ភ្នំពេញ ៖ ជនសង្ស័យ ចំនួន១១នាក់ ដែលធ្វើសកម្មភាពលួចនិងឆក់យ៉ាងសកម្មជាច្រើនករណី នៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌចំការមន ឃាត់ខ្លួនហើយ យកមកបង្ហាញមុខជាសាធារណៈរួមគ្នា កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤។
លោកវរសេនីយ៍ឯក ម៉ម សាវន ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តម សេនីយ៍ ប៊ុន សត្យា ស្នងការរងនគបាលរាជធានីភ្នំ ពេញ ទទួលផែននគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវ ជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ បានចំនួន៨នាក់ ចំណែកអធិការដ្ឋាននគរបាលខណ្ឌចំការមន ឃាត់ខ្លួនបានចំនួន៣នាក់ សរុបទាំងអស់១១នាក់។
លោកវរសេនីយ៍ឯក ម៉ម សាវន បានបញ្ជាក់ថា កាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនជនសង្ស័យសរុបចំនួនចំនួន៥នាក់ (ស្រី១) និងចាប់យកវត្ថុតាងពាក់ព័ន្ធបទល្មើសអំពើលួច (លួចម៉ូតូ) ចំនួន២ ករណី រួមមាន ករណីទី១-លួចម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1D-9723 មិនបានសម្រេច ប្រព្រឹត្តនៅក្រោយផ្ទះលេខ A31 ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ករណីទី២- អំពើលួចលួចយកម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GK-9658 ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ដោយឡែកជនសង្ស័យចំនួន៣នាក់ទៀត ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនកាលពីវេលាយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្ទះសំណាក់លីហួរ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍ សែនជ័យ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់យកទ្រព្យ សម្បត្តិប្រជាពលរដ្ឋ) ចំនួន៤ករណី។
រីឯជនសង្ស័យ៣នាក់ទៀត ធ្វើសកម្មភាពឆក់យ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌចំការមន ឃាត់ខ្លួន ហើយយកមកបង្ហាញមុខជាសាធារណៈរួមគ្នាតែម្តង សរុបទាំងអស់ចំនួន១១នាក់។
ជនសង្ស័យទាំង១១នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