ភ្នំពេញ៖លោកសយ រតនៈ គូដណ្ដឹងរបស់នាងប៉ាច គីមមួយ បាននិយាយដោយស្ទាក់ស្ទើចិត្តថានៅឆ្នាំ២០២៥ ខាងមុខនេះមង្គលការរបស់លោកនិងគូដណ្ដឹងនៅតែមិនអាចប្រាប់បានថាអាចធ្វើទៅបានតាមឬយ៉ាងណានោះទេ ព្រោះលោកមិនអាចប្រាប់មុនបាន។លោកបន្ថែមថាចាស់ទុំទាំងសងខាងចាំ តែស្របតាមកូនៗ តែរឿងនេះលោកមិនអាចនិយាយទុកមុនបានឡើយ ។

លោកសយ រតនៈ ប្រាប់«នគរធំ » តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៤ ធ្នូ ថា «រឿងរៀបការហ្នឹង ខ្ញុំមិនអាចនិយាយពេលហ្នឹងបានទេបង ថានៅឆ្នាំក្រោយពួកយើងធ្វើបានឬអត់ ? និយាយទៅអត់ចង់និយាយទយកមុន។ចំណែកក្រុមគ្រួសារទាំងសងខាង ពួកគាត់ចាំតែសម្រេចចិត្តតាមក្រោយកូនៗ»។

ក្រៅពីបន្ដលាក់បាំងរឿងរៀបការនោះលោកសយ រតនៈ និងប៉ាច គីមមួយ ដែលគេសង្ស័យថាពួកគេបានដើរចេញពីផលិតកម្មរស្មីហង្សមាសទៅហើយ ព្រោះថ្មីៗនេះគីមមួយ ចេញមកផលិតបទចម្រៀងដោយខ្លួនឯងនោះក៍លោករតនៈ ថាមិនទាន់អាចនិយាយរឿងនេះបានដែរ ដោយលោកថាចង់ឲ្យទស្សនិកជនតាមដានរឿងនេះទៅវិញ ។

លោកសយ រតនៈ បន្ថែមថាលោកមិនចង់និយាយជំនួសគូដណ្ដឹងទេ រឿងថាគាត់នៅច្រៀងឲ្យហង្សមាសទៀត ឬចាកចេញនោះ ខណៈដែលរូបលោកផ្ទាល់ក៍ដូចគ្នា ពោលគឺមិនទាន់អាចថាលោកច្រៀងនៅហង្សមាសទៀត ឬក៍ឈប់ដែរ ព្រោះគេអាចតាមដានលោកនិងគូណ្ដឹងបាន។ប៉ុន្ដែលោកថានៅរដូវក្ដៅនេះរូបលោកនិងគូដណ្ដឹងនៅតែមមាញឹកជាមួយការងារសិល្បៈដូចឆ្នាំមុនៗដែរ ដោយមានកម្មវិធីខ្លះគេជួលឲ្យច្រៀងទាំងពីរនាក់ ខ្លះហៅឲ្យច្រៀងម្នាក់ឯង ក៍មាន ធ្វើឲ្យលោកនិងគីមមួយ រវល់ដូចគ្នា ។

ទោះជាលោកសយ រតនៈ ព្យាយាមលាក់រឿងប៉ាច គីមមួយ ចាកចេញពីហង្សមាសក្ដី តែថ្មីៗនេះនាងគីមមួយ បានចេញបទ«នារី Full Option » ដែលផលិតខ្លួនឯងគឺMv នោះគ្មានជាប់ឡូហ្គោ របស់ហង្សមាសឡើយ ។តែគេឃើញនាងគីមមួយ នៅតែឡើងច្រៀងConcerts របស់ហង្សមាសដូចមុនដដែល ពោលគឺដូចគ្នានិងពេជ្រ សោភា ដែរ ។ ប៉ាច គីមមួយ អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី១ ច្រៀងឲ្យហង្សមាសជិត១០ឆ្នាំ និងមានកេរ្ដិ៍ឈ្មោះមធ្យម មានរូបសម្រស់គួរឲ្យទាក់ទាញបានភ្ជាប់ពាក្យជាមួយតារាចម្រៀងរួមទ្រនុំលោកសយ រតនៈ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ និងមានដំណឹងថាគ្រោងរៀបការតាំងពីឆ្នាំ២០២៣ ប៉ុន្ដែបានលុបចោលវិញ ហើយមិនកំណត់ថ្ងៃការច្បាស់លាស់ទេ ដែលបញ្ហានេះគេជឿថាព្រោះតែគីមមួយ និងរតនៈ ខ្លាចរៀបកាទៅលែងមានទីផ្សារសិល្បៈ ។ ប៉ុន្ដែគីមមួយ ថានាងចង់រៀបការឲ្យFan ភ្ញាក់ផ្អើល នោះគឺអត់ប្រកាសថ្ងៃការមុន តែដល់ថ្ងៃឃើញតែម្ដង។គូស្នេហ៍ស្រីស្រស់ប៉ះប្រុសរូបសង្ហារនេះបានរស់នៅក្រោមដំបូលផ្ទះតែមួយក្រោយក្លាយទៅជាគូដណ្ដឹងគ្នា ហើយអ្នកទាំងពីរសន្សំលុយទិញផ្ទះបង់រំលស់ និងមានរថយន្ដជិះយ៉ាងកាលីពផងដែរ ។យ៉ាងណាក្នុងជំនួបតាមទូរស័ព្ទលើកមុនលោករតនៈ ថាទោះជាពេលនេះរូបលោកនិងគីមមួយ រស់នៅជាប្ដីប្រពន្ធនិងគ្នាទៅហើយក្ដី តែលោកគ្មានផែនការណ៍យកកូនមុនរៀបការឡើយ ពោលគឺចង់បានកូនក្រោយរៀបអាពាហ៍ ពិពាហ៍ ៕



