Thursday, December 5, 2024
Homeព័ត៌មានសិល្បៈ នាយតាក់ស៊ី ថានឹងបញ្ច---/ប់ជីវិតខ្លួនឯង បើគ្មានជំនួយឧបត្ថម្ភដូរ---/ក្រលៀន

 នាយតាក់ស៊ី ថានឹងបញ្ច—/ប់ជីវិតខ្លួនឯង បើគ្មានជំនួយឧបត្ថម្ភដូរ—/ក្រលៀន

ភ្នំពេញ៖ តារាកំប្លែង លោកប៉ុល សារឿង ហៅនាយតាក់ស៊ី ដែលមានជំងឺទឹកនោមផ្អែមប្រចាំកាយ ជាង២០ឆ្នាំ និងកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហើយត្រូវបានក្រុមគ្រូពេទ្យជំនាញ ផ្តល់ជម្រើស២ ដើម្បីរស់បន្ត គឺលាងឈាមមួយជីវិត ឬត្រូវវះកាត់ប្តូរក្រលៀនថ្មីនោះ បាននិយាយថា ប្រសិនបើមិនមានជំនួយឧបត្ថម្ភសម្រាប់ដូរក្រលៀនថ្មីទេនោះ រូបគេនឹងបញ្ចប់ជីវិតខ្លួនឯងតែម្តង ដើម្បីកុំឱ្យប្រពន្ធកូនរបស់ខ្លួន ជួបការលំបាកក្នុងការរកប្រាក់មកព្យាបាលជំងឺរបស់ខ្លួន ដែលត្រូវលាងឈាម ១សប្តាហ៍ ៣ដង ហើយលាងម្តងៗ ត្រូវចំណាយប្រាក់ ប្រមាណ ៣០០ដុល្លារឯណោះ។

នាយតាក់ស៊ី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា បានបញ្ជាក់ប្រាប់ពីស្ថានភាពសុខភាពរបស់ខ្លួនថា មុនឈានដល់ការចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបែបនេះ គឺលោកបានកើតមានអាការជំងឺហត់ ដង្ហក់ ដកដង្ហើមសឹងមិនដល់គ្នា រហូតដល់ថ្នាក់ស្លឈាម ប្រកាច់នៅផ្ទះ រយៈពេលប្រមាណជាង ១ ម៉ោង ទើបប្រពន្ធលោក មើលឃើញសភាពមិនស្រួល ក៏ប្រញាប់ដឹកបញ្ជូនលោកមកកាន់មន្ទីរពេទ្យភ្លាមៗ នៅវេលាម៉ោង ៤កន្លះទៀបភ្លឺ និងបានមកដល់មន្ទីរពេទ្យ នៅវេលាម៉ោង ៥កន្លះទៀបភ្លឺ។ លុះមកដល់ភ្លាម ក្រុមគ្រូពេទ្យ បានចេញមកជួយសង្គ្រោះ ដោយបញ្ជូនលោកចូលបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ និងរៀបចំដាក់អុកស៊ីហ្សែន ទើបលោកស្រួលដកដង្ហើមបានបន្តិច។ ប៉ុន្តែក្រោយពីសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ រយៈពេល៤ថ្ងៃ អាការហត់ ពិបាកដកដង្ហើមរបស់លោក នៅតែមិនបានធូរស្បើយនៅឡើយ ពោលគឺនៅតែហត់ដង្ហក់ដដែល។ លុះក្រោយពីក្រុមគ្រូពេទ្យជំនាញ យកឈាមទៅពិនិត្យ រួចបានប្រាប់ថា លោកបានខូចក្រលៀន (តម្រងនោម) អស់ទៅហើយ ពោលគឺជាដំណាក់កាលចុងក្រោយហើយ គ្រាន់តែឮបែបនេះ លោកស្លុតចិត្តយ៉ាងខ្លាំង ដោយមិននឹកស្មានដល់ ហើយគ្រូពេទ្យបានប្រាប់ទៀតថា វិធីមានតែ ២យ៉ាងទេ ដែលជាជម្រើសដើម្បីរស់បន្ត គឺទី១ត្រូវលាងឈាម អស់១ជីវិត ដោយត្រូវលាងឈាម ក្នុង១សប្តាហ៍ ៣ដង និងជម្រើសទី២ ត្រូវប្តូរក្រលៀនថ្មីតែម្តង។

