សហរដ្ឋអាមេរិក ៖ បេក្ខភាពជាច្រើន នៃរដ្ឋបាលថ្មីរបស់លោកប្រធានាធិបតីជាប់ឆ្នោតថ្មី ដូណាល់ ត្រាំ (Donald Trump) ត្រូវបានគេកំណត់គោលដៅដោយការគំរាមបំផ្ទុះគ្រាប់បែក។ ប៉ូលីសអាមេរិក និង FBI កំពុងស៊ើបអង្កេត ដើម្បីស្វែងរកពិរុទ្ធជន។

ទីភ្នាក់ងារសារព័ត៌មាន BBC រាយការណ៍នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ប៉ូលិសអាមេរិក កំពុងស៊ើបអង្កេតករណីដែលបេក្ខជនគណ:រដ្ឋមន្ត្រីជាច្រើនរូប នៃរដ្ឋបាលថ្មីរបស់លោកដូណាល់ ត្រាំ ត្រូវបានគំរាមកំហែងដោយគ្រាប់បែក ដោយក្រុមជនមិនស្គាល់មុខ ដែលបានកើតឡើងពីយប់ថ្ងៃអង្គារ រហូតដល់ព្រឹកថ្ងៃពុធ (២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៤)។
ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បាននិយាយថា ខ្លួនបានទទួលរបាយការណ៍អំពីការគំរាមកំហែងគ្រាប់បែកជាច្រើន និងការគំរាមបំផ្ទុះគ្រាប់បែកនៅផ្ទះរបស់គោលដៅ។
មន្ត្រី FBI មិនបានបញ្ចេញឈ្មោះទេថា តើបេក្ខជនណាខ្លះនៃរដ្ឋបាលថ្មីរបស់លោកដូណាល់ ត្រាំ ដែលទទួលបានការគំរាមកំហែងដោយគ្រាប់បែក? ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា គោលដៅទាំងនោះ រួមមាន អនាគតរដ្ឋមន្ត្រីក្រសួងលំនៅឋាន កសិកម្មនិងការងារ និងឯកអគ្គរដ្ឋទូតសហ រដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ។
លោកស្រី អេលីស ស្តាហ្វានិក (Elise Stefanik) ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ ជាមនុស្សដំបូងដែលចេញមកបង្ហាញរឿងនេះ។ ផ្ទះរបស់គ្រួសារលោកស្រី គឺជាគោលដៅនៃការគំរាមបំផ្ទុះគ្រាប់បែក។ លោកស្រីត្រូវបានគេជូនដំណឹងអំពីឧបទ្ទវហេតុពេលកំពុងបើកឡានជាមួយប្តីនិងកូនប្រុសអាយុ៣ឆ្នាំ ពីក្រុងវ៉ាស៊ីងតោន ឌីស៊ី (Washington, DC) ទៅក្រុងញូវយ៉ក ដើម្បីអប អរសាទរពិធីបុណ្យ Thanksgiving ។
ជាមួយគ្នានេះ ប៉ូលិសក្រុងញូវយ៉ក ក្រោយមកបានប្រាប់ CBS News ថា ផ្ទះរបស់លោក ហូវ៉ាដ លូតនិក (Howard Lutnik) ដែលជាបេក្ខភាពលេខាធិការពាណិជ្ជកម្ម ក៏បានទទួលការគំរាមកំហែងគ្រាប់បែកផងដែរ។លោក លី ហ្សេលឌីន (Lee Zeldin) ដែលត្រូវបានតែងតាំងជាភ្នាក់ងារការពារបរិស្ថាន (EPA) បាននិយាយថា ការគំរាមកំហែងគ្រាប់បែក ត្រូវបានបញ្ជូនទៅផ្ទះរបស់គាត់ រួមជាមួយនឹងសារគាំទ្រប៉ាឡេស្ទីន។ សំណាងល្អ គាត់និងក្រុមគ្រួសារ មិនបានផ្ទះទេ ហើយប៉ូលិសបានចាត់ការយ៉ាងឆាប់រហ័ស។

លោកកស្រី ប៊្រូក រ៉ូលលីន (Brooke Rollins) អនាគតរដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហោះក្នុងបណ្តាញសង្គម កាលពីថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ អរគុណប៉ូលិសក្រុងហ្វដវើត រដ្ឋតិចសាស់ ដែលបានដំណើរការស៊ើប អង្កេតការគំរាមដោយគ្រាប់បែកមកលើគ្រួសារលោកស្រី ។
លោក ចន រេតគ្លីហ្វហ្វ៍ (John Ratcliffe) នាយក CIA ថ្មី និងលោកភីតេ ហេកសេក ((Pete Hegseth) ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិ ឬសូម្បីតែលោកម៉ែត្ត ហ្គេតស៍ ( Matt Getz) ដែលថ្មីៗនេះបានដកខ្លួនចេញពីតំណែងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏ជាគោលដៅនៃការំរាមកំហែងគ្រាប់បែកផងដែរ។
ជុំវិញករណីខាងលើនេះ រហូតមកដល់ពេលនេះ មន្ត្រីពាក់ព័ន្ធ មិនទាន់រកឃើញការគំរាមកំហែងណាមួយថា ពិតប្រាកដនោះទេ ហើយក៏នៅមិនទាន់ស្គាល់អត្តសញ្ញាណជនល្មើសនៅឡើយដែរ៕