការគិតទេ ហើយដូចខ្ញុំបានលើកមិញអ៊ីចឹង គឺថាផ្សាយតាមហ្វេសប៊ុក អាហ្នឹងបដិវត្តន៍ពណ៌តាមហ្វេសប៊ុក អាហ្នឹងធ្វើទៅ ក៏ប៉ុន្តែបើមានបដិវត្តន៍ពណ៌នៅក្នុងប្រទេសកម្ពុជា ដាច់ខាតគឺអត់ឲ្យមានទេ មិនថាបដិវត្តន៍ផ្ការីក ផ្កាស្លោកអីយ៉ាងម៉េចក៏ដោយ ផ្កាស្រពោនអីយ៉ាងម៉េចក៏ដោយ គឺទណ្ឌិត មិនអាចមានលទ្ធភាពធ្វើបាន ពីព្រោះខ្លួនឯងនៅក្រៅប្រទេស“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ចំពោះគាត់ថា ជនផ្តាច់ការភូមា មីន អោងឡាំង ដែលត្រូវជាប្អូនធម៌ជនផ្តាច់ការ ហ៊ុន សែន  ត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចេញដីកាចាប់ខ្លួនហើយ ហើយថាពីរនាក់នេះ នឹងលង់ទឹក បាត់បង់អំណាចក្នុងពេលជាមួយគ្នា នៅពេលដែលប្រជារាស្ត្រខ្មែរ និងប្រជារាស្ត្រភូមា ដណ្តើមបានលទ្ធិប្រជាធិបតេយ្យ ទន្ទឹមគ្នានោះ អាហ្នឹងវាគ្រាន់តែការឆ្លៀតឱកាសដើម្បីយកសភាពការណ៍នៅប្រទេសដទៃ ដែលផ្ទុយអំពីសភាពការណ៍កម្ពុជា មកប្រៀបធៀបជាមួយកម្ពុជា ។ អ៊ីចឹងទេ វាអត់ត្រូវទេ ហើយបើអត់ត្រូវរឿងគ្នា យកមីន អោងឡាំង មកប្រៀបធៀបជាមួយសម្ដេចតេជោ ហ៊ុន សែន យ៉ាងម៉េច? ការដែលសម្ដេចតេជោ ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅប្រទេសភូមា គឺថាមិនមែនទៅបម្រើនយោបាយរបស់ក្រុមយោធាឯណា គឺទៅដើម្បីដាក់គោលការណ៍ដើម្បីរកសន្តិភាពជូនប្រជាជនភូមា ។ តែទោះបីថា លោកមីន អោងឡាំង សុំសម្ដេចធ្វើជាបងធម៌ ប្អូនធម៌អី អាហ្នឹងគឺមិនមានពាក់ព័ន្ធអំពីផ្លូវច្បាប់ជាមួយគ្នាទេ ការដឹកនាំគ្រប់គ្រងរបស់ភូមា ក្រោមរបបយោធា អាហ្នឹងវាជារឿងការដឹកនាំគ្រប់គ្រងរបស់របបយោធានៅភូមា តែដោយឡែកសម្រាប់កម្ពុជា អាហ្នឹងការដឹកនាំជារបស់រាជរដ្ឋាភិបាល ដែលចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ អាហ្នឹងយើងវាខុសគ្នាដាច់ ។ អ៊ីចឹងទណ្ឌិតសម រង្ស៊ី ដែលយកសភាពការណ៍ មីន អោងឡាំង មកប្រៀបធៀបភ្ជាប់ជាមួយនឹងសម្ដេចតេជោ ហ៊ុន សែន វាគ្រាន់តែជាការចង់បង្កាច់បង្ខូចកិត្តិយស សេចក្ដីថ្លៃថ្នូររបស់សម្ដេចតេជោ តែប៉ុណ្ណោះ ក៏ប៉ុន្តែយើងដឹងហើយថា អន្តរជាតិដែលទើបប្រជុំថ្មីៗនេះ គឺបានតម្កល់លើកកម្ពស់កិត្តិយស វីរភាពរបស់សម្ដេចតេជោ ហ៊ុន សែន គឺថាជាវីរបុរសសន្តិភាពសម្រាប់ពិភពលោក ឬសម្រាប់ភពផែនដីរបស់យើង ដែលអាហ្នឹងយើងឃើញជាក់ស្ដែងហើយ ។ ដូច្នេះមិនអាចទណ្ឌិតសម រង្ស៊ី ហ្នឹង យកសម្ដេច ទៅប្រលាក់ប្រឡូសជាមួយនឹងលោកមីន អោងឡាំង បានទេ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ដូច្នេះចំពោះគាត់ថា