ភ្នំពេញ៖ស្វាមីសុគន្ធ និសា លោកចៅ សម្បត្តិ បានប្រគល់បាច់ផ្កាព័ណក្រហមជូនទៅភរិយារបស់លោកអ្នកនាងសុគន្ធ និសា នៅថ្ងៃខួបអាពាហ៍ របស់ពួកគេគម្រប់៧ឆ្នាំ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ហើយនិសា តបទៅប្ដីវិញថា «អរគុណលោកប្ដីសម្លាញ់(Thank You Honey ) » ។និសា ក៍បានចេញចម្រៀងពីប្រវត្តិស្នេហារបស់នាងជាមួយលោកសម្បត្តិ ផងដែរតាមរយៈច្រៀងរឿងស្នេហាខ្លួនឯង«ជីវិតតែមួយ » ដែលរៀបរាប់ពីនិស្ស័យបណ្ដាលឲ្យពួកគេជួបគ្នា និងសន្យាកាន់ដៃគ្នាទៅមុខ…។MV ដែលផលិតដោយខ្លួនឯងនេះនិសា បានប្រើរូបអាពាហ៍ ពិពាហ៍ របស់នាងជាមួយស្វាមី ដោយមិនបានថតរូបសម្ដែងថ្មីទាំងស្រុងនោះទេ ដែលបញ្ហានេះគេជឿថានាងអាចជួបរឿងពិបាកផ្នែកបច្ចេកទេសខ្វះក្រុមដឹកនាំសម្ដែង និងកាមេរ៉ាទំនើបៗ ក្រោយនាងចាកចេញពីហង្សមាស ទើបមិនអាចធ្វើដូចមាស សុខសោភា ដែលចំណាយលុយដឹកដៃប្ដីថតសម្ដែងMV ទ្រង់ទ្រាយធំជាបន្ដបន្ទាប់នោះទេ ។

គេសង្កេតឃើញថាទោះជាសុគន្ធ និសា មិនបានកាដូធំពីប្ដីដូចជាខ្សែកពេជ្រ ឬរថយន្ដទំនើបនៅថ្ងៃខួបអាពាហ៍ ពិពាហ៍ របស់ខ្លួនដូចតារាល្បីៗទៀតក្ដី ប៉ុន្ដែផ្កា១បាច់ដែលស្វាមីនាងជូននោះគឺមានន័យបំផុតសម្រាប់នាង ហើយតាមរយៈបទចម្រៀង«ជីវិតតែមួយ » និសា បានបង្ហាញពីជីវិតស្នេហានាងពេញទៅដោយសុភមង្គល ។ទោះជាយ៉ាងណានៅតែមានFan ខមិនជូនពរឲ្យនាងឆាប់ទទួលបានកាដូធំនោះគឺការមានកូនដូចបំណង ខណៈដែលអ្នកគាំទ្រខ្លះចង់ឲ្យនាងចេញបទចម្រៀងថ្មីៗឲ្យច្រើន ហើយសម្រស់នៅតែស្រស់ស្អាត។

សុគន្ធ និសា បានពន្យាពេលចេញទៅរស់នៅអាមេរិកតាមប្ដី ព្រោះនាងមិនចង់បោះបង់អាជីពសិល្បៈដែលបានតស៊ូជាង១០ឆ្នាំមកហើយនោះទេ ហេតុនេះហើយបានជាលោកចៅ សម្បត្តិ សុខចិត្តសម្របខ្លួនតាមនាងដោយមករស់នៅខ្មែរជាង១០ឆ្នាំមកហើយ ខណៈលោកក៍មានតួនាទីជានាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនមែនញូឡាយ នៅកម្ពុជា ផងដែរ ។ប៉ុន្ដែនិសា មិនពឹងលុយចាយពីប្ដីឡើយ ដោយនាងចេញច្រៀងគ្រប់កម្មវិធីទាំងអស់ដូចកាលនៅលីវ ហើយនាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថាពេលមានផ្ទៃពោះនាងនឹងបង្កើតមុខរបរផ្ទាល់ខ្លួនដែលមិនពឹងលើលុយប្ដីម្ខាងនោះទេ ខណៈដែលបច្ចុប្បន្ននាងមានហាងគ្លីនិកកែសម្រស់ ,ហាងគុយទាវខ្ចប់ ,ហាងកាហ្វេ និងចេកឆឹង ជាដើម ។

អ្នកជំនាញសិល្បៈបានលើកឡើងថាសុគន្ធ និសា អាចរក្សារកេរ្តិ៍ឈ្មោះបានប្រសិនបើនាងចេញបទថ្មីៗដោយខ្លួនឯងដោយទៀងទាត់ ឬបើកផលិតកម្មផ្ទាល់ខ្លួនដូចមាស សុខសោភា ។តែបើលែងចេញបទថ្មីៗ ហើយច្រៀងតែបទចាស់ៗ ទាំងស្រុងនោះគេជឿថានាងមិនអាចឈរជើងក្នុងនាមជាតារាលំដាប់ជូរមុខតទៅទៀតបានឡើយ ។

សូមរំលឹកថាសុគន្ធ និសា បានរៀបការជាមួយលោកចៅ សម្បត្តិ អាណិកជនខ្មែរមកពីរដ្ឋBoston សហរដ្ឋអាមេរិកកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ពោលគគឺ៧ឆ្នាំមកនេះគ្មានកូន១គ្រាប់ឡើយ បើទោះជានាងរៀបគម្រោងយកកូនតាំងពីឆ្នាំ២០២០ ក្ដី ។ដោយសារតែនិសា ប្រឈមរឿងអត់កូនបន្ដពូជនេះមិត្តភក្ដិអ្នកសិល្បៈស្និតនិសា ពួកគេសុទ្ធតែជម្រុញឲ្យនាងកាត់បន្ថយការងារសិល្បៈ ដើម្បីទុកពេលពពោះ កុំស្ដាយលុយពេក ប៉ុន្ដែពេលនេះអតីតតារាហង្សមាសបែជាកាន់តែសម្រុកការចេញច្រៀងសម្ដែងលើសមុន ព្រោះតែនាងយល់ថាទាន់ឱកាសហុចឲ្យ ឬឱកាសមិនមានរហូតឡើយ ។តែសម្រាប់តំណែងធំ២របស់និសា នៅហង្ស មាសគឺជាCoach កម្មវិធីThe Voice Kids Cambodia និងJudge កម្មវិធីCambodian Idol Junior នៅស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ បើទោះជានាងនៅតែច្រៀងលើឆាកហង្សមាសដូចមុនក៍ដោយ។

ក្រៅពីសុគន្ធ និសា តារាដែលមានប្ដីច្រើនឆ្នាំអត់កូនមានដូចជាអ្នកនាងកែវ សីហា និងអឿន ស្រីមុំ ជាដើម ៕


