អ៊ីស្រាអែល ៖ ក្រុមហេសបូលឡាហ៍ (Hezbollah) បានបើកការវាយប្រហារលើកដំបូង លើអ៊ីស្រាអែលចាប់ តាំងពីអនុវត្តបទឈប់បាញ់ បន្ទាប់ពីអ៊ីស្រាអែល បានបន្តវាយប្រហារលីបង់ ។
ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ថា ក្រុមហេសបូលឡាហ៍ បានបាញ់អាវុធចូលតំបន់ជម្លោះព្រំដែនដែលគ្រប់គ្រងដោយអ៊ីស្រាអែល នៅថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០២៤ វាជាលើកដំបូងដែលក្រុមប្រដាប់អាវុធនេះ វាយប្រហារ ចាប់តាំងពីពួកគេ និងអ៊ីស្រាអែល បានព្រមព្រៀងបទឈប់បាញ់ កាលពីសប្តាហ៍មុន។
ក្រុមហេសបូលឡាហ៍ បានបញ្ជាក់ថា ការបាញ់អាវុធបែបនេះ គឺជាការព្រមានមួយ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល ជាច្រើនលើក នៅក្នុងប្រទេសលីបង់ នាប៉ុន្មានថ្ងៃថ្មីៗនេះ បណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ និងរបួសជាច្រើននាក់ទៀត រហូតដល់ប្រធានសភាលីបង់ ចេញចោទអ៊ីស្រាអែល រំលោភលើកិច្ចព្រម ព្រៀងឈប់បាញ់ ច្រើនជាង ៥០ដង ក្នុងរយៈពេលប៉ុន្មានថ្ងៃ។
ចំពោះការវាយប្រហារចុងក្រោយរបស់ក្រុមហេសបូលឡាហ៍ កងទ័ពអ៊ីស្រាអែល បានបញ្ជាក់ថា ក្រុមហេសបូលឡាហ៍ បានបាញ់រ៉ុក្កែត ពីរគ្រាប់ ទៅលើភ្នំដូវ (Dov) ជាតំបន់គ្រប់គ្រងដោយអ៊ីស្រាអែល មានទីតាំងនៅចំណុចដែលព្រំដែនលីបង់ និងអ៊ីស្រាអែល។ គ្រាប់កាំភ្លើង បានធ្លាក់នៅកន្លែងទីវាល ហើយមិនមានរបួសឬ ស្លាប់មនុស្សណាម្នាក់ឡើយ។
ទោះបីជាយ៉ាងណា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនហ្សាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា ការវាយប្រហាររបស់ក្រុមហេសបូលឡាហ៍ (Hezbollah) គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងជាការវាយប្រហារសងសឹក គំរាមកំហែង និងចោទជាសំណួរថា តើកិច្ចព្រមព្រៀងឈប់បាញ់ រយៈពេល ៦០ថ្ងៃ ដ៏ផុយស្រួយនេះ តើវាអាចបន្តរហូតដល់ថ្ងៃកំណត់បានឬទេ?
គួរបញ្ជាក់ថា នៅថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០២៤ មុនពេលក្រុមហេសបូលឡាហ៍ ធ្វើការវាយប្រហារ អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមផ្លូវអាកាស ចំនួន៤ និងបានបាញ់ផ្លោងលើតំបន់មួយចំនួន នៅភាគខាងត្បូងប្រទេសលីបង់ រួមមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលបានបណ្តាលឲ្យអ្នកជិះម៉ូតូម្នាក់ បានស្លាប់ និងទាហានលីបង់ ម្នាក់ទៀត បានស្លាប់។ ក្រុមហេសបូលឡាហ៍ បានអះអាងថា ការវាយប្រហារនេះ គឺដើម្បីរារាំងការគំរាមកំហែងដល់ប្រជាជនអ៊ីស្រាអែល ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតទេ។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោកហ្គីដុន សារ (Gidon Saar) បាននិយាយថា ពួកគេបានវាយប្រហារទៅ លើក្រុមអ្នកប្រយុទ្ធហេសបូលឡាហ៍ នៅភាគខាងត្បូងប្រទេសលីបង់ នៅពេលដែលពួកគេត្រូវបានកំណត់អត្ត សញ្ញាណបានថា បានព្យាយាមផ្លាស់ទីអាវុធ និងឧបករណ៍សឹក៕