រដ្ឋាភិបាលយោធានៃប្រទេសភូមា ដឹកនាំដោយមីន អ៊ុងឡាំង មិនតំណាងឲ្យប្រជារាស្ត្រភូមាទេ ពីព្រោះបានប្លន់អំណាចពីប្រជារាស្ត្រ តាមរយៈរដ្ឋប្រហារយោធា ថ្ងៃ០១ កុម្ភៈ ឆ្នាំ២០២១ ឯរដ្ឋាភិបាលទីក្រុងភ្នំពេញសព្វថ្ងៃ ដឹកនាំដោយសម្ដេចហ៊ុន សែន ក៏មិនតំណាងឲ្យប្រជារាស្ត្រខ្មែរដែរ ពីព្រោះបានប្លន់អំណាចពីប្រជារាស្ត្រ តាមរយៈការបោះឆ្នោតក្លែងក្លាយជាបន្តបន្ទាប់ ជាពិសេស ការបោះឆ្នោតលេងសើច ថ្ងៃ២៩ កក្កដា ឆ្នាំ២០១៨ នោះ វាជាការគួរឲ្យអស់សំណើចណាស់ ។ សភាពការណ៍នៅភូមា អាហ្នឹងវាពិតជាអ៊ីចឹងហើយ ក៏ប៉ុន្តែសភាពការណ៍នៅកម្ពុជា អំណាចដែលបានមកគណបក្សប្រជាជន ក្នុងការដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ននេះ កើតចេញពីការឆន្ទះគាំទ្ររបស់ប្រជាពលរដ្ឋជាង ៨៣% ។ ដូច្នេះគ្មានពាក់ព័ន្ធនឹងបញ្ហាដែលដណ្ដើមឬប្លន់អំណាច ដូចដែលទណ្ឌិតនិយាយមួលបង្កាច់នោះទេ ។ សរុបទៅ ត្រលប់មកវិញ អាគំនិតធ្វើបដិវត្តន៍ពណ៌ ក៏ដូចជាបដិវត្តន៍ផ្ការីកអី អាហ្នឹងជាគំនិតរវើរវាយរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម ដែលកំពុងលាក់ខ្លួននៅប្រទេសបារាំងនោះទេ ។ ដូច្នេះហើយ គឺអាហ្នឹងគេហៅថា ការស្រមើស្រមៃ ការយល់សប្ដិ ដែលមិនអាចក្លាយទៅជាការពិតបាន ។ ដូច្នេះហើយមហិច្ឆតារបស់គាត់ធំណាស់ គាត់ចង់ដំណ្ដើមអំណាច ក៏ប៉ុន្តែលទ្ធភាពគាត់អត់ដណ្ដើមបាន ។ អ៊ីចឹងទេ គាត់កំពុងតែធ្វើការឃោសនាដើម្បីញុះញង់បោកប្រាស់សកម្មជនរបស់គាត់ឲ្យមកជាប់គុកនៅក្នុងប្រទេសជំនួសគាត់ ។ ដូច្នេះជាការភ្ញាក់រលឹក ឬមិនភ្ញាក់រលឹក អាហ្នឹងវាស្រេចតែលើបងប្អូនគិតទៅ អាហ្នឹងការដែលខ្ញុំមានមតិហ្នឹង ខ្ញុំមានមតិត្រង់ហើយ គឺសុំឲ្យបងប្អូនកុំឲ្យធ្វើសកម្មភាពបម្រើឧបាយកលទុច្ចរិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម ពីព្រោះវាគ្រាន់តែបម្រើមហិច្ឆតារបស់គេ ហើយយើងមកជាប់គុកនៅក្នុងប្រទេស អាហ្នឹងជំនួសគេ គេនៅដេកស៊ីស្រួលនៅស្រុកបារាំង នៅអាមេរិក នៅអូស្រ្តាលី អាហ្នឹងគិតមើលទៅ? អាហ្នឹងអាស្រ័យទៅលើការសម្រេចចិត្តរបស់បងប្អូនទេ“ ។

គួរបញ្ជាក់ថា បដិវត្តន៍ពណ៌ ជាទូទៅបានប្រើប្រាស់ពណ៌ផ្កា ឬវត្ថុអ្វីដែលជាក់លាក់ណាមួយជានិមិត្តសញ្ញា ដែលក្នុងប្រវត្តិសាស្រ្តពិភពលោក មានដូចជា ១. បដិវត្តន៍ផ្កាការណេហ្ស៊ិន (Carnation Revolution) កើតឡើងក្នុងប្រទេសព័រទុយហ្គាល់ ចាប់ផ្តើមនិងបញ្ចប់នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៧៤ មនុស្សចូលរួមធ្វើបដិវត្តន៍នេះ នាំគ្នាភ្ជាប់មកជាមួយនូវផ្កាការណេហ្ស៊ិន