Wednesday, December 11, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំ.../នើង១២នាក់ ដេញកា---/ប់គ្នា តុលាការសម្រេចចោ.../ទប្រកាន់

ក្មេងទំ…/នើង១២នាក់ ដេញកា—/ប់គ្នា តុលាការសម្រេចចោ…/ទប្រកាន់

ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់លើក្រុមក្មេងទំនើង ៣ក្រុម ពាក់ព័ន្ធករណីប្រើ ប្រាស់អំពើហិង្សានៅតំបន់កោះពេជ្រ និងកោះនរា ស្ថិតក្នុង ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងចំនួន២រឿង ពាក់ព័ន្ធករណីក្រុមក្មេងទំនើង រួមជាមួយជនសង្ស័យសរុប ចំនួន១២នាក់ ដែលបានធ្វើសកម្មភាព ចំនួន២លើក។

ក្នុងនោះ លើកទី១-កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមក្មេងទំនើងឈ្មោះក្រុមតែទឹកកក (IT) បានធ្វើសកម្ម ភាពប្រើប្រាស់ដាវកាប់ទៅលើក្រុមម្ខាងទៀត បណ្តាលឱ្យរងរបួសចំកំភួនដៃខាងឆ្វេង រយៈហូរឈាមរងរបួសធ្ងន់ម្នាក់ រួចក្រុមក្មេងទំនើងខាងលើក៏បានបន្តនាំគ្នាកាប់ទៅលើម៉ូតូ ចំនួន៣គ្រឿងទៀត បណ្តាលឱ្យរងការខូច ខាត នៅចំណុចបរិវេណមុខមហោស្រពកោះពេជ្រ។ លើកទី២-នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រព្រឹត្តដោយក្រុមក្មេងទំនើង ចំនួន៣ក្រុម ដោយឈ្មោះក្រុមវត្តកោះរីធើន (WKR) និងក្រុមចាក់ស្អុយ បានធ្វើសកម្ម ភាពប្រើប្រាស់ ដាវ ចម្ពាមកៅស៊ូ និងដៃវាយនិងកាប់គ្នាទៅវិញទៅមកជាមួយក្រុមតែទឹកកក បណ្តាលឱ្យក្រុមតែទឹកកក រងរបួសម្នាក់ ដោយត្រូវគ្រាប់ចម្ពាមចំផ្ទៃមុខមួយគ្រាប់។

បន្ទាប់មក ក្រុមវត្តកោះរីធើន (WKR) និងក្រុមចាក់ស្លុយ ក៏បានបន្តនាំគ្នាកាប់ម៉ូតូភាគីក្រុមក្មេងទំនើងឈ្មោះក្រុមតែទឹកកក បណ្តាលឱ្យខូចខាតចំនួន ១គ្រឿង និងបានលួចយកទូរស័ព្ទដៃ ចំនួន២គ្រឿង មានម៉ាកអាយហ្វូន ចំនួន១គ្រឿង និងម៉ាកសាំសុង ចំនួន១គ្រឿង នៅចំណុចគល់ស្ពានកោះពេជ្រ និងកោះនរា។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបន្ត។

ក្រោយពីបានទទួលនិងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ ចំនួន១២នាក់ និងបក្ខពួក ពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងលួចមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅចំណុចមុខសាលមហោស្រពកោះពេជ្រ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ និងប្រព្រឹត្តនៅចំណុចគល់ស្ពានកោះពេជ្រ និងកោះនរា ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា២១៨ មាត្រា៩១០ មាត្រា៤១១ មាត្រា៣៥៣ មាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ៕

RELATED ARTICLES