កូរ៉េខាងត្បូង ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យុន សឹកយឹល (Yoon Seok-yul) បានយល់ព្រមដកច្បាប់អាជ្ញាសឹកវិញ ប៉ុន្មានម៉ោងបន្ទាប់ពីសភា បានបោះឆ្នោតប្រឆាំង ។
ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានរាយការណ៍នៅថ្ងៃទី០៤ ខែធ្នូឆ្នាំ២០២៤ ថា លោកយុន សឹកយឹល ប្រធានា ធិបតីកូរ៉េខាងត្បូង ថ្លែងនៅព្រឹកថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០២៤ ថា លោកនឹងដកការប្រើច្បាប់អាជ្ញាសឹក ជាបន្ទាន់ តាមរយៈកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ប៉ុន្មានម៉ោងបន្ទាប់ពីលោកបានប្រកាសអនុវត្តច្បាប់អាជ្ញាសឹក ដោយចោទប្រ កាន់ក្រុមប្រឆាំង ថាមានអាកប្បកិរិយាប្រឆាំងរដ្ឋ និងធ្វើឱ្យរដ្ឋាភិបាលជាប់គាំង។
លោកយុន សឹកយឹល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា ទាហានដែលចល័តនៅក្រោមច្បាប់អាជ្ញាសឹក ត្រូវបានដកចេញ ចំពេលមានការអបអរសាទររបស់ប្រជាពលរដ្ឋកូរ៉េ ដែលបានប្រមូលផ្តុំនៅមុខអគាររដ្ឋសភា ដើម្បីតាមដានស្ថានការណ៍ពេញមួយយប់។ មិនយូរប៉ុន្មាន គណៈរដ្ឋមន្ត្រី បានអនុម័តលើសំណើដកចេញនូវបញ្ជាឲ្យប្រើច្បាប់អាជ្ញាសឹក ជាបន្ទាន់។
ការប្រកាសរបស់លោកយុន សឹកយុល បានធ្វើឡើងបន្ទាប់ពីកាលពីម៉ោងប្រហែល ១:០០ ថ្ងៃពុធ (ម៉ោងក្នុងស្រុក) សមាជិកសភាជាតិកូរ៉េខាងត្បូង បានប្រមូលផ្តុំគ្នា ១៩០នាក់ ក្នុងចំណោម ៣០០នាក់ បានបោះឆ្នោតដោយសំឡេង ១៩០ ទល់នឹង 0 ប្រឆាំងនឹងការដាក់ឲ្យប្រើច្បាប់អាជ្ញាសឹក ហើយបានអំពាវនាវឲ្យប្រធានាធិបតី លុបចោលការបញ្ជា។
គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសប្រើច្បាប់អាជ្ញាសឹក បន្ទាប់ពីគណបក្សប្រឆាំង បានច្រានចោលសេចក្តីព្រាងច្បាប់ថវិកា ដែលស្នើឡើងរបស់រដ្ឋាភិបាល ដោយចោទបក្សប្រឆាំង ថាមានអាកប្បកិរិយាប្រឆាំងអំណាចរដ្ឋ និងគាំទ្រភាគីខាងកូរ៉េខាងជើង។ ប៉ុន្តែការប្រកាសប្រើច្បាប់អាជ្ញាសឹក របស់លោកយុន សឹក យឹល ប្រឈមមុខនឹងការប្រឆាំងពីគ្រប់ភាគី រួមទាំងលោក ហាន ដុង-ហ៊ូន (Han Dong-hoon) ប្រធានគណ បក្សអំណាចប្រជាជន (People Power Party) បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ការប្រកាសប្រើច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតី យុន សឹកយឹល គឺមិនត្រឹមត្រូវទេ ហើយគាត់និងបក្សរបស់គាត់ នឹងសហការគ្នាដើម្បីទប់ស្កាត់។
ទន្ទឹមនឹងនេះ លោក លី ចែម្យុង (Lee Jae-myung) មេដឹកនាំគណបក្សប្រជាធិបតេយ្យ (Democratic Party) ត្រូវបានលោកយុន សឹកយឹល ចោទប្រកាន់ថា មានអាកប្បកិរិយាប្រឆាំងរដ្ឋ ។ សមាជិសភា បានថ្កោលទោសការប្រកាសប្រើច្បាប់អាជ្ញាសឹក របស់ប្រធានាធិបតី ដែលខុសរដ្ឋធម្មនុញ្ញ និងជាអាកប្បកិរិយាប្រឆាំងនឹងសមូហភាព។
បន្ទាប់ពីលោកយុន សឹកយឹល ដកបញ្ជាប្រើច្បាប់អាជ្ញាសឹកវិញ សហរដ្ឋអាមេរិក ហាក់ធូរចិត្តវិញ ដោយសេតវិមាន បានប្រកាសជំហររបស់ខ្លួន គាំទ្រប្រធានាធិបតីកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋ អាមេរិក ដែលលុបចោលការប្រកាសប្រើច្បាប់អាជ្ញាសឹក ជាបន្ទាន់។
សេតវិមាន ធ្លាប់បាននិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នៅកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក ហើយមិនត្រូវបានជូនដំណឹងជាមុនអំពីការប្រកាសរបស់លោកប្រធានាធិបតី យុន សឹកយឹល ដែលថាក្រុមប្រឆាំង កំពុងគំរាមកំហែងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះ។ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ត្រូវបានគេរាយការណ៍ថា បានទទួលព័ត៌មានអំពីស្ថានភាពនៅក្នុងប្រទេសកូរ៉េខាងត្បូង អំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសអង់ហ្គោឡា ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់អនុតំបន់សាហារ៉ាអាហ្វ្រិក ក្នុងនាមជាប្រធានាធិបតី កាលពីថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០២៤។
ស្ថានទូតអាមេរិក នៅទីក្រុងសេអ៊ូល បាននិយាយថា ខ្លួនបានលុបចោលការណាត់ជួបភ្ញៀវ ជាប្រចាំ នៅថ្ងៃពុធ ទី០៤ ខែធ្នូ ជាការប្រុងប្រយ័ត្ន ទោះបីជាប្រធានាធិបតី យុន សឹកយឹល បានលុបចោលបញ្ជាឲ្យប្រើច្បាប់អាជ្ញាសឹកក៏ដោយ តែស្ថានការណ៍នៅតែអាចប្រែប្រួលបាន៕