នេះ។ ២. បដិវត្តន៍ពណ៌លឿង (Yellow Revolution) កើតឡើងនៅក្នុងប្រទេសហ្វីលីពីន ចាប់ផ្តើមនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៨៦ និងបញ្ចប់ទៅវិញនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៨៦ ជាបដិវត្តន៍ដែលគ្មានអំពើហិង្សា ដើម្បីប្រឆាំងលោកប្រធានាធិបតី Ferdinand Marcos។ ៣. បដិវត្តន៍ក្រណាត់កម្ញី (Velvet Revolution) កើតឡើងក្នុងប្រទេសឆេកូស្លូវ៉ាគី ចាប់ផ្តើមនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៨៩ និងបញ្ចប់ទៅវិញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៨៩ ជាការផ្តួលរំលំរបបកុម្មុយនីស្តក្នុងប្រទេសឆេកូស្លូវ៉ាគី។ ៤. បដិវត្តន៍ប៊ូលឌូហ្ស៊ែរ (Bulldozer Revolution) កើតឡើងក្នុងប្រទេសយូហ្គោស្លាវី ចាប់ផ្តើមនិងបញ្ចប់នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០០០ ជាបដិវត្តន៍ទម្លាក់លោក Slobodan Milošević។ ៥. បដិវត្តន៍ផ្កាកុលាប (Rose Revolution) កើតឡើងក្នុងប្រទេសហ្ស៊កហ្ស៊ី ចាប់ផ្តើមនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០៣ និងបញ្ចប់ទៅវិញនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៣ បានកើតមានឡើងបន្ទាប់ពីការបោះឆ្នោតឆ្នាំ២០០៣ ឈានដល់ការទម្លាក់លោក Eduard Shevardnadze ។ ៦. បដិវត្តន៍ពណ៌ទឹកក្រូច (Orange Revolution) កើតឡើងក្នុងប្រទេសអ៊ុយក្រែន ចាប់ផ្តើមនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៤ និងបញ្ចប់ទៅវិញនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៥។ ការធ្វើបដិវត្តន៍នេះ បានកើតឡើងបន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ឆ្នាំ២០០៤។ ៧. បដិវត្តន៍ពណ៌ស្វាយ (Purple Revolution) កើតឡើងក្នុងប្រទេសអ៊ីរ៉ាក់ ចាប់ផ្តើម និងបញ្ចប់ទៅវិញនៅខែមករា ឆ្នាំ២០០៥។ ពណ៌នេះ ត្រូវបានប្រើប្រាស់សំដៅទៅលើពណ៌ថ្នាំលើម្រាមដៃ នៃអ្នកដែលបោះឆ្នោតរួចហើយ ។ អ្នកធ្វើបដិវត្តន៍ ចង់បានការឆ្នោតដោយគ្មានការក្លែងបន្លំ។ ៨. បដិវត្តន៍ផ្កាធូលីប (Tulip Revolution) កើតមានឡើងក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន ចាប់ផ្តើមពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០០៥ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០០៥។ បដិវត្តន៍នេះ ពេលខ្លះត្រូវបានដាក់ឈ្មោះថា បដិវត្តន៍ពណ៌ជម្ពូផងដែរ វាជាបដិវត្តន៍ដែលបង្កអំពើហិង្សា