ភ្នំពេញ៖លោកគួច ខេវិន និងលោកមិញ សុធីវណ្ណ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាឱក សុគន្ធកញ្ញា ថៅកែហង្សមាស នឹងមិនឲ្យធ្លាក់ជាដាច់ខាត ហើយថាពេលនាងមានកូនទៅកាន់តែល្បី ព្រោះជាក្រុមគ្រួសាររបស់ហង្សមាសនោះ ពេលនេះអ្វីៗបានក្លាយទៅជាការពិត ខណៈដែលបច្ចុប្បន្នតារាស្រីល្បីៗរបស់ហង្សមាសបានដើរចេញជាបន្ដបន្ទាប់ព្រោះអត់មានបទច្រៀងនោះផលិតកម្មធំមួយនេះបែជាកាន់តែប្រឹងលើកស្ទួយសុគន្ធកញ្ញា ឲ្យល្បីថែមមួយកម្រិតទៀត បើទោះជានាងមានកូនពីរនាក់ទៅហើយក្ដី ។សុគន្ធកញ្ញា អាយុ៣៨ឆ្នាំ ទើប បញ្ចប់ការ ច្រៀងSolo Concerts លើកទី២នៅខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែវិច្ឆិកា បន្ទាប់នាងច្រៀងម្នាក់ឯងលើកទី១ បើកឆាកកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ។ប៉ុន្ដែមិនមែនច្រៀងតែពីរដងនេះបញ្ចប់ទេ ព្រោះពេលនេះស្វាមីនាងលោកអ៊ឹង សុខលី កំពុងតែសម្លឹងមើលទីតាំងខេត្តផ្សេងទៀត ដើម្បីឲ្យភរិយាលោកច្រៀងលក់សំបុត្រ បន្ដទៀត ។វាក៍ជាលើកទី១ដែរសម្រាប់តារាខ្មែរ ដែលមានកូនពីរនាក់ហើយហ៊ានច្រៀងលក់សំបុត្រនៅមានអ្នកហ៊ានទិញចូលមើល ខណៈដែលតារាខ្លះទៀត ក្រោយមានប្ដីនិងកូនហើយ ទោះជាច្រៀងFree ក៍គ្មានអ្នកមើល ។
តាមរយៈការច្រៀងSolo Concerts ពីរលើករបស់ឱក សុគន្ធកញ្ញា ដែលតារាល្បីៗផ្សេងទៀត មិនទាន់អាចធ្វើបានដូចនាងនេះបញ្ជាក់ថាតារាចម្រៀងស្រីជាតួឯកនៅផលិតកម្មហង្សមាសគឺមានតែប្អូនថ្លៃថៅកែហង្សមាសរូបនេះម្នាក់គត់ ដែលត្រូវបងថ្លៃនាងអ្នកឧកញ៉ាអ៊ឹង ឆៃងួន និងស្វាមីនាងលោកអ៊ឹង សុខលី លេងក្បាច់ពិសេសគឺឲ្យនាងច្រៀងតែម្នាក់ឯង ដើម្បីឲ្យនាងល្បីថែមទៀត ។តែអំឡុងថៅកែផលិតកម្មហង្សមាស កំពុងតែលើកឱក សុគន្ធកញ្ញា ខ្លាំងជាងគេនេះ បែជាតារាស្រីលំដាប់ជូរមុខរបស់ផលិតកម្មនេះមានដូចជាពេជ្រ សោភា ,សុគន្ធ និសា ,រ៉េត ស៊ូហ្សាណា ,វី ឌីណែត និងតារាប្រុសមួយចំនួនទៀតបានដើរចេញពីផលិតកម្មធំនេះអស់ទៅហើយ ហេតុនេះបានជាមានការលើកឡើងថាបើថៅកែលើកតែប្អូនថ្លៃម្នាក់ ព្រលែងតារា១០នាក់ចោល តើផលិតកម្មនេះនឹងនៅតែឈានមុខគេតទៅទៀត ដែរឬទេ ?
គួរកត់សម្គាល់ថាឱក សុគន្ធកញ្ញា មិនសូវមានបទចម្រៀងល្បីៗដូចមុនទេ នារយៈពេលជាង៥ឆ្នាំចុងក្រោយនេះ ហេតុនេះការច្រៀងឆាកធំរបស់នាងភាគច្រើនយកបទល្បីៗចាស់ឡើងវិញ តែតាមព័តមានថាក្រោយសុគន្ធកញ្ញា បង្ហាញខ្លួន២លើកមកនេះមានក្រុមហ៊ុនមួយចំនួនប្រជែងគ្នាចង់ធ្វើជាម្ចាស់Sponsor ឲ្យនាងច្រៀងឆាកSolo Concert ជាលើកទី៣ និងបន្ដបន្ទាប់ទៀតផង។ស្វាមីសុគន្ធកញ្ញា បានបង្ហាញអារម្មណ៍រីករាយនៅពេលដែលឃើញភរិយាលោកនៅតែមានការគាំទ្រ ហើយក្រោយពីបញ្ចប់ឆាកនៅខេត្តបាត់ដំបងនោះលោកសុខលី បានរត់មកថតរូបអោបថើបភរិយាទៀតផង។ដោយឡែកសម្រាប់តារាដែលគួរតែច្រៀងSolo Concerts ដែរមានដូចជាលោកព្រាប សុវត្ថិ ,មាស សុខសោភា និងពេជ្រ សោភា ជាដើម នោះបែជារក្សារភាពស្ងៀមស្ងាត់ ពោលគឺអត់ទាន់ហ៊ានចេញមុខកាត់ប្អូនថ្លៃថៅកែហង្សមាសឡើយ ។
អ្នកជំនាញសិល្បៈលោកនូ ស៊ឹប បានប្រាប់ថាតារាល្បីកុំថាឡើយមានកូន២នាក់ទោះជាមានកូន៤ទៅ៥នាក់ ក៍នៅតែល្បី ព្រោះតារាសំខាន់នៅលើសុខភាព និងសម្ថភាព ។ប្រភពបានឲ្យដឹងថាបន្ទាប់ពីខេត្តបាត់ដំបងខាងSponsor កំពុងសម្លឹងមើលចង់ឲ្យសុគន្ធកញ្ញា ច្រៀងឆាកទី៤ Solo Concert នៅខេត្តសៀមរាប ។ដោយឡែកសម្រាប់ការចេញមុខនៅឆាកប៉ុស្ដិ៍ផ្សេងៗ ក្រៅពីហង្សមាសសម្រាប់រដូវក្ដៅនេះ គេកម្រឃើញសុគន្ធកញ្ញា បង្ហាញខ្លួន ព្រោះអាចផ្ដោតលើការច្រៀងលក់សំបុត្រ ជាង៕