ខេត្តកំពង់ធំ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគាស់ផ្ទះចាប់ហួយ ១កន្លែង ដោយប្រមូលយកបានមាសប្រមាណជាង ១តម្លឹង ព្យាយាមរត់គេចខ្លួនអស់រយៈពេលជាង ១០ម៉ោង ក៏ត្រូវកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។
ករណីគាស់ផ្ទះនេះ បានកើតលើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិគោកងួន ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ។ រហូតមកដល់វេលាម៉ោង ៤និង១០នាទីរសៀល ថ្ងៃដដែល សមត្ថកិច្ចជំនាញបានបើកការស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអៀង ប៉េងអឺ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិគោកងួន ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ។
លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោង ៣និង៣០នាទី ទៀបភ្លឺ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ចបានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះលី សុភ័គ្គត្រា ភេទស្រី រស់នៅភូមិគោកងួន ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថាមានករណីលួចមានស្ថានទម្ងន់ទោស (ដោយការគាស់ទម្លុះទម្លាយ)។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត កម្លាំងនគរបាលស្រុកកំពង់ស្វាយ ដឹកនាំដោយលោកវរសេនីយ៍ទោ កែ កញ្ចនា អធិការនគរបាលស្រុក ប្រើប្រាស់វិធានការជំនាញ ឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះអៀង ប៉េងអឺ នៅវេលាម៉ោង ៤និង១០នាទីរសៀល ថ្ងៃដដែល។ ជាមួយនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ខ្សែក ១ខ្សែ ទម្ងន់៥ជី ខ្សែដៃ ១ខ្សែ ទម្ងន់៥ជី ចិញ្ជៀន ១វង់ ទម្ងន់២ជី ទូរស័ព្ទ ១គ្រឿង បារី ចំនួន២សុង និងសាំង ១៥លីត្រ។ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