ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ បើករថយន្តទំនើប ១គ្រឿង ដោយខ្វះការប្រុងប្រយ័ត្ន ដល់ផ្លូវបំបែកជាបួន បានជ្រុលទៅបុកម៉ូតូ ១គ្រឿង ដែលជិះដោយនារីម្នាក់ បណ្តាលឱ្យដួលរងរបួស និងខូចខាតម៉ូតូ។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ១១និង២០នាទីយប់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ នៅជិតវិទ្យាល័យទួលទំពូង ផ្លូវ១៥៥ កែងផ្លូវ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីម្នាក់បើកម៉ូតូ ១គ្រឿង ម៉ាកហុងដា ប៊ីត ពណ៌ស លាយផ្កាឈូក ពាក់ស្លាកលេខ កណ្តាល 1AJ-7272 ធ្វើដំណើរតាមបណ្តោយផ្លូវ១៥៥ ទិសដៅពីត្បូង ទៅជើង ខណៈមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន ស្រាប់តែមាននារីវ័យក្មេងម្នាក់ទៀត បានបើករថយន្តម៉ាក Lexus LX-570 Kuro ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BI-1118 បើកធ្វើដំណើរតាមបណ្តោយផ្លូវ៤៣២ ទិសដៅពីលិច ទៅកើត ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកម៉ូតូ បណ្តាលឱ្យដួលខ្ទាត របួសរលាត់ដៃជើង និងរងការខូចខាតម៉ូតូ។ ដោយឡែកខាងរថយន្ត រងការខូចខាតផ្នែកខាងមុខតិចតួច តែមិនគ្រោះថ្នាក់ដល់មនុស្សដែលជិះក្នុងរថយន្តនោះទេ។
ក្រោយកើតហេតុ មានតំណាងភាគីទាំងសងខាង បានសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តព្រមសង សំណងទៅខាងម៉ូតូ ចំនួន ៣០០ដុល្លារ ដើម្បីបញ្ចប់រឿង៕