Wednesday, December 4, 2024
Homeព័ត៌មានអន្តរជាតិផូស៊ីលក្រពើ អាយុ១២លានឆ្នាំ រកឃើញនៅវាលខ្សាច់ប្រទេសប៉េរូ

ផូស៊ីលក្រពើ អាយុ១២លានឆ្នាំ រកឃើញនៅវាលខ្សាច់ប្រទេសប៉េរូ

ប្រទេសប៉េរូ ៖ ក្រុមបុរាណវិទូ បានបង្ហាញពីការរកឃើញផូស៊ីលក្រពើបុរាណ ដែលមានអាយុប្រហែល ១០-១២ លានឆ្នាំ ក្នុងស្ថានភាពល្អ វាជាសត្វក្រពើដំបូងគេដែលត្រូវបានរកឃើញក្នុងប្រទេសប៉េរូ។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ថា ក្រុមបុរាណវិទូ បានបញ្ជាក់ថា ផូស៊ីល ក្រពើបុរាណនេះ មានអាយុប្រហែល ១០-១២លានឆ្នាំ ក្នុងស្ថានភាពល្អវាជាក្រពើវ័យជំទង់ ប្រវែងប្រហែល ៣ម៉ែត្រ ត្រូវបានរកឃើញនៅចុងឆ្នាំ២០២៣ នៅវាលខ្សាច់ Ocucaje ក្នុងប្រទេសប៉េរូ ចម្ងាយប្រហែល ៣៥០គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុងលីម៉ា (Lima) ។

លោកម៉ារីអូ ហ្គាម៉ាររ៉ា (Mario Gamarra) អ្នកជំនាញខាងសត្វឆ្អឹងកងខ្នង បាននិយាយនៅក្នុងសន្និសីទសារ ព័ត៌មាន កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា «នេះជាលើកទីមួយហើយដែលយើងបានរកឃើញក្រពើក្មេងប្រភេទនេះ ដែលមានន័យថា វាមិនទាន់លូតលាស់ពេញលេញនៅឡើយទេ ហើយបានស្លាប់។ លលាដ៍ក្បាល និងថ្គាមរបស់សត្វក្រពើនេះ ខុសពីសត្វក្រពើសព្វថ្ងៃ ពួកវាមានច្រមុះវែង ហើយអាហាររបស់វាគឺត្រីសុទ្ធ។ សាច់ញាតិជិតបំផុតរបស់វា នាពេលបច្ចុប្បន្ននេះ គឺប្រហែលជាក្រពើ gharial នៅឥណ្ឌា»។

វាលខ្សាច់ Ocucaje របស់ប្រទេសប៉េរូ គឺជាកន្លែងដែលសម្បូរទៅដោយផូស៊ីលសត្វ ដូចជា ត្រីបាឡែន ផ្សោត ត្រីឆ្លាម និងសត្វផ្សេងៗទៀត រួមទាំងក្រពើផងដែរ ក្នុងយុគសម័យម៉ៃអូស៊ីន ពីរាប់សិបលានឆ្នាំមុន ហើយការរកឃើញចុងក្រោយបំផុត គឺជាការងាររួមគ្នារវាងវិទ្យាស្ថានភូគព្ភសាស្ត្រ រ៉ែនិងលោហធាតុ របស់ប៉េរូ និងសាកលវិទ្យាល័យ La Union ៕

RELATED ARTICLES