ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះទៅប្រមូលសិស្សសាលាប្រុសស្រី សរុប១៣ នាក់ ដែលគេចម៉ោងរៀន ទៅជួបជុំប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង និងជក់បារីអេឡិចត្រូនិក (YOZZ) ក្នុងហាងកាហ្វេ យកមកអប់រំ។
ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចហាងលក់កាហ្វេ យីហោ Immortal Cafe មានទីតាំងស្ថិតនៅផ្ទះលេខ 188E1 ផ្លូវ 146z ភូមិ៥ សង្កាត់ទឹកល្អក់ទី ២ ខណ្ឌទួលគោក។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជា ពិសី អភិបាលខណ្ឌទួលគោក បានចាត់ឱ្យលោកទាវ សំអឿន និងលោកឈាង វុទ្ធី អភិបាលរង ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះពិនិត្យទីតាំងលក់កាហ្វេ យីហោ Immortal Cafe ដែលមានទីតាំងស្ថិតនៅផ្ទះលេខ 188E1 ផ្លូវ 146z ភូមិ ៥ សង្កាត់ទឹកល្អក់ទី ២ ខណ្ឌទួលគោក។
ជាក់ស្តែងកម្លាំងបានពិនិត្យឃើញមានសិស្សសាលា ចំនួន១៣នាក់ (ស្រី៥នាក់) បានគេចម៉ោងរៀនសូត្រ មកប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង និងជក់បារីអេឡិចត្រូនិក យ៉ាងអនាធិបតេយ្យ។
ក្រោយប្រតិបត្តិការខាងលើ កម្លាំងអាជ្ញាធរបាននាំយកសិស្សទាំង១៣នាក់ ខាងលើ ទៅកាន់អធិការដ្ឋាននគរ បាលខណ្ឌទួលគោក ធ្វើតេស្តទឹកនោម រកសារធាតុញៀន តែជាលទ្ធផលពុំមានសារធាតុញៀន ទាំង១៣នាក់ រួចធ្វើកំណត់ហេតុអប់រំ និងអញ្ជើញឪពុកម្តាយ មកធានា យកទៅផ្ទះវិញ ដើម្បីអប់រំបន្ត។
តាមការបញ្ជាក់ពីលោកឈាង វុទ្ធី អភិបាលរងខណ្ឌទួលគោក បានឱ្យដឹងថា ដោយឡែកម្ចាស់ហាងកាហ្វេ ឈ្មោះ ខុន ពុទ្ធារិទ្ធ ត្រូវបាននាំមកសាលាសង្កាត់ ដើម្បីធ្វើកំណត់ហេតុ ណែនាំផងដែរ៕