នាយតាក់ស៊ី បានរៀបរាប់ថា “គ្រាន់តែលាងឈាមម្តង ត្រូវការចំណាយប្រាក់ អស់ចំនួន១៥០ដុល្លារ លុះលាងឈាមហើយ ត្រូវការដាក់សេរ៉ូម ដែលមានតម្លៃ ១ប្លោក ជិត១០០ដុល្លារ និងត្រូវការដាក់ ចំនួន២ប្លោក ។ និយាយរួម ក្នុងការលាងឈាមម្តង គឺត្រូវចំណាយមិនក្រោម២៥០ដុល្លារ ទៅ៣០០ដុល្លារនោះទេ ហើយនេះមិនទាន់រាប់ បញ្ចូលជាមួយនឹងការចំណាយលើថ្លៃថ្នាំ និងការសម្រាកព្យាបាលផង ចុះបើក្នុង ១សប្តាហ៍ ត្រូវលាង៣ដង ហើ យត្រូវការលាងអស់ ១ជីវិតទៅទៀតនោះ តើមានលទ្ធភាពឯណា អាចទប់ទល់ការចំណាយលើការព្យាបាលនេះបាន? ហើយបើចំណាយទៅលើការប្តូរក្រលៀន បើតាមកញ្ចប់សេវាកម្មរបស់គេ គឺតម្លៃចន្លោះពី ៦ម៉ឺនដុល្លារ ទៅដល់៨ម៉ឺនដុល្លារ និងត្រូវទៅប្តូរនៅប្រទេសឥណ្ឌា…”។

នាយតាក់ស៊ី បានបញ្ជាក់ថា មកដល់ពេលនេះ ស្ថានភាពរបស់លោក បានធូរស្រាល ១កម្រិត ពោលគឺបានប្រ មាណ ៣០ភាគរយហើយ ដោយអាចងើបអង្គុយបាន និងអន់ហត់ដង្ហក់ ប៉ុន្តែលោកគ្មានលទ្ធភាពដើម្បីបន្តការព្យាបាលទៅមុខទៀតទេ ព្រោះគ្រួសារទាំងមូល ពឹងផ្អែកលើលោកតែម្នាក់ ចំណែកប្រពន្ធរបស់លោក មិនមាន មុខរបរអ្វីឡើយ។

នាយតាក់ស៊ី បានបញ្ជាក់បន្ថែមថា ពេលនេះ លោកអស់លទ្ធភាពហើយ ហើយបើនៅតែព្យាបាល តាមរយៈការលាងឈាម ក្នុង១អាទិត្យ ៣ដងបែបនេះ គឺទី១-លោកគ្មានពេលទៅរកចំណូលចិញ្ចឹមជីវិត ចេញសម្តែងមិនកើត ទេ ព្រោះត្រូវលាងឈាម ១អាទិត្យ ៣ដងទៅហើយ នៅសល់៤ថ្ងៃ ត្រូវសម្រាកនៅផ្ទះ ចាក់ថ្នាំទៀត។ ទី២-លោកត្រូវបង់រំលស់ផ្ទះ ក្នុង១ខែ ជាង៥០០ដុល្លារ តើមានពេលឯណាទៅរកប្រាក់? ហេតុនេះ មានតែលើកម្រាមដៃ១០ សុំសម្តេចហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ដែលលោកមានចិត្តបុណ្យ ចិត្តធម៌សប្បុរស សូមមេត្តាជួយឱ្យលោកបានប្តូរក្រលៀនផង ដើម្បីអាចរស់រានមានជីវិតតទៅមុខទៀត គ្រាន់បាននៅមើលមុខប្រពន្ធកូន។

