ប្រទេសវៀតណាម ៖ លោកស្រីទ្រឿង មីឡាន (Truong My Lan) មហាសេដ្ឋិនីអចលនទ្រព្យរបស់ប្រទេសវៀតណាម ត្រូវបានកាត់ទោសប្រហារជីវិត ពីបទឆបោកប្រាក់ធនាគាររដ្ឋ ពេលនេះកំពុងរៃអង្គាសប្រាក់ ៩ ពាន់លានដុល្លារ ដើម្បីសងរដ្ឋវិញ ជាថ្នូរនឹងការកាត់បន្ថយទោសដាក់ពន្ធនាគារអស់មួយជីវិត។

តាមប្រភពបណ្តាញព័ត៌មានបរទេស បានរាយការណ៍ថា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី ទ្រឿង មីឡាន អាយុ៦៨ឆ្នាំ អតីតប្រធាន និងជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ វ៉ាន់ ធិញផាត់ គ្រុប (Van Thinh Phat Group) ត្រូវបានកាត់ទោសប្រហារជីវិត ពីបទក្លែងបន្លំប្រាក់កម្ចីដែលមានតម្លៃសរុប ៤៤ពាន់លានដុល្លារ ពីធនាគារ សៃហ្គន ពាណិជ្ជ (Saigon Commercial Bank) បានចូលស្តាប់ការសម្រេច លើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសប្រហារជីវិតលោកស្រី កាលពីខែមេសា កន្លងទៅ។
លោកស្រីទ្រឿង មីឡាន អាចសង ៧៥% នៃប្រាក់បោកប្រាស់ ដើម្បីបន្ធូរបនថយទោស ពីប្រហារជីវិត មកដាក់ពន្ធនាគារមួយជីវិត តាមច្បាប់វៀតណាម ហើយមេធាវីរបស់គាត់ ធ្លាប់បានជជែកគ្នាពីការបន្ធូរបន្ថយទោស ដោយហេតុផលហិរញ្ញវត្ថុ។
មេធាវី បានបញ្ជាក់ថា តម្លៃទ្រព្យសម្បត្តិសរុបជាក់ស្តែង នៃការកាន់កាប់របស់កូនក្តី គឺលើសពីចំនួនសំណងដែលត្រូវបង់ ប៉ុន្តែការលក់អចលនទ្រព្យ ត្រូវការពេលវេលានិងការខំប្រឹងប្រែង នេះដោយសារទ្រព្យពួកគេ ភាគច្រើនជាអចលនទ្រព្យ ហើយត្រូវការពេលវេលាដើម្បីលក់ចេញ។
មេធាវីជនត្រូចោទ និយាយថា កូនក្តីរបស់ខ្លួន កំពុងព្យាយាមអស់ពីសមត្ថភាព ដើម្បីទទួលបាន ៩ពាន់លានដុល្លារ ប៉ុន្តែការលក់ទ្រព្យសម្បត្តិ មានការលំបាក ខណៈពេលដែលលោកស្រី ត្រូវបានកាត់ទោសប្រហារជីវិត វានឹងកាន់តែពិបាកសម្រាប់កូនក្តី ក្នុងការចរចាតម្លៃដ៏ល្អបំផុតសម្រាប់ការលក់ទ្រព្យសម្បត្តិ និងការវិនិយោគរបស់គាត់ ហើយនឹងមានការលំបាកក្នុងការរៃអង្គាសប្រាក់ចំនួន ៩ពាន់លានដុល្លារផងដែរ។ មេធាវី ជឿថា កូនក្តីនឹងធ្វើបានល្អជាងនេះ ប្រសិនបើត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ជំនួសទោសប្រហារជីវិត។

គួរបញ្ជាក់ថា ទ្រឿង មីឡាន (Truong My Lan) គឺជាស្ត្រីម្នាក់ ក្នុងចំណោមស្ត្រីពីរបីនាក់ នៅប្រទេសវៀត ណាម ដែលត្រូវបានកាត់ទោសប្រហារជីវិត ពីបទឧក្រិដ្ឋកម្មសេដ្ឋកិច្ច បន្ទាប់ពីតុលាការ បានរកឃើញថា បានក្លែងបន្លំប្រាក់កម្ចី ពីធនាគារ Saigon Commercial Bank ដែលជាអ្នកផ្តល់ប្រាក់កម្ចីធំជាងគេទីប្រាំ របស់ប្រទេសវៀតណាម ដែលមានទឹកប្រាក់សរុបចំនួន ៤៤ពាន់លានដុល្លារ ដែលជាឧក្រិដ្ឋកម្មហិរញ្ញវត្ថុដ៏ធ្ងន់បំផុតរបស់ប្រទេសវៀតណាម៕