ប្រទេសប៉ារ៉ាហ្គាយ ៖ អង្គការយូណេស្កូ បានសម្រេចចុះបញ្ជី «តុំយ៉ាំបង្កង» (ស្ងោរជ្រក់បង្កង) ជាបេតិក ភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ តាមសំណើរបស់ប្រទេសថៃ។

តាមប្រភពអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ យូណេស្កូ (UNESCO) បានឲ្យដឹងថា អង្គការនេះ បានចុះបញ្ជី«តុំយ៉ាំបង្កង» (ស្ងោរជ្រក់បង្កង) ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ តាមសំណើរបស់ប្រទេសថៃ ក្នុងសម័យប្រជុំលើកទី ១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបី នៃអង្គការ យូណេស្កូ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាស៊ុនស្យុង (Asuncion) សាធារណរដ្ឋប៉ារ៉ាហ្គាយ ឬត្រូវនឹងនៅថ្ងៃទី០៤ ខែធ្នូ វេលាម៉ោង ២និង១០នាទីទៀបភ្លឺ ម៉ោងនៅប្រទេសកម្ពុជា ។តាមព័ត៌មាននៅលើគេហទំព័រ UNESCO បានពណ៌នាអំពីតុំយ៉ាំបង្កង ដូចជា ៖ វាជាអាហារប្រពៃណីរបស់ប្រ ទេសថៃ បង្កង ត្រូវបានស្ងោរជាមួយគ្រឿងទេសតាមតំបន់ ស៊ុបមានក្លិនក្រអូប និងពណ៌ស្រស់ ហើយអាចផ្សំរសជាតិជាច្រើន ដូចជា ផ្អែម ជូរ ហឹរ ប្រៃ និងល្វីងបន្តិច។ ម្ហូបនេះ ត្រូវបានគេជឿថាជួយលើកកម្ពស់ថាម ពល និងសុខភាពល្អ។ ជាពិសេសក្នុងរដូវភ្លៀងធ្លាក់។

កញ្ញា សុដាវណ្ណ វ័ងសុភក្តិកុសល រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ បានមានប្រសាសន៍ថា ក្នុងការស្នើសុំដាក់បញ្ចូល «តុំយ៉ាំបបង្កង» ជាសម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូ នេះ គណៈរដ្ឋមន្ត្រី បានអនុម័តសេចក្តីសម្រេចមួយ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ដោយអនុម័តសំណើនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ ស្នើសុំចុះបញ្ជី “តុំយ៉ាំបង្កង” (Tomyum Kung) ជាវត្ថុតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ក្រោមអនុសញ្ញារបស់អង្គការយូណេស្កូ សម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី ឆ្នាំ២០០៣ បន្ទាប់ពី “តុំយ៉ាំបង្កង” នេះ ត្រូវបានប្រកាសជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ ក្នុងឆ្នាំ២០១១៕