ភ្នំពេញ៖នៅថ្ងៃខួបកំណើតគម្រប់អាយុ៤០ឆ្នាំកាលពីថ្ងៃទី២០ ខែ១១ ពេជ្រ សេរីរ័ត្ន មានសំណួរ១ ដែលភ្ញៀវទៅចូលរួមហើយសួរតែនាងឆ្លើយមិនចេញនោះគឺ«តើឪពុកកូនប្រុសស្រីរបស់នាងជាអ្នកណា ?» ។សេរីរ័ត្ន ដែលជាMC ពូកែវោហារស័ព្ទម្នាក់ ជំនាញដោះស្រាយវិបត្តិស្នេហានោះតែងព្យាយាមគេចេញពីការសួរសំណួរនេះពីអ្នកកាសែតជានិច្ច តែដឹងអីសូម្បីតែតារាជិតដិតជាភ្ញៀវចូលរួមខួបកំណើតរបស់នាងក៍តារាកូន២រូបនេះមិនឆ្លើយប្រាប់ថាប្ដីខ្លួនជាអ្នកណាដែរ ។ប៉ុន្ដែមានពាក្យ១ដែលសេរីរ័ត្ន សប្បាយចិត្តជាងគេនោះគឺពេលគេសរសើរនាងថានៅតែស្រស់ស្អាត អត់ព្រមចាស់ ដែលការលើកឡើងបែបនេះនាងថាទោះជាមិនញាំបាយ ក៍មានកំលាំងដែរ ។

នៅថ្ងៃខួបកំណើតនោះពេជ្រ សេរីរ័ត្ន បានបង្ហាញកូនប្រុសស្រីទាំងពីរដែលពួកគេមានវ័យកាន់តែធំអស់ហើយ ដែលកូនប្រុសកាត់មុខស្រដៀងទៅនាងទៀតផង។អតីតពិធីការិនីប៉ុស្ដិ៍បាយ័នរូបនេះបានវិលមកចាប់អាជីពជាពិធីការនីឡើងវិញដោយបង្ហាញខ្លួនតាមក្រុមហ៊ុនកម្សាន្ដរបស់លោកអាឡិច ចាន់ត្រា ជាបន្ដបន្ទាប់ ហើយគេឃើញនាងនៅតែមានការតុបតែងខ្លួនគួរឲ្យទាក់ទាញជាមួយពាក្យពេជន៍ហូរដូចទឹកដដែល ។អ្វីដែលគួរឲ្យចាប់អារម្មណ៍ នោះនៅថ្ងៃខួបកំណើតនាងគម្រប់៤០ឆ្នាំ សេរីរ័ត្ន ដែលលាក់មុខប្ដីមិនឲ្យគេស្គាល់មុខថាជាអ្នកណា នោះនាងបែជាឲ្យលោកអាឡិច ចាន់ត្រា ចាប់ថើបនៅចំពោះមុខភ្ញៀវជាច្រើននាក់ទៅវិញ ទើបម្នាក់ៗស្រឡាំង និងថានាងពិតជាអត់ខ្លាចចិត្តប្ដីបន្ដិចមែន ។ការដែលលើកឡើងបែបនេះដោយសារតែគេជឿថាប្ដីរបស់សេរីរ័ត្ន ក៍ទៅចូលរួមខួបនាងដែរ គ្រាន់តែលោកមិនចេញមុខជាចំហ ប៉ុណ្ណោះ តែអាចពួនក្បែនោះ ។

ពេជ្រ សេរីរ័ត្ន បានចែកផ្លូវជាមួយលោកគង់ វិសាល ១២ឆ្នាំមកហើយ ដែលពេលនេះពួកគេមានគូស្នេហាថ្មីរៀងៗខ្លួន និងមានកូន២នាក់(ស្រី១)ដូចគ្នា ។ការលាក់មុខប្ដីបានជាង១០ឆ្នាំ ធ្វើឲ្យសេរីរ័ត្ន រងការរិះគន់ច្រើនដូចជាខ្លះថានាងមានកូនអត់ប្ដី និងមួយចំនួនទៀតថានាងមិនហ៊ានបញ្ចេញមុខប្ដី ព្រោះតែប្ដីនាងប្ដីគេដែរ។ប៉ុន្ដែទោះជាព្យាយាមលាក់ប្ដីយ៉ាងណាក៍មិនជិត១០០%ដែរ ព្រោះមានការបង្ហើបពីអ្នកស្និតស្នាលនាងថាតាមពិតគូស្នេហ៍របស់សេរីរ័ត្ន គឺជាបុរសអាណិកជនខ្មែរអូស្រា្ដលី ឈ្មោះ«សុខា » ដែលរស៊ីនាំចូលថាមពលសូឡា មកលក់នៅខ្មែរ ។តែតារាកូន២រូបនេះបែជាថាប្រុសនោះជា«ក្មួយ » របស់នាងទៅវិញ ។

ក្រៅពីពេជ្រ សេរីរ័ត្ន តារាដែលមានកូនហើយតែលាក់មុខប្ដី កម្រនឹងអាចបិតបាំងជិតបានជាង១០ឆ្នាំដូចនាងខ្លាំងណាស់ ខណៈដែលសេរីរ័ត្ន នេះក៍គ្មានដំណឹងរៀបការដែរ ព្រោះរាល់ដងឲ្យតែសួរការប្ដីម្ដងនាងឆ្លើយថាចង់ ជួលកាលថាអត់ និងចុងក្រោយនេះនាងរត់ចេញតែម្ដងពេលត្រូវសួរសំណួរចាក់ដោតនេះ ។ប្រភពបានឲ្យដឹងថាសេរីរ័ត្ន អាចនឹងមិនស្គាល់ជីវិតគ្រងឈុតកូនក្រមុំមែនទែនជារៀងរហូតបើសិនជាគូស្នេហ៍នាងពិតជាបុរសនៅអូស្រា្ដលីដូចការលេចឭមែននោះ ព្រោះប្រពន្ធដើមប្រឆាំង ។ប៉ុន្ដែបើសេរីរ័ត្ន ចង់បញ្ចប់រឿងគេសង្ស័យថាឪពុកកូនប្រុសស្រីរបស់នាងមិនមែនជាប្ដីគេនោះពិធីការិនីពូកែដោះស្រាយអ្នកខូចចិត្ត ព្រោះស្នេហា រូបនេះគួរតែក្លាហានហ៊ានបង្ហាញម្ចាស់ស្នេហាពិតនោះពាក្យចចាមអារ៉ាមទាំងឡាយ នឹងបន្សាបបានខ្លះមកវិញជាមិនខាន ៕