នាយតាក់ស៊ី បានថ្លែងថា “ប្រសិនបើមិនមានការជួយឧបត្ថម្ភដើម្បីអាចដូរក្រលៀន បានទាន់ពេលវេលាទេ គឺខ្ញុំនឹងបញ្ចប់ជីវិតហើយ ព្រោះខ្ញុំអត់អាចរស់នៅតទៅទៀតបានទេ កុំឱ្យប្រពន្ធកូនខ្ញុំវេទនា តែបើអាចប្តូរក្រលៀនបាន នោះជីវិតខ្ញុំនឹងមានសង្ឃឹមតទៅមុខទៀតហើយ…”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ សមាគមសិល្បករខ្មែរ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា ក្រុមការងារសមាគមសិល្បករខ្មែរ នឹងនាំយកនូវថវិកាមួយចំនួនរបស់សមាគម ដើម្បីជូនដល់ក្រុមគ្រួសារតារាកំប្លែង លោកប៉ុល សារឿង ហៅនាយតាក់ស៊ី ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។សមាគមសិល្បករខ្មែរ បញ្ជាក់ថា ដោយសារសមាគម ជាអង្គការមិនមែនរដ្ឋាភិបាលមិនស្វែងរកប្រាក់ចំណេញ និងមានសិល្បករចាស់ជរាជាច្រើនទៀត ត្រូវយកចិត្តទុកដាក់គាំពារផងនោះ ដូច្នេះសមាគម ពុំមានលទ្ធភាពច្រើនក្នុងការជួយដល់តារាកំប្លែង នាយតាក់ស៊ី នោះទេ។

អាស្រ័យហេតុនេះ សមាគមសិល្បករខ្មែរ សូមអំពាវនាវដល់សប្បុរសជន ជាពិសេសមហាជន ដែលតែងតែមានការគាំទ្រចំពោះតារាកំប្លែងរូបនេះ អាចចូលរួមបរិច្ចាគថវិកាតាមលទ្ធភាព ដើម្បីរំលែកការលំបាកលើការចំណាយដ៏ច្រើនរបស់ក្រុមគ្រួសារ ក្នុងការព្យាបាលថែទាំជំងឺរបស់នាយតាក់ស៊ី…។

គួររំលឹកថា តារាកំប្លែង លោកប៉ុល សារឿង ហៅនាយតាក់ស៊ី ដែលកើតមានជំងឺទឹកនោមផ្អែមប្រចាំកាយ ច្រើនឆ្នាំមកហើយនោះ ត្រូវបានអាការជំងឺធ្វើទុក្ខខ្លាំង រហូតត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗ និងត្រូវបានក្រុមគ្រូពេទ្យជំនាញ ផ្តល់ជម្រើស ចុងក្រោយចំនួន២ គឺទី១- ត្រូវលាងឈាម ១អាទិត្យ ៣ដង ពេញ១ជីវិត និងជម្រើសទី២- ត្រូវវះកាត់ប្តូរក្រលៀនថ្មី។

តាមសម្តីភរិយាក្រោយរបស់នាយតាក់ស៊ី ដែលកំពុងកំដរជំងឺប្តីនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ បានរៀបរាប់ប្រាប់ថា ប្តីរបស់នាង បានកើតមានជំងឺទឹកនោមផ្អែមនេះ រយៈពេលជាង២០ឆ្នាំមកហើយ ហើយគាត់តែងជក់បារី ជាប់ជាប្រចាំ ពោលគឺជក់ច្រើនខ្លាំងណាស់ ទោះជាកន្លងមក នាងធ្លាប់ហាមប្រាមប្តីខ្លះដែរ តែប្តីមិនស្តាប់ ជួនថែមទាំងខឹងសម្បាដល់រូបនាងថែមទៀតផង។ និយាយរួមទៅ គឺប្តីរបស់នាងផ្តាច់បារី មិនបានឡើយ។ យ៉ាងណា មួយរយៈកន្លងមកនេះ ប្តីនាងបានប្រើផលិតផលឱសថមួយត្រូវ ទើបមិនធ្វើឱ្យអាការជំងឺរបស់គាត់វិវត្តន៍ទៅមុខអ្វីធំដុំឡើយ ទើបតែមួយរយៈចុងក្រោយ រយៈពេលប្រមាណកន្លះខែមុននេះ គាត់ចាប់ផ្តើមបណ្តោ យខ្លួនដោយសាររវល់ការងារខ្លាំង សម្រាកមិនបានគ្រប់គ្រាន់ ដោយគេងបានត្រឹមតែ២ទៅ៣ម៉ោងប៉ុណ្ណោះ ក្នុង១ថ្ងៃ និងថែមទាំងជក់បារី កាន់តែច្រើន ហូបកាហ្វេក៏ច្រើន ទើបធ្វើឱ្យសុខភាពគាត់ចាប់ផ្តើមទ្រុឌទ្រោមបន្តិចម្តងៗ។

