ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជាភេទទី៣ (ស្រីតែងប្រុស) ម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ និងទូរស័ព្ទ ១គ្រឿង របស់សង្សារខ្លួន រួចព្យាយាមគេចខ្លួនអស់រយៈពេល៧ថ្ងៃ ទីបំផុតត្រូវនារីជាសង្សារ តាមរកមុខឃើញ ចាប់ក្របួចជាប់ យកមកប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
ករណីលួចម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ រហូតមកដល់វេលាម៉ោង ២និង៤៥នាទីរសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ទើបនារីរងគ្រោះបានតាមរកមុខជនសង្ស័យឃើញ ចាប់ប្រគល់ឱ្យកម្លាំងជំនាញអាវុធហត្ថ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះសត ស៊ីម ភេទស្រី អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកសម្ភារៈដែលជនសង្ស័យលួចយកទៅ រួមមាន ១-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ពាក់ស្លាកលេខ បាត់ដំបង 1AV-4351 ចំនួន១គ្រឿង ២-ទូរស័ព្ទដៃ ម៉ាក OPPO ចំនួន១គ្រឿង ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះវណ្ណា សុជាតា ភេទស្រី។
តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ត្រីជំនាញកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះវណ្ណា សុជាតា ស្តីពីករណីលួចម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ពាក់ស្លាកលេខ បាត់ដំបង 1AV-4351 និងទូរស័ព្ទដៃម៉ាក OPPO ចំនួន១គ្រឿង កាលពីវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពដដែល បន្តថា បន្ទាប់មកនៅវេលាម៉ោង ២និង៤៥នាទីរសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ជនរងគ្រោះបាននាំជនសង្ស័យឈ្មោះ សត ស៊ីម ភេទស្រី ដែលបានលួចម៉ូតូ និងទូរស័ព្ទខាងលើ មកកាន់មូលដ្ឋានកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូ និងទូរស័ព្ទដៃរបស់ជនរងគ្រោះប្រាកដ មែន ព្រោះម្ចាស់ម៉ូតូ ជាសង្សារបស់ខ្លួន (ស្រីស្រលាញ់ស្រី)។
ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី៕