ភ្នំពេញ៖ពេជ្រ សោភា និងលោកឆឹម សក្កដា មិនបានយកគ្នាជាសត្រូវដូចគូស្នេហ៍មួយចំនួនទៀតក្រោយពួកគេបែកបាក់គ្នានោះទេ គឺនៅតែដើរចូលគ្នានៅពេលដែលលោកសក្កដា ណាត់ជួប។ប៉ុន្ដែទំនាក់ទំនងពួកគេបានប្រែក្លាយពីគូដណ្ដឹង មកជាមិត្តភក្ដិ វិញម្ដង ហើយពេលនេះលោកសក្កដា អាយុជិត៤០ឆ្នាំ កំពុងបារម្ភរឿងអត់កូនក្រោយប្រេះគូដណ្ដឹងដោយលោកនិយាយទាំងស្រងួតស្រងាត់ថាលោកបានឭពេញៗត្រចៀករៀងរាល់ថ្ងៃ ថាអត់ប្រពន្ធ អត់កូន ពេលចាស់ទៅវេទនា ពេលឈឺបានដឹងខ្លួនថាឯកា ម្នាក់ឯងមិនស្រួលទេ កូនចិញ្ចឹមមិនដូចកូនបង្កើតទេ …។ ប៉ុន្ដែលោកសក្កដា ថាលោកជឿទៅលើផលបុណ្យដែលលោកបានសាង ដែលសំដៅថាបើគ្មានកូន ក៍កូនចិញ្ចឹម អាចជាកូនគន្លងធ័ម ដូចកូនបង្កើតដែរ ។


អ្នកលេងបណ្ដាញសង្គមបានចូលទៅខមិនដោយលើកទឹកចិត្តលោកសក្កដា ថាមិនទាន់ហួសពេលទេ ខណៈដែលភាគច្រើនសួរទៅលោកថាចុះហេតុអីមិនពឹងពេជ្រ សោភា ឲ្យជួយឲ្យលោកមានកូនបន្ដពូជ ទៅ…។ហ្វេសបុកឈ្មោះសៀមរាប ស្នេហ៍ស្មោះ ខមិនថា«ចុះអត់យកពេជ្រ សោភា ទេឬ អាយដល? » ។ហ្វេសបុកឈ្មោះSok Khan ខមិនថា«ហើយថែភា ទៅណា ?» ។

លោកឆឹម សក្កដា មិនឆ្លើយអ្វីទាំងអស់ទាក់ទងរឿងជាមួយពេជ្រ សោភា ខណៈដែលមុននេះលោកបានព្រមានធ្វើអត្តឃាតបញ្ចប់ជីវិតជាច្រើនលើកច្រើនសារ តែបានមិត្តភក្ដិអ្នករួមអាជីពលើកទឹកចិត្ត ទើបលោកនៅបន្ដលេបថ្នាំជំងឺវិបត្តិផ្លូវចិត្តជាប្រចាំថ្ងៃ។ចំណែកពេជ្រ សោភា វិញបានប្រាប់អ្នកយកព័តមានយើងថាមិនដឹងរឿងទាក់ទងលោកឆឹម សក្កដា នោះទេ ព្រោះនាងលេងហ្វេសបុកដើម្បីទាក់ទងការងារនិងបទចម្រៀង រឿងផ្សេងៗនាងមិនបានតាមដានឡើយ ។ប៉ុន្ដែកាលពីដើមខែ៨ ឆ្នាំ២០២៤ ពេជ្រ សោភា ធ្លាប់បានប្រកាសជាសាធារណៈថានាងចង់បានកូន តែមិនចង់បានប្ដីនោះទេ ។ចំពោះមូលហេតុវិញសោភា ថា«យកប្ដី នាំតែរវល់ខួរក្បាល » ។ពាក្យប៉ុន្មានម៉ាត់របស់សោភា នេះធ្វើឲ្យលោកសក្កដា គ្មានវាចាថ្លែងហើយលោកចាប់ផ្ដើមឃ្លាតឆ្ងាយពីនាងបន្ដិចម្ដងៗ រហូតថាចុងក្រោយនៅសល់តែការរាប់អានគ្នាធម្មតា ប៉ុណ្ណោះ ។

តារារួមអាជីពបានលើកឡើងថាស្នេហាពេជ្រ សោភា -ឆឹម សក្កដា ពិតជាច្របូលច្របល់ ព្រោះសោភា ចង់បានកូនអត់ប្ដី ខណៈដែលលោកសក្កដា ភ័យរឿងអត់កូន ។ប៉ុន្ដែពួកគេទាំងពីរមិនដែលចេញមុខនិយាយពីមូលហេតុមិនអាចបន្ដស្នេហានេះបានឡើយ ដោយគ្រាន់តែជាទូទៅលោកសក្កដា ច្រើនតែបង្ហាញពីការតូចចិត្ត និងមិនចង់រស់នៅតទៅទៀត ព្រោះជីវិតគ្មាន័យ តែលោកមិនដែលថាសោភា មានអ្នកថ្មី ឬជនទី៣ណាចូលបំបែកស្នេហាលោកនោះទេ បើទោះជាគេឃើញនាងស្អិតល្មូតជាមួយលោកឆន សុវណ្ណារាជ ជាងលោកក្ដី ។

គួររំលឹកថាពេជ្រ សោភា បានប្រកាសថានាងបានភ្ជាប់ពាក្យជាមួយលោកឆឹម សក្កដា កាលពីថ្ងៃទី១១ ខែ១១ ឆ្នាំ២០២២ នឹងគ្រោងរៀបការនៅឆ្នាំ២០២៣ ប៉ុន្ដែបានឆាចោលយ៉ាងទាន់ហន់វិញដោយមិនប្រាប់មូលហេតុ។សោភា ថាឲ្យតែនិយាយដល់រឿងរៀបការនាងមានអារម្មណ៍ថា«ភ័យ » ខណៈដែលលោកសក្កដា ថាបើកាមែនធ្វើតូចតាចមិនធំដុំនោះទេ ហើយដោយសារតែសោភា ជាគ្រីស្ទាន ហេតុនេះពិធីនោះធ្វើបញ្ចូលគ្នាទាំងបែបប្រពៃណីខ្មែរផង គ្រីស្ទាន ផង។តែនៅឆ្នាំ២០២៤ នេះទាំងសោភា និងលោកសក្កដា ថាមិនអាចកំណត់ថ្ងៃខែឆ្នាំណា រៀបការបានឡើយ ។

Fan ដែលគាំទ្រពេជ្រ សោភា មិនចង់ឃើញនាងខកចិត្តរឿងស្នេហាជាលើកទី៣ឡើយ តែសោភា នៅតែប្រកាន់ជំហរថាគ្មានប្ដីក៍នាងអាចរស់បាន និងយកស្នេហាជារឿងសំខាន់ទី២ ខណៈរឿងក្រុមគ្រួសារជារឿងសំខាន់ទី១ ។សោភា ដែលលែងតាមដានពីលោកសក្កដា ទៀតនោះពេលនេះនាងចាប់ផ្ដើមចេញថតបទថ្មីដោយផលិតខ្លួនឯងបទ«រយពាន់ឆ្នាំ » ក្រោយមានដំណឹងថានាងបានដើរចេញពីហង្សមាសតាំងពីចុងឆ្នាំ២០២៤ ក្រោយជ្រកនៅទ្រនុំធំនេះអស់រយៈពេល១៩ឆ្នាំ ៕