ភរិយានាយតាក់ស៊ី បានបន្តថា កន្លងមក ប្តីនាងធ្លាប់ត្រូវបានក្រុមគ្រូពេទ្យជំនាញ ណែនាំឱ្យលាងឈាមដែរ តែគាត់ចេះតែព្យាយាមគេចវេះ មិនព្រមលាងឈាមដាច់ខាត ដោយផ្អែកលើមូលហេតុចម្បង គឺខ្វះខាតថវិកា ពិសេសគាត់មិនចង់នាំទុក្ខលំបាកដល់នាងជាប្រពន្ធ ដោយសារការលាងឈាម ត្រូវការចំណាយច្រើន។ លុះរយៈពេលប្រមាណកន្លះខែ ចុងក្រោយនេះ គាត់សម្តែងច្រើន ឈរច្រើន ជក់បារីច្រើន ផឹកកាហ្វេក៏ច្រើន ជាហេតុធ្វើឱ្យអាការជំងឺគាត់ចាប់ផ្តើមរើឡើង។

ភរិយានាយតាក់ស៊ី បានបញ្ជាក់ថា អាការជំងឺរបស់ប្តីនាង ដែលតម្រូវឱ្យប្រញាប់បញ្ជូនមកកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ នាពេលនេះ គឺគាត់បានកើតមានអាការហើមដៃហើមជើង និងហត់ខ្លាំង លុះបញ្ជូនមកដល់ គ្រូ ពេទ្យពិនិត្យរួច ប្រាប់ថា ប្តីនាងមានបញ្ហាទឹកដក់ក្នុងសួត និងខូចតម្រងនោម (ក្រៀន) ដំណាក់កាលចុងក្រោយ ដោយគ្រូពេទ្យតម្រូវឱ្យលាងឈាម។ លុះបន្ទាប់ពីលាងឈាមបាន ៣ដងរួចមក អាការប្តីនាងបានធូរស្រាលបន្តិចឡើងវិញ ដោយអន់ហត់ប្រមាណ ៤០ភាគរយ ប៉ុន្តែបញ្ហានៅត្រង់ថា ពេលនេះក្រុមគ្រួសារនាងមិនមានលទ្ធភាពក្នុងការចំណាយថ្លៃលាងឈាមប្តីទៀតនោះទេ កុំថាឡើយត្រូវវះកាត់ប្តូរក្រលៀនថ្មីនោះ។

គួររំលឹកថា លោកប៉ុល សារឿង ហៅនាយតាក់ស៊ី អាយុ៤៥ឆ្នាំ បានលែងលះជាមួយនាងលាប សោភ័ណ្ឌ ហៅភីម កាលពីឆ្នាំ២០១៩ ដោយបន្សល់ចំណងដៃកូនប្រុសម្នាក់ ឈ្មោះរឿង ជីវ័ន្ត អាយុ១៥ឆ្នាំ ហើយនាយតាក់ស៊ី ក៏ទៅសាងផ្នួសកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅវត្តមីដងទង់ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ប៉ុន្តែដោយសារជំងឺខ្វះជាតិស្ករ ធ្វើទុក្ខខ្លាំងពេក ទើបនាយបានលាចាកសិក្ខាបទទាំងតក់ក្រហល់ ដើម្បីទៅព្យាបាលជំងឺ ហើយក៏បានធូរស្រាល អាចបន្តអាជីពសិល្បៈបាន ប៉ុន្តែចុងចុងក្រោយនេះ នាយតាក់ស៊ី បានធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ ហើយត្រូវបានគ្រួពេទ្យពិនិត្យឃើញថា ខូចតម្រងនោម ដំណាក់ កាលចុងក្រោយ ដូច្នេះជម្រើសចុងក្រោយ មានតែ២ប៉ុណ្ណោះ ទី១-ត្រូវលាងឈាម ១អាទិត្យ ៣ដង ពេញ១ជីវិត និងទី២- ត្រូវវះកាត់ប្តូរក្រលៀនថ្មី៕

RELATED ARTICLES