និងកើតឡើងបន្ទាប់ពីការមិនពេញចិត្តការបោះឆ្នោតសភា ឆ្នាំ២០០៥។ ៩. បដិវត្តន៍ដើមស៊ីដា (Cedar Revolution) កើតឡើងក្នុងប្រទេសលីបង់ ចាប់ផ្តើមពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០៥ វាកើតឡើងបន្ទាប់ពីការធ្វើឃាតទៅលើមេដឹកនាំបក្សប្រឆាំង លោក Rafik Hariri ក្នុងឆ្នាំ២០០៥ និងជាការទាមទារឱ្យស៊ីរី បញ្ឈប់ការឈ្លានពានទៅលើប្រទេសលីបង់។ ១០. បដិវត្តន៍ពណ៌ខៀវ (Blue Revolution) កើតឡើងក្នុងប្រទេសគុយវែត ក្នុងខែមីនា ឆ្នាំ២០០៥ ជាការទាមទារឱ្យស្ត្រីមានសិទ្ធិចូលរួមក្នុងការបោះឆ្នោត។ ១១.បដិវត្តន៍ខោខូវប៊យ (Jeans Revolution) កើតឡើងក្នុងប្រទេសបេឡារូស ចាប់ផ្តើមពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៦ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៦ ក្នុងបាតុកម្មនេះ មនុស្សនាំគ្នាស្លៀកខោខូវប៊យ ដើម្បីធ្វើបាតុកម្មប្រឆាំងប្រធានាធិបតី Alexander Lukashenko ។ ១២. បដិវត្តន៍រមៀត (Saffron Revolution) កើតឡើងក្នុងប្រទេសភូមា ចាប់ផ្តើមពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៧ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៧។ វាត្រូវបានដាក់ឈ្មោះថា បដិវត្តន៍រមៀត ដោយសារព្រះសង្ឃចូលរួមការធ្វើបាតុកម្មដើម្បីប្រឆាំងនឹងរដ្ឋាភិបាលក្នុងឆ្នាំ២០០៧។ ១៣. បដិវត្តន៍ទំពាំងបាយជូរ (Grape Revolution) កើតឡើងក្នុងប្រទេសម៉ុលដាវី ចាប់ផ្តើមពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០០៩ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៩ ឈ្មោះនៃបដិវត្តន៍នេះ ដោយសារប្រទេសម៉ុលដាវី សម្បូរចម្កាទំពាំងបាយជូរ។ ១៤. បដិវត្តន៍ពណ៌បៃតង (Green Revolution) កើតឡើងក្នុងប្រទេសអ៊ីរ៉ង់ កើតឡើងចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១១ ជាការធ្វើបដិវត្តន៍ដើម្បីប្រឆាំងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងប្រទេសអ៊ីរ៉ង់ ក្នុងឆ្នាំ២០០៩។ ១៥. បដិវត្តន៍ផ្កាម្លិះ (Jasmine Revolution) កើតឡើងក្នុងប្រទេសទុយនេស៊ី ចាប់ផ្តើមពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១០ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១ ជាការធ្វើបដិវត្តន៍ដើម្បីបណ្តេញលោក Ben Ali ចេញពីតំណែង។ ១៦.បដិវត្តន៍ផ្កាឈូក (Lotus Revolution) កើតឡើងក្នុងប្រទេសអេហ្ស៊ីប កើតឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១១ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១១។ ផ្កាឈូក ត្រូវបានគេដឹងថា ជាតំណាងឱ្យការរស់ឡើងវិញជាជីវិត និងព្រះអាទិត្យ សម្រាប់ប្រទេសអេហ្ស៊ីបបុរាណ។ ១៧.