Wednesday, December 11, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឈ្មួញគ្រឿងញៀន១០នាក់ ជា.../ប់គុក១ជីវិត

ឈ្មួញគ្រឿងញៀន១០នាក់ ជា…/ប់គុក១ជីវិត

ភ្នំពេញ ៖ លោកធាម ច័ន្ទពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រកាសសាលក្រមផ្តន្ទាទោសឈ្មួញកែច្នៃផលិត ដឹកជញ្ជូននិងជួញដូរគ្រឿងញៀន ចំនួន១០នាក់ ដាក់គុក ក្នុងម្នាក់មួយជីវិត និងពិន័យជា ប្រាក់ ចូលថវិការដ្ឋ ម្នាក់៥០លានរៀល ក្រោមការ ចោទ ប្រកាន់ពីបទកែច្នៃ ផលិត រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងសារធាតុផ្សំ។សាលក្រមបានទុកសិទ្ធិឱ្យប្តឹងឧទ្ធរណ៍ តាមកំណត់ច្បាប់ បើសិនភាគីណាមួយកើតទុកមិនសុខចិត្តការសម្រេចសេចក្តីនេះ។

ជនជាប់ចោទទាំង១០នាក់ ក្នុងនោះមាន ៨នាក់ កំពុងជាប់ឃុំ ចំណែក២នាក់ កំពុងគេចខ្លួន រួមមាន ទី១-ឈ្មោះសុខ ផារ៉ា ហៅញ៉ាញ់ ភេទប្រុស អាយុ៤៨ឆ្នាំ។ ទី២-ឈ្មោះសែម វាសនា ហៅក្តាំង ភេទប្រុស អាយុ៣០ឆ្នាំ។ ទី៣-ឈ្មោះផុន វង្សសុភាបណ្ឌិត ហៅសី ភេទប្រុស អាយុ៣៤ឆ្នាំ។ ទី៤-ឈ្មោះប៉ុល វាសនា ភេទស្រី អាយុ៣៤ឆ្នាំ។ ទី៥-ឈ្មោះអ៊ុន សាមិត្ត ភេទប្រុស អាយុ២៤ឆ្នាំ។ ទី៦-ឈ្មោះ សុង រតន ហៅខ្លា ភេទប្រុស អាយុ៣៧ឆ្នាំ។ ទី៧-ឈ្មោះឡុង ប៊ុន ហៅ LENG BINH ភេទប្រុស អាយុ២៦ឆ្នាំ។ ទី៨-ឈ្មោះធី ចាន់ភិរម្យ ភេទប្រុស អាយុ៣៤ ឆ្នាំ (៨នាក់នេះ សាលក្រមផ្តន្ទាទោសម្នាក់មួយជីវិត និងពិន័យម្នាក់ ៥០លានរៀល)។

ចំណែក ២នាក់ នៅក្រៅឃុំ រួមមាន ទី១-ឈ្មោះជួន វិចិត្រ ហៅឆែប ភេទប្រុស អាយុ៣៥ឆ្នាំ (ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ចូលថវិការដ្ឋ ចំនួន១០០លានរៀល) និងទី២-ឈ្មោះច្រឹក ផាន់ណា (ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ ចូលថវិការដ្ឋ ចំនួន១០០លានរៀល)។ សាលក្រមបានប្រកាសជាសាធារណៈ ដោយចេញដីកាឱ្យតាមចាប់ខ្លួនជនជាប់ចោទទាំង២នាក់ និងសម្រេចរឹបអូសផ្ទះ ១កន្លែង នៅខណ្ឌមានជ័យ ដាក់ចូលជាសម្បត្តិរដ្ឋ។

គួរបញ្ជាក់ថា ឈ្មួញគ្រឿងញៀន ទាំង៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួននិងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីដើមខែមេសា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីលួចកែច្នៃ ផលិត ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវ សារធាតុញៀន ប្រព្រឹត្តនៅរាជធានីភ្នំពេញ។

ការបង្ក្រាបករណីខាងលើនេះ ដោយអនុវត្តតាមបញ្ជានាយឧត្តមសេនីយ៍ នេត សាវឿន កាលពីជាអគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការសម្របសម្រួលពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសសាលាដំបូងរាជធានីភ្នំពេញ។

គួររំលឹកថា កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងការសម្អាតប្រាក់ “ក៥” និង ការិយាល័យប្រឆាំងការប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ “ក៤” ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ លោកឧត្តមសេនីយ៍ត្រី ស៊ុំ ណារ៉ាក់ នាយករងមន្ទីរ លោក វរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ ចុះសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបករណីជួញដូរ កែច្នៃ និងផលិត គ្រឿងញៀនមួយករណី នៅចំណុចបណ្តោផ្លូវ៦០ម៉ែត្រ មុខផ្សារទំនើប អ៊ីអនម៉ល៣ ស្ថិតក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ៨នាក់ និងចាប់យកវត្ថុតាង សារធាតុញៀន ប្រភេទកេតាមីន (Ketamine) ទម្ងន់ ២០៧៦ក្រាម (២គីឡូ ៧៦ក្រាម)។ សារធាតុមិនច្បាស់ ទម្ងន់ ១០ ៦៨៨ ៣៤ក្រាម (១០គីឡូ ៦៨៨,៣៤ក្រាម)។ ឧបករណ៍កែច្នៃគ្រឿងញៀន មួយចំនួនធំ និងអាវុធខ្លី ១ដើម។

ក្រោយឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាង សមត្តកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕

RELATED ARTICLES