បដិវត្តន៍ផ្កាម្លិះ (Jasmine Revolution)  កើតឡើងក្នុងប្រទេសចិន ចាប់ផ្តើមពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១១ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១១។ ការធ្វើបដិវត្តន៍ផ្កាម្លិះ ត្រូវបានលេចឡើងជាលើកដំបូងនៅក្នុងគេហទំព័រ Boxun.com។ បាតុកម្មនេះ កាន់តែលេចឡើងកាន់តែច្បាស់ បន្ទាប់ពីការបិទប្រព័ន្ធអ៊ីនធើរណិត ដែលផ្តល់ការស្រាវជ្រាវអំពីផ្កាម្លិះ។ ១៨. បដិវត្តន៍ចម្រុះពណ៌ (Colorful Revolution) កើតឡើងក្នុងប្រទេសម៉ាសេដូន ចាប់ផ្ដើមពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។ វាត្រូវបានដាក់ឈ្មោះថា បដិវត្តន៍ចម្រុះពណ៌ ដោយសារក្រុមបាតុករគប់បាល់ជាប់ដោយថ្នាំចម្រុះពណ៌ ទៅលើអគាររដ្ឋាភិបាល។ បដិវត្តន៍នេះ ធ្វើឡើងដើម្បីប្រឆាំងនឹងប្រធានាធិបតី Gjorge Ivanov និងរដ្ឋាភិបាលម៉ាសេដូន ។

ដោយឡែក ការធ្វើបដិវត្តន៍ពណ៌ (Colored Revolution)  នៅបង់ក្លាដែស ដែលលោកសម រង្ស៊ី ចង់ធ្វើតាម គឺផ្តោតលើខ្លឹមសារបដិវត្តន៍ចំនួន៤ រួមមាន ៖ បដិវត្តន៍កូតា បដិវត្តន៍គ្មានកិច្ចសហប្រតិបត្តិការ បដិវត្តន៍ខ្មោច Zoomers និងបដិវត្តន៍យុវជនជំនាន់ថ្មី ( Z- Generation) ។

គំរូនៃការធ្វើបដិវត្តន៍ពណ៌ (Colored Revolution) នៅបង់ក្លាដែស ក៏ដូចជាប្រទេសនានាលើសកលលោកដែរ គឺមានជំហាន៥ រួមមាន ៖ ជំហាន១- កំណត់ទិសដៅកសាងទីបញ្ជាការ ។ ជំហាន២- ធ្វើផែនការកសាងជំរំក្នុងព្រៃ ទីលាន សួនច្បារ អគារសាធារណៈ ។ ជំហាន៣- អនុវត្តគម្រោងបាតុកម្មនិងកុបកម្ម ការទាមទារកំណត់លក្ខខណ្ឌ ។ ជំហាន៤- គ្រប់គ្រង តួ្រតពិនិត្យ ជួបជុំបាតុករក្រុមធំ ។ ជំហាន៥- បិទគម្រោងគណៈរដ្ឋមន្រ្តី រដ្ឋសភា ។  តែខុសគ្នាត្រង់ថា ប្រទេសខ្លះ មេដឹកនាំបដិវត្តន៍ គេធ្វើទី៣ មុនធ្វើទី២ ដូចជា ករណីទាមទារដាក់លក្ខខណ្ឌណាមួយលើរដ្ឋាភិបាល តែពួកគេអត់ទាន់មានទីលានឬវាលទីធ្លា ឬអាគារ ឬជំរំប្រមូលផ្តុំណាមួយនៅឡើយ ។

បដិវត្តន៍ពណ៌ នៅបង់ក្លាដែស (Color Revolution Bangladesh protests (2022–2024) ធ្វើជា ៤ដំណាក់កាល ដែលមានរយៈពេលជិត ០៣ឆ្នាំ រហូតទទួលបានជោគជ័យ ដោយបង្ខំឲ្យលោកស្រីនាយករដ្ឋមន្រ្តី សេក ហាស៊ីណា ចាកចេញពីតំណែង ចាកចេញពីខុទ្ទកាល័យករដ្ឋមន្រ្តី និងការរំលាយគណៈរដ្ឋមន្រ្តី រត់គេចខ្លួនទៅក្រៅប្រទេស៕ កុលបុត្រ

RELATED ARTICLES